website_news:2017060710

រាជរដ្ឋាភិបាល ឲ្យសមត្ថកិច្ចតាមព្រំដែន យកចិត្តទុកដាក់លើ ការបញ្ជូនពលករមកវិញ

http://www.daem-ampil-news.html ព្រហស្បតិ៍, 06 កក្កដា ២០១៧ 10:34 ដោយ: ខា ដា ID:102

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) លោក សុខ ឥសាន បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានឲ្យសមត្ថកិច្ច នៅតាមបន្ទាត់ព្រំដែន យកចិត្តទុកដាក់ ចំពោះការចំណាកស្រុក របស់ពលករខ្មែរដែលត្រូវ បានបញ្ជូនពីប្រទេសមកវិញ ជាបន្តបន្ទាប់ ឲ្យបានសមរម្យ ។ លោក សុខ ឥសាន ថ្លែងបែបនេះ បន្ទាប់ពីអាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរ រាប់ពាន់នាក់ មកកម្ពុជាវិញ ដើម្បីបំពេញបែបបទ ឲ្យបានគ្រប់គ្រាន់ ទើបអនុញ្ញាតឲ្យចូល ទៅធ្វើការនៅប្រទេសថៃវិញបាន ។ លោក សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី៦ កក្កដានេះថា “ក្នុងសភាពបន្ទាន់ រាជរដ្ឋាភិបាល បានចាត់វិធានការណ៍ ឲ្យសមត្ថកិច្ចមូលដ្ឋាន តាមបន្ទាត់ព្រំដែន យកចិត្តទុកដាក់ចំពោះ ជំនន់ពលករចំណាកស្រុកនេះ ឲ្យបានសមរម្យ” ។

លោកបន្តថា ក្នុងពេលដែលពលករ ចំណាកស្រុកមកខ្លាំងនោះ ត្រូវទទួលពួកគាត់ឲ្យសមរម្យដូចជា៖ ទទួលបាយទឹក ហូបចុកឲ្យបានទាន់ពេលវេលា , ដោះស្រាយរកទីជម្រក ស្នាក់អាស្រ័យនៅប្រមូលផ្តុំ ឲ្យមានសុវត្ថិភាព សន្តិសុខ និង មានអនាម័យ , ដោះស្រាយ បណ្តាឯកសារចាំបាច់នានា តាមសំណូមពរត្រូវការ ដោយរួសរាន់ទាន់ពេលវេលា និងមានប្រសិទ្ធភាព , ជៀសវាងប្រព្រឹត្តអំពើ ពុំគួរគប្បីណាមួយ ចំពោះពលករ , បម្រើសេវាសាធារណៈឲ្យបានល្អ តាមតួនាទីរបស់ខ្លួន ។ ជាមួយគ្នានោះដែរលោក សុខ ឥសាន បានសម្ដែងការសោកស្តាយ ក្នុងពេលដែលរាជរដ្ឋាភិបាល កំពុងចាត់វិធានការណ៍ ស្រាប់តែមន្ត្រីសិទ្ធិមនុស្សម្នាក់ និយាយថា ការយកចិត្តទុកដាក់នេះ បានតែយកចិត្តទុកដាក់ តែមិនមានប្រយោជន៍ អ្វីចំពោះពលករឡើយ លុះត្រាតែរកការងារធ្វើឲ្យ ពលករនៅក្នុងស្រុកទើបបាន ។

សូមបញ្ជាក់ថា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរ មកប្រទេសកំណើតវិញ ៣.៦៨៤នាក់ (ស្ត្រី ១.១៦០នាក់ និងកុមារ ២៨៦នាក់) ដោយពលករទាំងនោះអះអាងថា គ្មានប្រាក់សម្រាប់ ធ្វើលិខិតឯកសារផ្សេង សម្រាប់ធ្វើការងារនៅថៃ ទើបសុខចិត្តឲ្យថៃចាប់បញ្ជូន ទៅស្រុកកំណើតវិញ ៕

website_news/2017060710.txt · Last modified: 2017/07/06 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki