website_news:2017051209

អ្នកទោសជនជាតិអាមេរិកកាំងម្នាក់សុំតុលាការកំពូលបន្ថយទោស

http://www.postkhmer.com/ Tue, 5 December 2017 គឹម សារុំ

ភ្នំពេញៈ បុរសជនជាតិអាមេរិកកាំងម្នាក់កាលពីម្សិលមិញបានស្នើសុំតុលាការកំពូលឲ្យបន្ថយទោសដល់ខ្លួនក្នុងបណ្តឹងសុំស្រូបទោសពាក់ព័ន្ធបទចោទទិញពេស្យាចារកុមារ, រួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ ឆ្នាំ និងរក្សាទុកគ្រឿងញៀនកាលពីឆ្នាំ ២០១១ ដែលត្រូវបានតុលាការថ្នាក់ក្រោមផ្ដន្ទាទោសដាក់គុក ១០ ឆ្នាំ។ នៅក្នុងអង្គសវនាការដែលមានសមាសភាពចៅក្រម ៥ រូបនោះលោកចៅក្រម ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងថាសំណុំរឿងនេះមានជនជាប់ចោទឈ្មោះ James Allan-Morrow ហើយជនជាប់ចោទប្តឹងសារទុក្ខមកតុលាការកំពូលគឺសុំស្រូបទោស។ ទោះយ៉ាងណាលោកថ្លែងប្រាប់មេធាវីរបស់ជនជាប់ចោទថា៖ «សំណុំរឿងនេះតុលាការមិនអាចជំនុំជម្រះបានទេព្រោះជាគោលការណ៍កាលណាជនជាប់ចោទប្តឹងសុំស្រូបទោសបានលុះណាជនជាប់ចោទមានសាលដីកាស្ថាពរលើសពីមួយហើយច្បាប់កំណត់យកទោសណាខ្ពស់ជាងគេ។ ប៉ុន្តែតុលាការពិនិត្យទៅឃើញថាជនជាប់ចោទមានសាលដីកាតែមួយប៉ុណ្ណោះដូច្នេះមិនអាចជំនុំជម្រះតាមនីតិវិធីបានទេ»។

លោកស្រី ពឹង យុហៀប មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទបានប្រាប់ចៅក្រមថាកូនក្តីលោកស្រីត្រូវតុលាការថ្នាក់ក្រោមចោទក្នុង ៣ បទចោទគឺ «ទិញពេស្យាចារកុមារ, រួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ ឆ្នាំ និងរក្សាទុកគ្រឿងញៀនខុសច្បាប់»។ ក្នុងបទចោទនេះតុលាការថ្នាក់ក្រោមផ្តន្ទាទោសកូនក្តីលោកស្រីចំនួន ១០ ឆ្នាំ។ លោកស្រីថា៖ «ខ្ញុំធ្វើតាមការស្នើរបស់គាត់ទៅព្រោះគាត់អង្វរខ្ញុំដោយសារគាត់ចង់ចេញទៅជួបជុំម្តាយចាស់ជរារបស់គាត់ និងប្រពន្ធកូនគាត់ហើយគាត់ជាប់គុកបាន ៧ ឆ្នាំហើយ»។ ក្រោយពីការជជែកពិភាក្សាគ្នាមកលោកចៅក្រម ឃឹម ប៉ុណ្ណ ថ្លែងថាសាលដីកាដែលនឹងសម្រេចថាយ៉ាងណានោះនឹងប្រកាសនៅថ្ងៃទី ១១ ខែធ្នូខាងមុខ។

តាមអង្គហេតុលោក JamesAllanMorrow ត្រូវនគរបាលប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួនកាលពីថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០១១ នៅសង្កាត់ផ្សារថ្មីទី ៣ ខណ្ឌដូនពេញដោយជនជាប់ចោទបានទាក់ទងនារីម្នាក់ឲ្យនាំក្មេងស្រីម្នាក់អាយុ ១២ ឆ្នាំមកឱ្យខ្លួន។ សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់គុក ១០ ឆ្នាំចោទពីបទ «ទិញពេស្យាចារកុមារ,រួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ ឆ្នាំនិងរក្សាទុកគ្រឿងញៀនខុសច្បាប់» និងបង្គាប់ឲ្យសងជំងឺចិត្តទៅកុមារីរងគ្រោះ ១០ លានរៀលរួមពិន័យប្រាក់ ៥ លានរៀលចូលថវិការដ្ឋផង៕

website_news/2017051209.txt · Last modified: 2017/12/05 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki