website_news:2017060308

ភាគីថៃបញ្ជូនពលករខ្មែរអត់ច្បាប់ជាង៧០០នាក់ បន្ថែមទៀត តាមច្រកអន្តរជាតិដូង

http://police.gov.kh/blog 12:14 pm 4 មីនា 2017 201

បាត់ដំបង ៖ ពលករខ្មែរដែលទៅធ្វើការនៅក្នុងប្រទេសថៃប្រមាណជាង៧០០នាក់ ត្រូវបានភាគីថៃធ្វើការដឹកបញ្ជូនអោយវិលត្រឡប់មកកាន់ស្រុកកំណើតវិញ ដោយមិនដាក់ទោសទណ្ឌអ្វីឡើយ បន្ទាប់ពីពួកគេបានលបលួចឆ្លងដែនខុសច្បាប់ ចូលទៅធ្វើការនៅក្នុងទឹកដីថៃ ដោយគ្មានច្បាប់អនុញ្ញាតអោយបានត្រឹមត្រូវ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀងខេត្តបាត់ដំបង ភាគីថៃបានបញ្ជូន ពលករខ្មែរដែលលបចូលទៅធ្វើការនៅក្នុងទឹកដីថៃ គ្មានច្បាប់អនុញ្ញាតសរុបមានចំនួន ៥៣៣នាក់ ក្នុងនោះស្រីមានចំនួន ១៧៥នាក់ ។ របាយការណ៍បានបន្ថែមថា លុះនៅវេលាម៉ោង១០ និង៤៥ នាទី ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ភាគីថៃ បានដឹកបញ្ជូនពលករខ្មែរខុសច្បាប់អោយវិលត្រឡប់មកកម្ពុជា តាមច្រកអន្រជាតិដូងបន្ថែម ទៀតសរុបមានចំនួន ២៥៨នាក់ ក្នុងនោះស្រីមានចំនួន ៨៥នាក់។

គួរបញ្ជាក់ដែរថា កាលពីវេលាម៉ោង ៤ និង ២០ នាទី ថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៧ ភាគីថៃ បានបញ្ជូនពលករខ្មែរដែលលបចូលទៅធ្វើការខុសច្បាប់តាមច្រករបៀងនានា នៃខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ អោយវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ តាមច្រកអន្តរជាតិដូង ក្នុងទឹកដី ស្រុកកំរៀង ខេត្តបាត់ដំបងនេះដែរ ដែលមានចំនួនសរុបគឺ ៥១៧នាក់ ក្នុងនោះស្រីមាន ចំនួន ២២៩នាក់ និងអនីតិជនមានចំនួន ៣៩នាក់ ។ដែលសបញ្ជាក់អោយឃើញថា នៅក្នុងរយៈពេលនៃ ដើមខែមីនានេះ ពលករខ្មែរដែលលបចូលទៅធ្វើការក្នុងទឹកដីថៃដោយគ្មានច្បាប់អនុញ្ញាតមានចំនួនជាង១ពាន់នាក់ហើយ ដែលត្រូវបានភាគីថៃបញ្ជូនអោយវិលមកកម្ពុជាវិញតាមច្រកអន្តរជាតិដូង។

មន្ត្រីនគរបាលប្រចាំច្រកមួយចំនួនបាននិយាយថា ក្រុមពលករដែលគ្មានច្បាប់ ត្រឹមត្រូវនេះគឺសុទ្ធតែ លបលួចចូលតាមច្រករបៀងទាំងអស់ ក្នុងគោលបំនងទៅសំងំលាក់ខ្លួនធ្វើការនៅក្នុងទឹកដីថៃ បើទោះជារដ្ឋាភិបាលបានអំពាវនាវអោយពលករទាំងអស់ រៀបចំច្បាប់អោយបានត្រឹមត្រូវមុនពេលធ្វើដំណើរទៅធ្វើការនៅក្នុងប្រទេសថៃយ៉ាងណាក៏ដោយហើយមួយចំនួនក៏អាចចាញ់ល្បិចឆបោកពីសំណាក់មេខ្យល់ផងដែរ ។

នៅពេលនោះដែរ សមត្ថកិច្ចកម្ពុជា បានធ្វើការអប់រំ ណែនាំដល់ក្រុមពលករទាំងអស់ ធ្វើយ៉ាងណា ត្រូវបំពេញបែបបទអោយបានត្រឹមត្រូវ ដើម្បីសុវត្ថិភាពពេលទៅបំពេញការងារនៅក្នុងប្រទេសថៃ ទើបអោយពលករទាំងអស់ធ្វើដំណើរទៅតាមខេត្តរៀងៗខ្លួនវិញ ៕

website_news/2017060308.txt · Last modified: 2017/08/24 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki