website_news:2017061101

ឧទ្ធរណ៍បន្ថយទោសស្ត្រីនាំនារីខ្មែរទៅការប្តីចិនពី ១៥ មក ៥ ឆ្នាំ

http://www.postkhmer.com/ Thu, 2 November 2017 គឹម សារុំ

ភ្នំពេញៈ ស្ត្រីជាប់ចោទម្នាក់កាលពីម្សិលមិញត្រូវបានសភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍ប្រកាសសាលដីកាភ្លាមៗ បន្ទាប់ពីជំនុំជម្រះដោយសម្រេចបន្ថយទោសពីជាប់គុក ១៥ ឆ្នាំមកត្រឹម ៥ ឆ្នាំវិញពាក់ព័ន្ធនាំនារីម្នាក់ទៅរៀបការប្តីនៅប្រទេសចិនកាលពីឆ្នាំ ២០១៣ នៅខេត្តព្រៃវែង។ បន្ទាប់ពីថយទៅពិភាក្សាគ្នារយៈពេលជិតមួយម៉ោងមកលោកចៅក្រម សេង ស៊ីវុត្ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានសាលដីកានៅចំពោះមុខស្ត្រីជាប់ចោទថាក្រោយពីបានស្តាប់ការសួរដេញដោលពីខាងតំណាងមហាអយ្យការ និងស្តាប់ការសន្និដ្ឋានរបស់មេធាវី ស្ត្រីជាប់ចោទមកក្រុមប្រឹក្សាជំនុំជម្រះយល់ឃើញថាស្ត្រីជាប់ចោទបានឆ្លើយសារភាពថាពិតជាបានរត់ការ និងជូននារីរងគ្រោះទៅដល់ប្រទេសចិនមែន។

ប៉ុន្តែលោកចៅក្រមថានារីរងគ្រោះបានរៀបការជាមួយបុរសជនជាតិចិនគឺជាការស្ម័គ្រចិត្តរបស់នាងផ្ទាល់ទេ ហើយរហូតបង្កើតបានកូនម្នាក់ និងក្រោយមកមានទម្ងន់មានកូនម្នាក់ទៀតតែត្រូវប្តីវាយឲ្យរលូតកូន។ ដោយរស់នៅមិនចុះសម្រុងគ្នានារីរងគ្រោះនោះបានសុំប្តីមកមើលជំងឺម្តាយ ហើយប្តីក៏ឲ្យមកកម្ពុជាវិញ។ លោកថ្លែងថាដោយឃើញថា ស្ត្រីជាប់ចោទមានវ័យចាស់ និងមិនបង្ខំឲ្យនារីរងគ្រោះរៀបការនោះ ដូច្នេះក្រុមប្រឹក្សាសម្រេច៖ «កែប្រែបទចោទពីបទនាំចេញដោយមិនស្របច្បាប់ ដោយមានគោលដៅមកជាបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែនវិញ និងកែប្រែទណ្ឌកម្មទោសពី ១៥ ឆ្នាំមកជាប់គុក ៥ ឆ្នាំ និងសំណង ៤០ លានរៀលមកត្រឹម ៥ លានរៀលវិញ»។

ស្ត្រីជាប់ចោទឈ្មោះ ផាត់ ឡៃ អាយុ ៥៧ ឆ្នាំដែលត្រូវចៅក្រមផ្តល់សិទ្ធិឡើងឆ្លើយបំភ្លឺក្នុងសវនាការនោះបាននិយាយថាគាត់មានកូនស្រីម្នាក់រៀបការប្តីនៅប្រទេសចិន ហើយពេលគាត់ទៅលេងកូនស្រីរបស់គាត់ត្រូវម្តាយនារីរងគ្រោះ ផ្ញើកូនស្រីម្នាក់ឈ្មោះ សេង ស៊ីណាក់ អាយុ ២៦ ឆ្នាំទៅជាមួយដើម្បីរកការងារធ្វើ។ លុះទៅដល់ប្រទេសចិននារីរងគ្រោះបានរៀបការជាមួយបុរសចិនដោយស្ម័គ្រចិត្ត និងបង្កើតបានកូនម្នាក់ទៀតផង។ ប៉ុន្តែពេលនារីនោះឈ្លោះគ្នាជាមួយប្តីក៏មកកម្ពុជាវិញបាន ៣ ឆ្នាំទើបប្តឹងសមត្ថកិច្ចឲ្យចាប់ស្ត្រីជាប់ចោទ។

ទោះយ៉ាងណារបាយការណ៍នគរបាលខេត្តព្រៃវែងបង្ហាញថាស្ត្រីជាប់ចោទ ផាត់ ឡៃ រស់នៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង កាលពីអំឡុងខែកក្កដាឆ្នាំ ២០១៣ បានលួងលោមនារីឈ្មោះ សេង ស៊ីណាក់ អាយុ ២៦ ឆ្នាំឲ្យទៅរៀបការប្តីនៅប្រទេសចិនដោយស្ត្រីជាប់ចោទជាអ្នករត់ការរហូតនាំនារីរងគ្រោះទៅដល់ប្រទេសចិនទៀត។ ប៉ុន្តែដោយប្តីវាយធ្វើបាបនារីរងគ្រោះបានមកកម្ពុជាវិញហើយ ៣ ឆ្នាំក្រោយទើបប្តឹងស្ត្រីជាប់ចោទ។

សំណុំរឿងនេះត្រូវសាលាដំបូងខេត្តព្រៃវែងប្រកាសសាលក្រមកាលពីខែមេសាឆ្នាំ ២០១៧ សម្រេចផ្តន្ទាទោសស្ត្រីជាប់ចោទ ១៦ ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្តទៅនារីរងគ្រោះ ៤០ លានរៀល ខណៈនារីរងគ្រោះទារសំណងចំនួន ២ ម៉ឺនដុល្លារ៕

website_news/2017061101.txt · Last modified: 2017/11/06 11:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki