website_news:2017060711

ពលករខ្មែរជាច្រើននាក់ បានត្រឡប់មកវិញតាមច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ខណៈមានក្រុមហ៊ុនជួយសម្រួលក្នុងការឆ្លងដែន

http://www.nokor-wat-news.html ថ្ងៃទី 06-07-2017

ខេត្តប៉ៃលិន៖ ក្រោយពីអាជ្ញាធរប្រទេសថៃ បានចេញអនុក្រិតថ្មីចំពោះពលករចំណាកស្រុកខ្មែរ ដែលបានចូលទៅធ្វើការងារនៅប្រទេសថៃ រួចមក គេសង្កេតឃើញថា ពលករខ្មែរជាច្រើននាក់ បើទោះបីជាមានច្បាប់ ឬអត់ច្បាប់យ៉ាងណាក្តី បានសំរុកឆ្លងដែនចូលមកប្រទេសកម្ពុជាវិញ តាមច្រកនានាយ៉ាងច្រើនកុះករ ចំណែកនៅច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏មិនខុសពីច្រកទ្វារដទៃទៀតដែរ មានពលករមកដែរ តែមិនច្រើនដូចច្រកនានាទេ ហើយច្រកទ្វារអន្តរជាតិព្រំនេះដែរ ក៏មានក្រុមហ៊ុនមួយឈ្មោះ អេស ខេ ជាអ្នកជួយសម្រួលក្នុងការឆ្លងកាត់ ។

ប្រភពព័ត៌មានពីមេការក្រុមហ៊ុនខាងលើ បានឲ្យដឹងថា ការដឹកជញ្ជូនពលករខ្មែរ របស់ក្រុមហ៊ុន អេស ខេ បានធ្វើឡើងអស់រយៈពេលជិតមួយខែទៅហើយ ដោយទទួលដឹកទាំងពលករ ដែលមានលិខិតឆ្លងដែនត្រឹមត្រូវ និងអ្នកអត់លិខិតត្រឹមត្រូវផងដែរ ដោយក្រុមហ៊ុនជាអ្នកសម្រួលក្នុងការធ្វើដំណើរ ។ ការសម្រួលឲ្យបងប្អួនពលករខ្មែរទាំងនេះក្នុងគោលដៅដើម្បីឲ្យពួកគាត់ធ្វើដំណើរបានស្រួល ដោយមិនមានការចាប់ចងពីសំណាក់សមត្ថកិច្ចថៃ ខណៈពលករខ្លះមិនមានឯកសារគ្រប់គ្រាន់ហើយឲ្យពួកគាត់មកធ្វើលិខិត ឆ្លងដែនត្រឹមត្រូវរួចត្រឡប់ទៅវិញតែម្តង ។ប្រភពព័ត៌មាន បានបន្តទៀតថា ចំពោះការដឹកនេះដែរ គឺខាងក្រុមហ៊ុនយកប្រាក់ ចំនួន៧០០បាត (ប្រាក់ថៃ) ដោយដឹកតាំងពីទីក្រុងបាងកក ប្រទេសថៃ រហូតមកដល់ព្រំដែន រួចឆ្លងចូលដល់ទឹកដីខ្មែរ តាមច្រកទ្វារអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិន ដោយមានការធានាជូន ពលករខ្មែរមួយចំនួន ដែលអត់លិខិតឆ្លងដែនត្រឹមត្រូវ និងអត់មានលិខិតស្នាក់នៅក្នុងប្រទេសថៃផងដែរ ។ ប្រភពព័ត៌មានបញ្ជាក់ថា បើសិនជាពលករខ្មែរមិនបានឆ្លងដែនតាមរយៈក្រុមហ៊ុនខាងលើនេះទេ ប្រសិនជាតម្រួត ឬទាហានថៃចាប់បាននោះទទួលខុសត្រូវដោយខ្លួនឯង ដោយកន្លងមក មានករណីចាប់ជំរិតយកលុយកាស ពីពលករអស់ជាច្រើន ព្រោះតែពលករខ្មែរអត់មានលិខិតឆ្លងដែនត្រឹមត្រូវ ហើយអត់មានអ្នកការពារ ឬទទួលខុសត្រូវនោះដែរ ។

សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពីក្រុមហ៊ុន ពាក់ពន្ធច្បាប់អនុញ្ញាតិគឺក្រុមហ៊ុនគាត់មានច្បាប់អនុញ្ញាតហើយដែរ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុន មានមន្ត្រីស្នាក់ការច្រកទ្វារអន្តរជាតិព្រំ បានហៅពលករដែលឆ្លងដែនមកខ្មែរជិត១០នាក់ ដើម្បីសួរនាំពីរឿងធ្វើដំណើរមកទឹកដីខ្មែរតាមរយៈក្រុមហ៊ុននេះផងដែរ ។

ពាក់ព័ន្ធករណីនេះដែរ លោក សុខ សាវុធ ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឲ្យដឹងថា បានហៅពលករខ្មែរ ដែលមកតាមរយៈក្រុមហ៊ុនខាងលើ មកសាកសួរពីសុខទុក្ខ របស់ពលករ ក្នុងការទៅស្នាក់នៅប្រទេសថៃតែប៉ុណ្ណោះ ដោយមិនមានអ្វីផ្សេងនោះទេ ។ ក្នុងនោះដែរ លោកបានសួរនាំពលករថា មកស្រុកខ្មែរវិញ ដោយស្ម័គ្រចិត្ត ឬយ៉ាងណា ហើយពលករទាំងនោះនិយាយថា ការមករបស់ពួកគាត់ គឺដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ មិនមានគំនៀបពីអាជ្ញាធរថៃឡើយ ៕ ស សារ៉េត

website_news/2017060711.txt · Last modified: 2017/07/06 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki