website_news:2017060702

ក្រសួងមហាផ្ទៃបង្ហាញតម្លៃធ្វើលិខិតឆ្លងដែនជាថ្មី ខណៈពលករខ្មែរកំពុងសម្រុកទៅធ្វើ

http://www.r-f-i-news.html ដោយ វណ្ណ សុគន្ធា 05/07/2017

ស្របពេលដែលប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ជាពិសេសពលករខ្មែរដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកាន់ប្រទេសកម្ពុជាវិញកំពុងសម្រុកទៅធ្វើលិខិតឆ្លងដែននោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានបង្ហាញនូវតម្លៃធ្វើលិខិតឆ្លងដែនជាថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកាលពីម្សិលមិញ ទើបផ្សាយជាសាធារណៈនៅថ្ងៃនេះ។

តាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ តម្លៃធ្វើលិខិតឆ្លងដែនធម្មតាមានបីប្រភេទ គឺ ទី១ សេវារយៈពេល២០ថ្ងៃ តម្លៃ១ក្បាល ១០០ដុល្លារអាមេរិក ទី២ សេវារយៈពេល១០ថ្ងៃ តម្លៃ១ក្បាល ១៥០ដុល្លារអាមេរិក និង ទី៣ សេវារយៈពេល១ថ្ងៃ តម្លៃ១ក្បាលគឺ ២០០ដុល្លារអាមេរិក។ ជាមួយនឹងការបង្ហាញនូវតម្លៃធ្វើលិខិតឆ្លងដែនជាថ្មីនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក៏បានជំរុញឲ្យពលរដ្ឋនិងពលករខ្មែរទាំងអស់ឲ្យមកទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានធ្វើលិខិតឆ្លងដែន ដើម្បីជៀសវាងការឆ្លៀតឱកាសយកកម្រៃសេវាលើសការកំណត់ពីសំណាក់ក្រុមហ៊ុនជ្រើសរើសពលករឬមេខ្យល់ឬក៏អ្នករត់ការយកកម្រៃជើងសារ។ នាយកដ្ឋានធ្វើលិខិតឆ្លងដែន គឺមានទីតាំងនៅក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ចំពោះពលករទៅបំពេញការងារស្របច្បាប់នៅក្រៅប្រទេសដោយមានការទទួលស្គាល់និងមានលិខិតបញ្ជាក់ពីក្រសួងការងារក៏អាចមកកាន់នាយកដ្ឋានធ្វើលិខិតឆ្លងដែននេះដោយផ្ទាល់នៅភ្នំពេញ ឫក៏ទាក់ទងទៅសាខាធ្វើលិខិតឆ្លងដែនពីរទៀតក៏បាន ដែលមួយនៅក្នុងខេត្តបាត់ដំបង ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ រីឯសាខាមួយទៀត គឺស្ថិតនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាការកត់សម្គាល់ ការប្រកាសតម្លៃជាថ្មី និងជំរុញឲ្យពលរដ្ឋទាក់ទងដោយផ្ទាល់ទៅកាន់នាយកដ្ឋានធ្វើលិខិតឆ្លងដែននេះ គឺស្របពេលដែលពលករខ្មែរដែលធ្វើការខុសច្បាប់ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកវិញកំពុងតែសម្រុកទៅធ្វើលិខិតឆ្លងដែន ដើម្បីឆាប់បានត្រឡប់ទៅធ្វើការឡើងវិញ។

ដោយឡែក សម្រាប់ពលករទៅបំពេញការងារស្របច្បាប់នៅក្រៅប្រទេសតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះ នាយកដ្ឋានធ្វើលិខិតឆ្លងដែន និងសាខាពីរទៀត នឹងផ្ដល់លិខិតធ្វើដំណើរដោយឥតគិតថ្លៃ ដោយអាករជាបន្ទុករបស់រដ្ឋ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃដដែល៕

website_news/2017060702.txt · Last modified: 2017/07/06 10:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki