website_news:2017060712

រយៈពេល៥ថ្ងៃថៃបញ្ជូនពលករខ្មែរតាមច្រកប៉ោយប៉ែតជាង៣ពាន់នាក់

http://police.gov.kh/blog/ ម៉ោង 10:01 am 6 កក្កដា 2017

បន្ទាយមានជ័យ៖ រយៈពេល៥ថ្ងៃភាគីថៃចាប់បញ្ជូនពលករខ្មែរមកវិញចំនួន ៣.៦៨៤នាក់ ដោយពលករទាំងនោះអះអាងថា គ្មានប្រាក់សម្រាប់ធ្វើលិខិតឯកសារផ្សេងសម្រាប់ធ្វើការងារនៅថៃ ទើបសុខចិត្តអោយថៃចាប់បញ្ជូនទៅស្រុកកំណើតវិញ។ ពលករខ្មែរប្រុសស្រីដែលថៃចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា នៅពេលដែលអាជ្ញាធរមានសមត្តកិច្ចអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះក្រុមហ៊ុន និងកន្លែងធ្វើការនៅប្រទេសថៃ ដែលជនជាតិថៃណាមួយហ៊ានទទួលពលករខ្មែរខុសច្បាប់ធ្វើការងារ ត្រូវផាវិន័យជាទឹកប្រាក់យ៉ាងធ្ងន់ធ្ងរ និងត្រូវជាប់ពន្ធនាគារទៀតផង។

ក្រោយពេលភាគីថៃរឹតបណ្តឹង គឺក្រុមហ៊ុន រឺថៅកែថៃបានបញ្ឈប់ពលករខ្មែរធ្វើការងារ ហើយអោយទៅធ្វើច្បាប់ការងារ ទើបហ៊ានទទួលធ្វើការងារវិញ ដោយពួកគាត់ខ្លះខ្ចីលុយថៅកែទៅធ្វើច្បាប់ការងារនៅប្រទេសថៃ ក្នុងម្នាក់ធ្វើលិខិតឆ្លងដែនអស់តំលៃ២១៥ដុល្លា និងថ្លៃក្រុមហ៊ុនច្បាប់ការងារតំលៃ១២៥ដុល្លាទៀត ហើយត្រូវចំណាយច្បាប់ការងារប្រទេសថៃ មានបង់ពន្ធ និងបង់សេវ៉ាសុខភាពប្រមាណ១៨,០០០បាតបន្ថែមទៀតផងដែរ។ ពលកររូបនោះ បានបញ្ជាក់ទៀតថា នៅពេលអនុញ្ញាណអោយធ្វើច្បាប់ការងារហើយ ពួកគាត់ត្រូវបង់ប្រាក់ម្នាក់អស់ជាង៣ម៉ឺនបាតទៀត ទើបពួកគាត់អាចធ្វើការងារនៅទីនោះបាន ប៉ុន្តែដោយសារត្រូវដោះសំណុលថៅកែ ត្រូវកែ ច្បាប់ការងារផងនោះ ទើបពួកគាត់សម្រេចចិត្តដើរចេញពីកន្លែងធ្វើការងារអោយតម្រួតថៃចាប់បញ្ជូនមកប្រទេស វិញ។ ហើយពួកគាត់បានសំណូមពរសុំអោយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ដល់ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ។

ទាក់ទងនឹងបញ្ហានេះ លោកស្រី ស៊ីន ណាំយ៉ុង មន្ត្រីគណៈកម្មការទទួលពលករខ្មែរខុសច្បាប់ បានបញ្ជាក់ថា នៅពេលដែលភាគីថៃពង្រឹងច្បាប់ការងារ ហើយចាប់ពលករខ្មែរខុសច្បាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គិតត្រឹមថ្ងៃទី៥ កក្កដាម្សិលមិញនេះ មានរយៈពេល៥ថ្ងៃ និងមានពលករចំនួន ៣.៦៨៤នាក់ ស្រី១.១៦០នាក់ និងកុមារ២៨៦នាក់។ លោកស្រីបន្តថា ពលករដែលថៃចាប់បញ្ជូនមកនៅថ្ងៃទី១ ខែកក្តដា មានចំនួន៩១១នាក់ ស្រី៣៤៦នាក់ កុមារ១០៩នាក់, ថ្ងៃទី២ មានចំនួន ៧៣៦នាក់ ស្រី២៧២នាក់ កុមារ៦១នាក់, ថ្ងៃទី៣ មានចំនួន៦១១នាក់ ស្រី២៤០នាក់ កុមារ៥៩នាក់, ថ្ងៃទី៤ មានចំនួន៨៧៦នាក់ ស្រី៣០២នាក់ កុមារ៥៧នាក់ និងនៅថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០១៧ម្សិលមិញនេះ ភាគីថៃបានបញ្ជូនពលករមកបន្ថែមទៀតចំនួន៥៥០នាក់៕ ៖ ប៊ុន ធឿន

website_news/2017060712.txt · Last modified: 2017/08/24 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki