website_news:2017060707

គិតត្រឹមរយៈពេល៤ថ្ងៃ ពលករខ្មែរជាង១ពាន់នាក់ ត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជា តាមច្រកទ្វារអន្តរជាតិដូង

http://www.a-n-n-news.html ដោយ: រៀម សាលី ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៧

ខេត្តបាត់ដំបង៖ គិតត្រឹមរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ កក្កដា ម្សិលមិញ អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរលួចឆ្លងដែនខុសច្បាប់ ចំនួន១,២៧៩នាក់ មកកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

លោក មុយ សាលឹត មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំរៀង បានបញ្ជាក់ថា ក្នុងរយៈពេល៤ថ្ងៃ នៃការចាប់បញ្ជូនពលករខ្មែរទាំង ១,២៧៩នាក់ របស់អាជ្ញាធរថៃមកកាន់ប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្តរជាតិដូង នៃស្រុកកំរៀង ក្នុងនោះ៖ ថ្ងៃទី២ កក្កដា មានចំនួន ៤៤៥នាក់ (ស្រី១៨៦នាក់ និងកុមារ១១នាក់), ថ្ងៃទី៣ កក្កដា មានចំនួន ៤៨៨នាក់ (ស្រី១៣០នាក់ និងកុមារ១៤នាក់), ថ្ងៃទី៤ កក្កដា មានចំនួន ១២៧នាក់ (ស្រី២៩នាក់) និងថ្ងៃទី៥ កក្កដា មានចំនួន ២១៩នាក់ (ស្រី៧២នាក់ និងកុមារ៧នាក់) សរុបពលករខ្មែរទាំងអស់ចំនួន ១,២៧៩នាក់ ស្រីចំនួន ៤៧៣នាក់ និងក្មេងតូច៤៧នាក់។ លោកបន្តថា ការដែលអាជ្ញាធរថៃបញ្ជូនក្រុមពលករខ្មែរឲ្យវិលត្រឡប់មកកម្ពុជាវិញ ក្នុងគោលបំណង ដើម្បីឲ្យពួកគាត់បានមកបំពេញបែបបទលិខិតស្នាមឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់កាងាររបស់ប្រទេសថៃ ព្រោះកន្លងមកពលករខ្មែរភាគច្រើន បានលួចឆ្លងដែនតាមរយៈមេខ្យល់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ និងមួយចំនួនទៀតធ្វើការខុសពីកន្លែងគោលដៅ ដែលបានចុះនៅក្នុងសៀវភៅការងារ៕

website_news/2017060707.txt · Last modified: 2017/07/06 11:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki