website_news:2017060303

ក្មេងស្រីមើលថែកូនឱ្យគេបានក្លាយជាទាសករផ្លូវភេទ

https://kohsantepheapdaily.com.kh ៖ យន់ ស៊ីថា ថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១០:៥៥

រាជធានីភ្នំពេញ ៖ មជ្ឈដ្ឋាននានាបានចាប់អារម្មណ៏យ៉ាងខ្លាំងនិងបានស្នើរសុំឲ្យតុលាការផ្តន្ទាទោសទៅលើបុរសអ្នកលក់ត្រីម្នាក់ដែលបានជួលក្មេងស្រីម្នាក់តាំងពីនាងទើបមានអាយុ១២ឆ្នាំឲ្យទៅមើលថែកូនរបស់ខ្លួន ហើយក្រោយពេលដែលនាងរស់នៅជាមួយបានមួយរយៈពេលមានអាយុ១៤ឆ្នាំក៏ត្រូវបានជននោះឲ្យធ្វើជាទាសករផ្លូវភេទរបស់ខ្លួនទៅវិញ ដោយបានចាប់រំលោភសេពសន្ធវៈបានសម្រេចចំនួន២ដង ។ ហើយចុងក្រោយនេះគឺនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ជននោះបានធ្វើសកម្មភាពចាប់ឱបថើប និងច្របាច់សុដននាងរំលោភនាងទៀត ប៉ុន្តែមិនបានសម្រេចត្រូវបែកការណ៏ដោយប្រពន្ធទៅទាន់ ។ បន្ទាប់មកជននោះបានវាយទាត់ធាក់ និងបណ្ដេញនាងចេញពីផ្ទះ ទើបនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នាងនិងក្រុមគ្រួសារបានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍កំបូលជួយអន្តរាគមន៏ឃាត់ខ្លួនជនល្មោភកាមម្នាក់នោះ ។

ក្រៅពីសំណូមពរឲ្យតុលាការចាត់ការតាមច្បាប់មជ្ឈដ្ឋានខាងលើក៏បានស្នើរសុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយជួយតាមដាន និងពិនិត្យមើលសំណុំរឿងមួយនេះផង ព្រោះខ្លាចជននោះរួចខ្លួនចេញពីសំណាញ់ច្បាប់ព្រោះពេលនេះបានអុកឡុកកន្លែងនគរបាលហើយក្រុមគ្រួសាររបស់គេបានអះអាងថា ជាមនុស្សសសៃប្រសាទ និងស្នើរសុំយកទៅព្យាបាល ប៉ុន្តែភ្លាមៗនោះនគរបាលមិនទាន់យល់ព្រមនៅឡើយទេ ព្រោះតែគេមានការបារម្ភខ្លាចពេលស្ងាត់បន្តិចនគរបាលយល់ព្រម ព្រោះមិនដឹងថាជននោះសសៃប្រសាទមែនឬគ្រាន់តែជាការសម្ដែងដើម្បីយករួចខ្លួននោះឡើយ ។

ជនសង្ស័យឈ្មោះ យី សំអាត អាយុ៣៤ឆ្នាំ ជាអ្នកលក់ត្រី ស្នាក់នៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌ ពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងភូមិត្រពាំងចៅ ឃុំរៀមអណ្តើក ស្រុកគីរីវង្ស ខេត្តតាកែវ ។ ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំ ជាអ្នកមើលកូនឲ្យជនល្មោភកាមខាងលើមានស្រុកកំណើតនៅខេត្តតាកែវ ។ ក្រោយពេលចាប់ខ្លួនបញ្ជូនដល់ផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យនគរបាលមិនបានអនុញ្ញាតឲ្យថតរូបជននោះឡើយដែលមិនដឹងថា មានមូលហេតុអ្វីនោះទេទើបនគរបាលជួយបិទបាំងពីទង្វើរអាក្រក់របស់ជននោះ ដែលបានរំលោភបំពានលើអនិតិជននោះឡើយ ។ តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា ក្មេងស្រីរងគ្រោះជាក្មេងកំព្រាម្នាក់បានរស់នៅក្នុងគ្រួសា ទីទ័លក្រស្ថិតក្រោមការគ្រប់គ្រងរបស់សាច់ញាតិ ហើយកាលពីអំឡុងឆ្នាំ២០១២ ខណៈពេលដែលនាងទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះត្រូវបានជនល្មោភកាមឈ្មោះ យី សំអាត ដែលជាអ្នកលក់ត្រី ទៅសុំយកនាងពីអាណាព្យាបាលដល់ខេត្តតាកែវដើម្បីឲ្យជួយមើលថែកូនរបស់ខ្លួនជាថ្នូរ និងប្រាក់ឈ្នូល ។ ពេលនោះខាងអាណាព្យាបាលរបស់នាងបានយល់ព្រមឲ្យនាងមកផ្ទះជននោះនាងស្នាក់នៅផ្ទះជននោះគ្មានសេចក្ដីសុខនោះឡើយ គឺបានក្លាយទៅជាទាសករផ្លូវភេទរបស់ជននោះដោយជននោះបានចាប់នាងឱបថើប និងច្របាច់សុដនប៉ុនប៉ងរំលោភជាបន្តបន្ទាប់ ។

រហូតដល់អំឡុងឆ្នាំ២០១៤ជននោះបានចាប់រំលោភបានសម្រេចម្ដង ហើយនាងមិនហ៊ានប្រាប់នរណាឲ្យដឹងនោះទេ ព្រោះខ្លាចជននោះសម្លាប់ចោលក្រោយមកជននោះតែងបានចាប់ឱបថើបរហូត លុះដល់ក្នុងឆ្នាំ២០១៥ជននោះរំលោភនាងបានសម្រេចម្ដងទៀតហើយនាងនៅតែអត់ហ៊ាននិយាយដដែលទោះជាទទួលរងទារុណកម្មរំលោភ និងប៉ុនប៉ងរំលោភជាបន្តបន្ទាប់ក្ដី រហូតដល់លើកចុងក្រោយនៅវេលាយប់ថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៧ ជននោះបានចាប់នាងរំលោភទៀត ប៉ុន្តែមិនបានសម្រេចត្រូវប្រពន្ធទៅទាន់ទើបជននោះលែងនាង និងបានវាយទាត់ធាក់នាងព្រមទាំងបណ្ដេញនាងចេញពីផ្ទះថែមទៀត ។ ប្រភពដដែលបានបន្តថា ខណៈនោះនាងបានចាកចេញទាំងយប់ទៅសុំផ្ទះអ្នកជិតខាងស្នាក់នៅលុះព្រឹកឡើងទើបនាងបន្តដំណើរទៅផ្ទះឪពុកមារនៅភ្នំពេញហើយឪពុកមារបាននាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍កំបូលហើយនគរបាលក៏បានទៅធ្វើការចាប់ខ្លួនជននោះនាំទៅសាកសួរនិងបញ្ជូនបន្តទៅកាន់ផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរបន្តហើយជននោះបានចេញសំណង១ម៉ឺនដុល្លារ ថ្លៃព្រហ្មចារីយ៏ទៅឲ្យខាងភាគីនាងរងគ្រោះ ។ ម្យ៉ាងទៀតតើមនុស្សសសៃប្រសាទអីចេះចាប់រំលោភបែបនេះ មិនតែប៉ុណ្ណោះរកស៊ីលក់ត្រីយ៉ាងពេញបន្ទុកថែមទៀតដូច្នេះនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យក៏ដូចជាតុលាការមិនត្រូវដោះលែងជនដែលរំលោភអនិតិជនបែបនេះឡើយត្រូវផ្ដន្ទាទោសទៅតាមច្បាប់ហើយក៏ស្នើរសុំទៅអង្គភាពប្រឆាំអំពើពុករលួយមេត្តាជួយតាមដាន និងពិនិត្យមើលលើសំណុំរឿងមួយនេះផង ក្រែងស្ងាត់ៗរួចបាត់ ៕

website_news/2017060303.txt · Last modified: 2017/03/07 07:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki