website_news:2017051206

អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរ១១នាក់ដែលលបលួចនាំឈើគ្រញូង

http://www.rasmeinews.com/ December 5, 2017

(ប្រទេសថៃ)៖អាជ្ញាធរថៃបានឃាត់ខ្លួនពលករខ្មែរចំនួន១១នាក់នៅក្នុងទឹកដីខេត្តនគររាជសីមាក្រោយពីពួកគេទាំងអស់គ្នាលបលួចស្ពាយឈើគ្រញូងចេញពីក្នុងតំបន់ឧទ្យានជាតិដែលជាតំបន់ហាមឃាត់របស់ប្រទេសថៃ។ ការឃាត់ខ្លួននេះ ត្រូវបានភាគីថៃ ដែលមានកម្លាំងតម្រួត និងក្រុមអភិរក្សព្រៃឈើថៃ ធ្វើឡើងកាលពីយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងឧទ្យានជាតិ ថាប់ឡាន ស្ថិតក្នុងស្រុកខនបុរីខេត្តនគររាជសីមា។

ប្រភពព័ត៌មានបានឱ្យដឹងថាប្រតិបត្តិការឃាត់ខ្លួនពលករខ្មែរចំនួន១១នាក់ នៅក្នុងទឹកដីខេត្តនគររាជសីមាប្រទេសថៃនោះ គឺកម្លាំងចម្រុះបានដកហូតនូវវត្ថុតាងមួយចំនួន ដូចជា រណាយន្ត ១គ្រឿង និងឈើគ្រញូងចំនួន ១៤ផ្ទាំង ដែលមានតម្លៃសរុបប្រមាណជាង ១សែនបាត។ក្នុងនោះ ព្រមទាំងបាននាំខ្លួនយកទៅកាន់រដ្ឋបាលព្រៃឈើ នៅក្នុងស្រុកខនបុរី ដើម្បីធ្វើការសាកសួរបន្ដ។

នៅចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថា ពួកគេទាំងអស់គ្នាមានចំនួនប្រមាណជិត ៩០នាក់ ត្រូវបានជនជាតិខ្មែរ និងថៃ នាំឆ្លងដែន និងធ្វើដំណើរចូលទៅក្នុងតំបន់ឧទ្យានជាតិនេះ ប្រហែលជាង ១សប្តាហ៍ មកហើយ។ ដើម្បីធ្វើសកម្មភាពកាត់ឈើគ្រញូង និងទទួលបានប្រាក់កម្រៃមកវិញ ប៉ុន្តែក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានជាបន្ដបន្ទាប់។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញថៃ កំពុងធ្វើការស៊ើបរកមេខ្លោងដែលនៅពីក្រោយខ្នងពួកគេ ហើយគេក៏ចង់ដឹងដែរថា តើក្រុមនេះ មានការពាក់ព័ន្ធជាមួយនឹងក្រុមជាង ៧០នាក់ ដែលទើបនឹងចាប់ខ្លួនបាន កាលពីពេលថ្មីៗ កន្លងទៅនោះដែរឬទេ?៕S/

website_news/2017051206.txt · Last modified: 2017/12/05 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki