website_news:2017060703

ក្រសួងមហាផ្ទៃអំពាវនាវរកការជួយឧបត្ថម្ភដល់ពលករខ្មែរដែលត្រូវចាប់បញ្ជូនពីប្រទេសថៃ

http://www.v-o-a-news.html 06 កក្កដា 2017 ហ៊ុល រស្មី

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋាភិបាលស្នើឲ្យអាជ្ញាធរមូលដ្ឋានបិទច្រករបៀងនានានៅតាមព្រំដែនកម្ពុជា-ថៃ ក្រសួងមហាផ្ទៃ កាលពីថ្ងៃអង្គារកន្លងទៅ បានប្រកាសស្វែងរកការទំនុកបម្រុងដល់ពលករខ្មែរខុសច្បាប់ ដែលភាគីថៃបន្តបញ្ជូនមកកម្ពុជាក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ អ្នកតាមដានស្ថានភាពពលករចំណាកស្រុកនៅតាមខ្សែបណ្តោយព្រំដែនកម្ពុជា-ថៃ និយាយថា រដ្ឋាភិបាលមិនមានផែនការទប់ស្កាត់ និងដោះស្រាយវិបតិ្តនេះទេ ក្រៅតែពីការស្វែងរកដំណោះស្រាយមួយរយៈពេលខ្លីប៉ុណ្ណោះ។

ស្របពេលដែលការចាប់បញ្ជូនពលករចំណាកខ្មែរពីប្រទេសថៃនៅបន្តកើតមានក្នុងចំនួនដ៏ច្រើននោះ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋនានា ក្នុងការជួយដល់កម្មករឲ្យទទួលបានជម្រកស្នាក់នៅសមរម្យ និងអាហារហូបចុកគ្រប់គ្រាន់។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃអង្គារ។

យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែកក្កដា ដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើអភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវជួបប្រជុំជាបន្ទាន់ជាមួយអាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៃប្រទេសថៃ ដែលមានព្រំប្រទល់ជាប់កម្ពុជា ដើម្បីបង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មានពីការបញ្ជូនពលករខ្មែរឲ្យវិលត្រឡប់មកកម្ពុជាវិញ ដោយស្នើឲ្យភាគីថ្ងៃយកចិត្តទុកដាក់លើការដឹកបញ្ជូនការគោរពសិទ្ធិពលរដ្ឋ សុវត្ថិភាព សុខភាព និងស្បៀងអាហារឲ្យសមស្រប។ ស្របពេលជាមួយគ្នានេះ ត្រូវបង្កើនកិច្ចសហការស្រាវជ្រាវរកមេក្លោងដែលនាំពលករឆ្លងដែនខុសច្បាប់ ដើម្បីចាត់វិធានការឲ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់ជាធរមាន។

លោក ស ខេង ក៏បានស្នើអភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ឲ្យណែនាំដល់មន្ទីរ អង្គភាពជំនាញនានាឲ្យសហការជាមួយប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ក្នុងការទទួលពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ។ ទន្ទឹមនឹងនេះ ត្រូវសហការរៀបចំជម្រកបណ្តោះអាសន្ន ថ្នាំពេទ្យ គ្រូពេទ្យសង្គ្រោះបន្ទាន់ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា និងអ្នកមានជំងឺ ព្រមទាំងសហការជាមួយរាជធានី ខេត្តពាក់ព័ន្ធ ចាត់ចែង និងសម្របសម្រួលដឹកជញ្ជូនពលករខ្មែរពីព្រំដែនទៅកាន់លំនៅឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព និងមានរបៀបរៀបរយល្អ។

សេចក្តីណែនាំរបស់លោក ស ខេង ដែល VOA បានទទួលនាថ្ងៃពុធ សរសេរក្នុងន័យដើមថា៖ «អំពាវនាវដល់សប្បុរសជនឲ្យជួយឧបត្ថម្ភដោយ ស្ម័គ្រចិត្តនូវថវិកា សម្ភារៈ គ្រឿងឧបភោគបរិភាគ ថ្នាំពេទ្យ ទីជម្រកបណ្តោះអាសន្ន និងមធ្យោបាយដឹកជញ្ជូន ដើម្បីចូលរួមចំណែកដោះស្រាយការលំបាកនានារបស់ពលករ»។ សេចក្តីណែនាំដដែលរបស់ក្រសួងមហាផ្ទៃក៏បានស្នើសមត្ថកិច្ចទាំងអស់រស់នៅតាមទីស្នាក់ការត្រួតពិនិត្យនានា សម្រួលគាំទ្រដល់ពលករខ្មែរ ដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ក៏ដូចពលករខ្មែរស្របច្បាប់ ដែលចេញចូលឆ្លងកាត់ព្រំដែនប្រកបដោយតម្លាភាព និងមិនត្រូវធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ពលករជាដាច់ខាត។

ការចាប់បញ្ជូនពលករខ្មែរដោយអាជ្ញាធរថៃ កើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលថៃបានប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ការងារថ្មីមួយ ដែលទើបចូលជាធរមានកាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ។ ច្បាប់នេះអាចដាក់ទោសជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ចំពោះពលករណាដែលគ្មានប័ណ្ណអនុញ្ញាតឲ្យធ្វើការ និងផាកពិន័យរហូតដល់៨០០.០០០បាត (ប្រហែល២៣.៥០០ដុល្លារអាមេរិក) ចំពោះរោងចក្រ ឬសហគ្រាសណាដែលទទួលយកពលករខុសច្បាប់ឲ្យធ្វើការ។ អ្នកតាមដានស្ថានភាពពលករខ្មែរនៅតាមបណ្តោយព្រំដែនខ្មែរថៃ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មិនមានយន្តការដោះស្រាយវិបត្តិនៃការចាប់បញ្ជូនពលករខ្មែរខុសច្បាប់ពីប្រទេសថៃ ព្រោះការចាប់បញ្ជូននេះ ធ្លាប់កើតមានឡើងជាច្រើនលើកកាលរួចមកហើយចាប់តាំងពីការឡើងកាន់អំណាចរបស់ក្រុមយោធាថៃ។

លោក ស៊ុំ ចាន់គា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក ប្រចំាខេត្តបន្ទាយមានជ័យ ប្រាប់ VOA ថា គេត្រូវរៀបចំដោះស្រាយវិបត្តិនៃការចាប់បញ្ជូនពលករនេះ ក្នុងរយៈពេលវែង ហើយគួររកយុទ្ធសាស្ត្របញ្ឈប់ការចេញចាកស្រុករបស់ពលរដ្ឋខ្មែរ ទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ។ លោកថា ការដោះស្រាយបញ្ហាឲ្យរួចតែមួយគ្រាៗ មិនអាចបញ្ចប់វិបត្តិនេះបានទេ៖ «ការទប់ស្កាត់ ការបិទច្រក ការយកចិត្តទុកដាក់ បានតែត្រឹមយកចិត្តទុកដាក់ តើបានជួយអី? អញ្ចឹងផ្លាស់ពីការបិទច្រក ផ្លាស់ពីការយកចិត្តទុកដាក់ បែរទៅជាការរកផលទីផ្សារនៅក្នុងស្រុកខ្មែរសម្រាប់ខ្មែរវិញ ហ្នឹងជាការល្អ។ សម្រាប់ទីពីរ បើអ្នកមកហើយ គឺគាត់លែងត្រឡប់ទៅវិញបាន មូលហេតុអី? គាត់អាចរកលុយ រកកាក់ លុយធ្វើការនៅក្នុងកម្ពុជាបានខ្មែរបាន ក្រែងលោគាត់លែងចង់មានអារម្មណ៍ទៅធ្វើការនៅប្រទេសគេទៀតហើយ»។ លោក ស៊ុំ ចាន់គា បន្តថា៖ «អញ្ចឹងសុំឲ្យជួយ សុំឲ្យពិនិត្យទៅលើហ្នឹង ល្អប្រសើរជាង គ្រាន់តែយកចិត្តទុកដាក់ បានត្រឹមតែដើរមើល តែដើរសួរប៉ុណ្ណឹង ថាយកចិត្តទុកដាក់ដែរ វាមិនគ្រប់គ្រាន់ទេ យកចិត្តទុកដាក់ យករហូតដល់ធ្វើឲ្យជីវភាពគាត់ប្រសើរឡើងជាងមុន អាហ្នឹងគេហៅថា យកចិត្តទុកដាក់បាទ»។

កាលពីខែមិថុនា ឆ្នាំ២០១៤ ពលករខ្មែរជាង១៧ម៉ឺននាក់ត្រូវបានបង្ខំចិត្តចាកចេញពីប្រទេសថៃ ក្រោយពីរបបយោធាថៃបង្ក្រាបលើពលករខុសច្បាប់ក្នុងប្រទេសខ្លួន។ របាយការណ៍មួយរបស់អង្គការការពារសិទ្ធិពលករបង្ហាញថា យ៉ាងហោចណាស់មានពលករខ្មែរ១លាននាក់ធ្វើការនៅក្នុងប្រទេសថៃ ទាំងស្រប និងខុសច្បាប់។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងប្រាប់ VOA ថា រដ្ឋាភិបាលតែងតែតាមដានស្ថានភាពពលករខ្មែរ និងជួយផ្តល់សេវាធ្វើឯកសារនានា ដូចជាលិខិតឆ្លងដែន ដោយផ្ទាល់ដល់ពលករខ្មែរ ដែលមានបំណងទៅធ្វើការនៅប្រទេសថៃ។ លោកមានប្រសាសន៍ថា ការនិយាយរិះគន់ វាស្រួលជាងការរ៉ាប់រងរបស់រដ្ឋាភិបាល ក្នុងការផ្តល់ការគាំទ្រជួយពលករខ្មែរ ដែលត្រូវភាគីថៃបញ្ជូនមកប្រទេសកំណើតខ្លួនវិញ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងការពារចំណាត់ការរបស់រដ្ឋាភិបាលយ៉ាងដូច្នេះ៖ «អ្នកដែលថាហ្នឹង ចាំតែអង្គុយថាទៅ ហើយបើគាត់ហ្នឹង ព្រោះគាត់វាអត់មាននែ៎ៗចាប់ អ្នកគេចាប់ទោសអូសដំណើរទេ ប៉ុន្តែអ្នកធ្វើហ្នឹង គេជាអ្នកធ្វើ វាមានការលំបាក។ ឧទាហរណ៍ កន្លងមកហ្នឹងគេបញ្ជូនមករាប់សិបម៉ឺននាក់នែ៎ ភ្លាមៗអញ្ចឹង ចំពោះមុខ បើសិនជាគាត់ជាពលករខ្មែរ គាត់ពិបាកទេ ដូច្នេះ អាជ្ញាធរហ្នឹង ដើម្បីទទួលបន្ទុក រាប់ម៉ឺននាក់ហ្នឹង គឺក្នុងពេលតែមួយហ្នឹង គិតបើមើល មិនជាស្រួលប៉ុន្មានទេណ៎ា សូម្បីតែគាត់ អាអ្នកថាហ្នឹង បើគាត់ឲ្យទទួលភ្ញៀវត្រឹម១០០នាក់ហ្នឹង គាត់ពិបាកឥឡូវ»។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ប្រាប់ VOA បន្តទៀតថា សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ធ្វើឡើងដើម្បីកៀងគរជំនួយគាំទ្រដល់ពលករដែលត្រូវគេបញ្ជូនពីទឹកដីថៃ៖ «សំខាន់បំផុត ការណែនាំនេះ គឺដើម្បីឲ្យមានសុវត្ថិភាពរបស់បងប្អូនពលករយើងដែលត្រូវគេចាប់បញ្ជូនមកហ្នឹង ឲ្យមានជម្រកហូបចុក ស្នាក់អាស្រ័យ បាយទឹក វិលទៅរកផ្ទះសម្បែងឲ្យបានត្រឹមត្រូវ ហើយអ្នកដែលថា ចេះតែថាអញ្ចឹង មើលគេរកឡានរកអីដើម្បីជួយគ្នាតាំងពីម្ហូបអាហារ អាខ្លួនឯងមិនពិបាកផងហ្នឹង»។

កាលពីដើមសប្តាហ៍កន្លងទៅ រដ្ឋាភិបាលកម្ពុជាបានប្រកាសបិទច្រករបៀងទាំងអស់នៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ពលករចំណាកស្រុក និងការនាំចូលទំនិញគេចពន្ធ បន្ទាប់ពីពលករជាច្រើនត្រូវបានបញ្ជូនមកកម្ពុជាវិញ ក្រោយពេលថៃបង្កើតច្បាប់ដាក់ទោសពលករខុសច្បាប់។ នេះបើតាមការបញ្ជាក់ពីមន្រ្តីទំនាក់ទំនងព្រំដែនប្រចាំខេត្តបន្ទាយមានជ័យ។

លោក ជិន ពិសិដ្ឋ អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំខេត្តបន្ទាយមានជ័យ ប្រាប់ VOA ថា លោកមិនទាន់ទទួលសេចក្តីណែនាំថ្មីពីក្រសួងមហាផ្ទៃនៅឡើយនោះទេ។ មន្ត្រីធ្វើការនៅព្រំដែនរូបនេះ ក៏នៅមិនទាន់អាចបញ្ជាក់ពីតួលេខពលករខ្មែរ ដែលបានមកដល់ទឹកដីកម្ពុជាផងដែរ។ លោកក៏មិនអាចបញ្ជាក់បានថា តើក្រុមមន្ត្រីនៅតាមព្រំដែនមានការលំបាកយ៉ាងណា ក្នុងការទទួលរ៉ាប់រងពលករដែលត្រូវបានគេបញ្ជូនពីទឹកដីថៃមកវិញ។ លោក ជិន ពិសិដ្ឋ ថ្លែងថា៖ «អាហ្នឹងតាម គឺក្រុមការងារបង ខ្ញុំអត់ដឹងទេ ខ្ញុំនៅលើដែរទេណ៎ា»។

យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់លោក ស៊ុំ ចាន់គា ឲ្យដឹងថា ពលករដែលត្រូវបានបញ្ជូនមកកម្ពុជាវិញ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែកក្កដានេះ មានចំនួនរហូតដល់៤,១៦៦នាក់។ លោកបន្ថែមថា ចំនួននេះនៅកើនឡើងជាបន្តបន្ទាប់ ខណៈដែលពលករទាំងនោះកំពុងប្រឈមនឹងបញ្ហាជីវភាព ព្រមទាំងការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ដែលពួកគេបានខ្ចីដើម្បីធ្វើដំណើរទៅប្រទេសថៃក្នុងពេលកន្លងមក៕

website_news/2017060703.txt · Last modified: 2017/07/06 10:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki