website_news:2017060904

ក្រសួងការងារ គ្រោងចុះអន្តរាគមន៍ផ្ដល់ភាពស្របច្បាប់ ឲ្យពលករខ្មែរនៅម៉ាឡេស៊ី

http://ann.com.kh/site/news/ ថ្ងៃពុធ, 6 ខែកញ្ញា 2017 8:20

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងកាលពីរសៀលថ្ងៃទី៥ កញ្ញា ម្សិលមិញថា ក្រសួងនឹងពិចារណាចុះជួយអន្តរាគមន៍ផ្ដល់ភាពស្របច្បាប់ ដល់ពលករខ្មែរខ្លះ ដែលកំពុងបម្រើការងារមិនស្របច្បាប់នៅប្រទេសម៉ាឡេស៊ី បើសិនជាផែនការនេះទទួលបានភាពជោគជ័យ នៅក្នុងប្រទេសថៃនោះ។

ឯកឧត្តម អ៊ិត សំហេង បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ប្រសិនបើជោគជ័យនៅប្រទេសថៃ គោលដៅបន្ទាប់ នឹងទៅរៀបចំកិច្ចការនេះ នៅប្រទេសម៉ាឡេស៊ីទៀត ព្រោះថានៅទីនោះ ក៏មានបងប្អូនពលករយើង ដែលមិនទាន់មានភាពស្របច្បាប់ច្រើនដែរ។

ពាក់ព័ន្ធនៅប្រទេសថៃ បើតាមឯកឧត្តមរដ្ឋមន្ត្រីថា ក្រុមការងារចល័តរបស់គណៈកម្មការផ្ដល់ភាពស្របច្បាប់ នៃក្រសួងការងារកម្ពុជា កំពុងអនុវត្តន៍យុទ្ធនាការ១០០ថ្ងៃ ចុះផ្ដល់លិខិតឆ្លងដែន/លិខិតធ្វើដំណើរ និងបណ្ណ OCWC ដល់ពលករខ្មែរចំនួន ១៦ម៉ឺននាក់ ដែលធ្វើលិខិតទាំងនេះហើយ តែមិនទាន់ទទួលបាន ដើម្បីសម្រួលឲ្យពួកគេ ទទួលបានសិទ្ធិស្របច្បាប់ពេញលេញ ក្នុងការធ្វើការ និងរស់នៅប្រទេសថៃ។

ឯកឧត្តមបន្តថា យុទ្ធនាការនេះ បានចាប់ផ្ដើមតាំងតែពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ដោយគណៈកម្មការ នឹងបញ្ជូនក្រុមចល័តចំនួន៤ក្រុមបន្ថែមទៀត ដើម្បីចុះទៅតាមរោងចក្រធំៗទាំង២០០ ដែលមានប្រើប្រាស់ពលករខ្មែរលើសពី៧០នាក់។ ជាមួយគ្នាឯកឧត្តម ក៏បានបញ្ជាក់ដែរថា ក្រៅពីការចែកលិខិតឆ្លងដែនដែលនៅសេសសល់ ក្នុងយុទ្ធនាការ១០០ថ្ងៃនេះ ក្រសួងការងារ និងក្រសួងពាក់ព័ន្ធ ក៏នឹងបើកការធ្វើលិខិតឆ្លងដែនថ្មី ជូនពលករដែលមិនទាន់មានលិខិតឆ្លងដែនផងដែរ។ ហើយការធ្វើលិខិតឆ្លងដែនលើកនេះ គឺឆាប់រហ័សជាងពេលមុន, ពោលគឺធ្វើតែមួយថ្ងៃ បានតែម្តង ជាមួយតម្លៃ ២,៣៥០បាត ស្មើរនឹងជាង ៦៨ដុល្លារអាមេរិក។

បើតាមរបាយការណ៍របស់ក្រសួងការងារឲ្យដឹងថា បច្ចុប្បន្នមានពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃ ចំនួន ១,០៥០,០០០នាក់, ហើយក្នុងចំណោមពលករទាំងនោះ មានជាង៧០ម៉ឺននាក់ ស្របច្បាប់ ខណៈជាង៣០ម៉ឺននាក់ទៀត នៅពុំទាន់មានភាពស្របច្បាប់នៅឡើយនោះ៕ ដោយ៖ ទេព និមល

website_news/2017060904.txt · Last modified: 2017/09/06 12:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki