website_news:2017060403

សមត្ថកិច្ចច្រក ទ្វារដូង រងការចោទថា យកលុយពី ពលករខ្មែរ ទៅធ្វើការនៅថៃ ចាប់ពី៣០០ ទៅ៥០០បាត ជាថ្នូរឲ្យចូលស្រុកវិញ

http://dap-news.com/kh ព្រហស្បតិ៍, 06 មេសា ២០១៧ 09:29 ដោយ: បាន សុខរិទ្ធិ ID:11

ភ្នំពេញ ៖ កម្លាំងការពារព្រំដែន ដែលចាំយាមនៅ មាត់ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់នឹងប្រទេសថៃ បានរងការចោទប្រកាន់ថា បានទារប្រាក់ពីពលករខ្មែរក្នុងម្នាក់ចំនួន ៣០០ ទៅ៥០០បាត ជាថ្នូរឲ្យពួកគាត់អាចចូលប្រទេសកម្ពុជាបាន ។

យោងតាមគេហទំព័រនគរបាលជាតិ បានឲ្យដឹង ពលករខ្មែរដែលធ្វើការងារនៅក្នុងប្រទេសថៃ ចាប់តាំង ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ បាននាំគ្នាសម្រុកធ្វើដំណើរចេញ ពីប្រទេសថៃ តាម ច្រកអន្តរជាតិ ដូង ស្រុកកំរៀង ក្នុងមួយថ្ងៃយ៉ាងហោចណាស់ចាប់ពី ៥០០នាក់ ទៅ ៧០០នាក់ ដើម្បី មកស្រុកកំណើត ក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ ការចាកចេញយ៉ាងគំហុកពីសំណាក់ពលករ ខ្មែរមកស្រុក កំណើតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែរបាននាំឱ្យនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង រងការកកស្ទះចរាចរណ៍ជាបន្តបន្ទាប់ ។ ប្រភពដដែល បានបន្តថា “មិនតែប៉ុណ្ណោះក៏មាន ការលិចឮព័ត៌មានមួយ ចំនួនពីពលករឱ្យដឹងថា ពួក គាត់ចាកចេញនោះបានត្រូវបង់ប្រាក់ឱ្យសមត្ថកិច្ចមួយចំនួន នៅមាត់ច្រកទ្វារព្រំដែន ពីចន្លោះ៣០០បាត ទៅ៥០០បាតផងដែរ” ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្នុងដំណើរចុះពង្រឹងកិច្ចការងារ និងសួរសុខទុក្ខដល់អង្គភាព អន្តោ ប្រវេសន៍ប្រចាំច្រកអន្តរជាតិព្រំ នៃខេត្តប៉ៃលិន និងច្រកដូង អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តម សេនីយ៍ សុខ ផល បានណែនាំដល់នគរបាលអន្តោប្រវេសន៍ទាំងអស់ ហាមដាច់ ខាតមិនឱ្យប៉ះពាល់ប្រាក់កាក់ របស់ប្រជាពលករនោះឡើយ និងជំរុញឱ្យនគរបាលអន្តោប្រវេសន៍ ត្រូវ មានកាយវិការទន់ភ្លន់ រាក់ទាក់ជាមួយបង ប្អូនពលករខ្មែរថែមទៀត ។

ពាក់ព័ន្ធបញ្ហានេះ លោក ហម សំខាន់ ប្រធានគណៈកម្មការច្រកទ្វារព្រំដែនអន្តរជាតិដូងស្រុកកំរៀង បានច្រានចោល និងបដិសេដ្ឋ ថាគ្មានសមត្ថកិច្ចកម្ពុជានៅមាត់ច្រក ទារប្រាក់ពីពលករខ្មែរនោះឡើយ ដែលការទារ ប្រាក់នោះ មានតែខាងភាគីថៃទេ ដែលតម្រូវឱ្យពលករខ្មែរត្រូវបង់សេវាមួយចំនួនពាក់ព័ន្ធនិងឯកសារឆ្លងដែនចេញ ចូលនៅក្នុងប្រទេសថៃនោះ ។ លោកបញ្ជាក់ថា ពលករខ្មែរដែលចាកចេញ ពីប្រទេសថៃមុនថ្ងៃទី៥ ខែមេសា ភាគីថៃគេទាមទារ ប្រាក់ ថ្លៃបំពេញឯកសារឆ្លងដែនមួយចំនួន ប៉ុន្តែសម្រាប់ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃចូលឆ្នាំខ្មែរ គឺភាគីថៃគេ បញ្ឈប់ទារប្រាក់នោះហើយ មានន័យថាពលករខ្មែរ អាចចាកចេញដោយសម្រួលបានតែម្តង ៕

website_news/2017060403.txt · Last modified: 2017/08/24 15:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki