website_news:2017060401

រដ្ឋមន្ត្រីក្រសួងការងារ៖ ការជួយសង្គ្រោះ ពលករ-ពលការិនី ពីម៉ាឡេស៊ី មិនមានចំនួនច្រើន

http://dap-news.com/kh ព្រហស្បតិ៍, 06 មេសា ២០១៧ 12:16 ដោយ: ស សំណាង ID:102

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថាការ ជួយសង្គ្រោះពលករ-ពលការិនី ពីប្រទេសម៉ាឡេស៊ី មិនទាន់ច្រើននោះទេ ខណៈពលករ ដែលកំពុងធ្វើការ នៅទីនោះ មានប្រមាណជា ៥ម៉ឺននាក់។

ការលើកឡើង របស់ប្រមុខដឹកនំា ក្រសួងការងារនេះ ខណៈដែលក្រសួងការបទេស និងកិច្ចសហ ប្រតិបតិ្តការអន្តរជាតិខ្មែរ កំពុងតែខិតខំ ជួយពលករនៅក្រៅប្រទេស តាមរយៈឯកអគ្គរដ្ឋទូត ប្រចាំនៅទីនោះ ជាបន្តបន្ទាប់។ ក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែមេសា ក្រោយសិក្ខាសាលាត្រីភាគី ពិនិត្យឡើងវិញប្រចាំឆ្នាំ លើកម្មវិធីការងារ សមរម្យប្រចាំឆ្នាំឆ្នាំ ២០១៦-២០១៨ នាសណ្ឋាគារភ្នំពេញ លោក អ៊ិត សំហេង បានបញ្ជាក់ថា «ខ្ញុំគិតថា ចំនួននេះមិនច្រើនទេ ព្រោះថា ពលករនៅប្រទេសម៉ាឡេស៊ី មានរហូតដល់ ៥ម៉ឺននាក់ ហើយការសង្គ្រោះ ម្តងម្នាក់ ឬពីរនាក់នោះ។ ប៉ុន្តែយើងនៅតែ យកចិត្តទុកដាក់ ដើម្បីបង្ហាញថា យើងនៅតែជួយសង្គ្រោះ ពីការរំលោភបំពាន» ។ លោករដ្ឋមន្ត្រី បានឲ្យដឹងថា រដ្ឋាភិបាលប្រទេសទំាងពីរ (កម្ពុជា ម៉ាឡេស៊ី) បានចុះអនុស្សារណៈ ជាមួយគ្នា លើការងារចំនួនពីរ គឺការងារទូទៅ និងការធ្វើការងារតាមផ្ទះ ។

លោកគូសបញ្ជាក់ថា« ឥឡូវនេះកំពុងតែ ធ្វើផ្នែកបច្ចេកទេស ហើយលក្ខណៈបច្ចេកទេស យើងនិងឈានដល់ បង្កើតប្រព័ន្ធ មួយសម្រាប់គ្រប់គ្រងពលករ តំាងពីការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និងការធ្វើការងារ តាមប្រព័ន្ធដែលគេហៅថា អេឡិចត្រូនិច។ ជាងនេះ អាចបង្កើតឲ្យមានប្រព័ន្ធទំនាក់ទំនងរវាងពលករ មកស្ថាប័ន ក្រសួងការងារកម្ពុជា និងក្រសួងការងារម៉ាឡេស៊ី ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ »។

សម្រាប់ប្រព័ន្ធដែលរដ្ឋាភិបាល នឹងសម្រេចអាច ជួយសង្គ្រោះដល់ពលករ ដែលមានបញ្ហា ទាន់ពេលវេលា ភ្លាមៗ ។ ជាងនេះក្នុងករណី ប្រសិនបើពលករ ដែលទៅធ្វើការ ហើយមិនចង់បន្ត ឬចង់ត្រឡប់មកវិញ ភ្លាមក៏អាច ជួយបានដែរ ។ លោកសង្កត់ធ្ងន់ថា «អីចឹងប្រព័ន្ធថ្មីនេះ រដ្ឋាភិបាលទំាងពីរ បានខិតខំប្រឹងប្រែងណាស់ ទំាង កម្ពុជានិងម៉ាឡេស៊ី ដើម្បីធ្វើយ៉ាងណា ផ្តល់សុវត្ថិភាពកាន់តែល្អ បន្ថែមទៀតដល់ ពលករយើង»។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែមេសា ស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី បានអន្តរាគមន៍ជួយសង្គ្រោះ ពលករ-ពលការិនីខ្មែរ បានចំនួន១៣នាក់ ៕

website_news/2017060401.txt · Last modified: 2017/04/06 17:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki