website_news:2017060402

ថៃអនុញ្ញាតិឲ្យពលករខ្មែរស្របច្បាប់អាចត្រឡប់មកលេងស្រុកកំណើតនិងត្រឡប់ទៅវិញដោយមិនបាច់បង់ប្រាក់

http://www.rasmeinews.com/local ដោយ ៖វិបុល ថ្ងៃទី 6 មេសា 2017 ម៉ោង 10:19:AM

(បន្ទាយមានជ័យ) ៖ គណៈរដ្ឋមន្ត្រីថៃ តាមរយៈក្រសួងការងារ បានចេញសេចក្តីសម្រេចអនុញ្ញាតឲ្យពលករអូសរទេះស្របច្បាប់ទាំងអស់ អាចវិលត្រឡប់មកចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងអាចឈប់ សម្រាកចាប់ពីថ្ងៃនេះ រហូតដល់ទី៣០ ខែមេសា ឆ្នាំ២០១៧ ដោយមិនចាំបាច់បង់ប្រាក់ឡើយ។

យោងតាមរបាយការណ៍ របស់អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ លេខ៣១៧/១៧/កស៊.សក ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ គណៈរដ្ឋមន្ត្រីថៃ បានចេញសេចក្តីសម្រេច ដោយអនុញ្ញាតឲ្យពលករបរទេសមានដូចជាកម្ពុជា ឡាវ និងភូមា ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ដោយស្របច្បាប់អាចធ្វើដំណើរវិលត្រឡប់ទៅចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួន ចាប់ពីថ្ងៃទី៥ រហូតដល់ទី៣០ ខែមេសា ឆ្នាំ២០១៧ ដោយមិនចាំបាច់ចំណាយថវិការធ្វើទិដ្ឋាការវិលត្រឡប់ចូលប្រទេសថៃវិញ ឬហៅថា Re-entry Visa និងថ្លៃសេវាផ្សេងៗឡើយ។ ក្នុងសេចក្តីសម្រេចនោះក្រសួងការងារថៃបានចេញគោលការណ៍ណែនាំអំពីលក្ខខណ្ឌក្នុងកាវិលត្រឡប់មកចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួន។

ចំណែកកម្ពុជា និងកូនៗនៅក្នុងបន្ទុក ដែលមានអាយុក្រោម១៨ឆ្នាំ កាន់លិខិតឆ្លងដែន ឬឯកសារមានតម្លៃស្មើលិខិតឆ្លងដែន និងមានទិដ្ឋាការប្រភេទ NON-LA នៅមានសុពលភាព អាចអនុត្តដូចសេចក្តីសម្រេចខាងលើ ប៉ុន្តែករណីបងប្អូនពលករណាមានបំណងវិលត្រឡប់ចូលប្រទេសថៃវិញ ក្រោយថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ គឺចាំបាច់ត្រូវស្នើរសុំ Re-entry Visa ពីតម្រួតអន្តោប្រវេសន៍ថៃក្នុងខេត្ត ដែលបងប្អូនស្នាក់នៅ និងធ្វើការជាមុនសិន មុននឹងចេញដំណើរ។

រីឯពលករ និងកូននៅក្នុងបន្ទុកអាយុក្រោម១៨ឆ្នាំ កាន់ប័ណ្ណពណ៌ស៊ីជម្ពូរ មិនទាន់អស់សុពលភាពអាចអនុត្តដូចសេចក្តីសម្រេចខាងលើ ប៉ុន្តែមុនពេលចាកចេញតម្រូវឲ្យ បងប្អូនពិភាក្សាជាមួយថៅកែ បំពេញឯកសារស្នើសុំចេញចូលដែលចេញដោយមន្ទីរការងារនៃខេត្ត ក្នុងតំបន់ពួកគាត់ស្នាក់នៅធ្វើការ។ អ្នកកាន់ប័ណ្ណពណ៌ស៊ីជម្ពូរ ចាំបាច់ត្រូវវិលត្រឡប់ចូលប្រទេសថៃធ្វើការវិញ ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ ជាកំហិត បើពុំដូច្នេះទេ ប័ណ្ណពណ៌ស៊ីជម្ពូររបស់ពួកគាត់នឹងត្រូវអស់សុពលភាព ។ ពលករដែលកាន់ប័ណ្ណព្រំដែន ឬមានទិដ្ឋាការអនុញ្ញាតឲ្យធ្វើការរយៈពេលបីខែអាចពិភាក្សាជាមួយថៅកែដោយផ្ទាល់អំពីការវិលត្រឡប់មកពីការចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ បើពលករឆ្លងដែន ចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិមួយណា ត្រូវឆ្លងដែនចូលប្រទេសថៃវិញតាមច្រកព្រំដែនអន្តរជាតិនោះវិញ ។

ជាមួយគ្នានេះ លោក វួច អូន ប្រធានគណៈកម្មាធិការច្រកទ្វារអន្តជាតិប៉ោយប៉ែត បានឲ្យដឹងដែរថា ការធ្វើរបៀបនេះ គឺដើម្បីចៀសវាងការចេញចូលកម្ពុជា-ថៃរបស់ពលករខ្មែរតាមច្រករបៀងខុសច្បាប់ និងដើម្បីចៀសវាងការខាតបង់ប្រាក់ផងដែរ៕

គួរបញ្ចាក់ថា ពលករខ្មែរខុសច្បាប់ ដែលត្រូវអាជ្ញាធរថៃ ចាប់បញ្ជូនមក តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងរយៈពេលបីខែ ចាប់ពីខែមករា ដល់ខែមីនា ដើមឆ្នាំ២០១៧ មានចំនួនសរុប១៨.៤៩១នាក់ ក្នុងនោះស្រី ៦.៤៥៨នាក់ កុមារ១.៨៩៦នាក់

website_news/2017060402.txt · Last modified: 2017/08/24 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki