website_news:2017061201

ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឨកាសជួបសំណេះសំណាល ជាមួយកម្មករ នៅរោងចក្រតំបន់ អូរដឹម

https://www.dap-news.com/kh/ ថ្ងៃពុធ, 06 ធ្នូ ២០១៧ 09:00 ដោយ: ដើមអម្ពិល ID:004

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឨកាសជួបសំណេះសំណាល ជាមួយកម្មករ នៅរោងចក្រតំបន់ អូរដឹម :

- នៅសល់២៥ថ្ងៃទៀតប៉ុណ្ណោះ យើងចាប់ផ្តើមការអនុវត្តបៀវត្សរ៍ សម្រាប់ឆ្នាំ២០១៨តទៅ ។

- អរគុណក្មួយៗ ដែលគោរពនិងស្រឡាញ់រាប់អានពូ ហើយរាប់អានតាំងពី ជំនាន់ឪពុកម្តាយក្មួយៗ មកម្ល៉េះ។

- ក្នុងខែធ្នូ នេះ មានព្រឹត្តិការណ៍សំខាន់ៗច្រើនណាស់ សម្រាប់ប្រវត្តិសាស្រ្តកម្ពុជា។ ថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលគេអាចមើលឃើញ តាមរយៈវីដេអូដែលបន្សល់ទុក រហូតដល់សព្វ មានរូបសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងរូបពូផ្ទាល់។ ២ធ្នូ ឆ្នាំ១៩៨៧ ជំនួបចរចា សីហនុ- ហ៊ុន សែន នៅបារាំង ដើម្បីស្វែងរកសន្តិភាព ឆ្ពោះទៅរកការបញ្ចប់ចំបាំង រាំងជល់នៅកម្ពុជា។ ២ធ្នូ ១៩៩៨ ជាការដាក់ចេញនូវគោលនយោបាយត្រីកោណ ដែលគណបក្សប្រជាជនកម្ពូជាឈ្នះឆ្នោត ។ មុំទី១ ការធ្វើសមាហរណកម្មផ្ទៃក្នុង មុំទី២ ការធ្វើសមាហរណកម្មអន្តរជាតិ ឲ្យបានកាន់តែឆាប់ (ទៅយកអសនៈនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិធំៗ រាប់ទាំងអង្គការពាណិជ្ជកម្មពិភពលោក) មុំទី៣ បញ្ហាផ្ទៃក្នុងនិងអន្តរជាតិ ។

- ទាំងអស់នេះ បានក្លាយជាទ្រព្យសំណាង សម្រាប់ក្មួយៗ ដែលបានមកពីសុខសន្តិភាព និងការអភិរឌ្ឍ។ ពូមិនឲ្យក្មួយជឿទេ តែសូមឲ្យក្មួយៗសួរចាស់ៗ ដែលធ្លាប់បានឆ្លងកាត់។

- មុននេះ ខ្ញុំបានទាក់ទងជាមួយសម្តេចក្រឡាហោម លើបញ្ហាប្រជាពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេរិក។ ខ្ញុំបានជួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ហើយគេ បានកោតសរសើរពលកររបស់យើង ដែលស្តង់ដាខ្ពស់ ហើយនៅប្រទេសថៃ ក៏ដូចគ្នាដែរ ដើម្បីធ្វើឲ្យពលករខ្មែរធ្វើការស្របច្បាប់ ទទួលបានអត្ថប្រយោជន៍ ដូចពលករថៃ ហើយពលករមិនស្របច្បាប់ ឲ្យទៅជាស្របច្បាប់។ កម្ពុជា អាមេរិក យើងមានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលរដ្ឋកម្ពុជា ដែលមានទោស ត្រឡប់មកកម្ពុជា វិញ។ ហើយថ្មីៗចុងក្រោយនេះ មានការចង់បញ្ជូនពលរដ្ឋកម្ពុជា ដែលមានទោសត្រឡប់មកវិញ ប៉ុន្តែយើងបានគិតពីសុខទុក្ខ របស់អ្នកទាំងនោះ ដោយស្នើឲ្យអាមេរិក ពិនិត្យនិងព្យាបាលអ្នកទាំងឡាយ ដែលមានជំងឺ ជាមុនសិន។ ក្រសួងការបរទេស និង ក្រសួងមហាផ្ទៃ ធ្វើការចរចាជាមួយអាមេរិក លើបញ្ហានេះឡើងវិញ។ ឥឡូវនេះ អាមេរិកដល់ខ្លួនចេញពីអង្គការអន្តោប្រវេសន៍អន្តរជាតិ ទៅទៀត។ តាមរយៈនេះ ស្នើឲ្យអគ្គរដ្ឋទូត អាមេរិក ប្រចាំកម្ពុជា បញ្ជូនសារនេះ ទៅរដ្ឋធានីវ៉ាស៊ីនតោន ថា សូមឲ្យអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងប្រទេសទាំងពីរ កម្ពុជា អាមេរិក និងសូមឲ្យអាមេរិក ផ្តល់ការផ្គត់ផ្គង់និងការឧបត្ថម្ភខ្លះ ដល់អ្នកទាំងនោះ។

- អ្វីដែលក្មួយ មាននៅដៃ ត្រូវរក្សាឲ្យបាន ។

- ម្សិលមិញនេះ ជនក្បត់ជាតិ ប្រកាសធ្វើសង្រ្គាម ជាមួយកម្ពុជា ក្បត់ជាតិ តពូជ ដែលបានអំពាវនាវឲ្យកងទ័ព បែរកាណុងប្រឆាំងរាជរដ្ឋាភិបាល។ ជនក្បត់ជាតិ មិនស្គាល់ច្បាស់ពីស្ថានភាពពិតនៅកម្ពុជាទេ ជនក្បត់ជាតិឯងមិនស្គាល់ កងទ័ពនៅកម្ពុជាទេ។

- នៅថ្ងៃនេះ ខ្ញុំដឹងថា អគ្គមេបញ្ជាការកងទ័ពកម្ពុជា ព្រមទាំងកងទ័ពកម្ពុជា នឹងពាក្យបណ្តឹងទៅតុលាការ លើបញ្ហានេះដែរ។

- គេបានប្រកាសតាំងពីឆ្នាំ២០១១ ពីការអំពាវនាវឲ្យកងទ័ព ប្រឆាំរាជរដ្ឋាភិបាល ហើយម្សិលមិញនេះ គេបានធ្វើម្តងទៀត។ មកៗ ខ្លួនឯងតែម្តងមក ហើយបញ្ចេញទាហានមក ទាហានណាបះបោរ ហើយមានជំនួយពីបរទេសទៀត ក៏សូមអញ្ជើញមក តែខ្ញំុសូមប្រាប់ទៅវិញ ហ៊ុន សែន ម្នាក់នេះ នឹងមិនអនុញាតិ ឲ្យមានសង្រ្គាមកើតឡើង នៅកម្ពុជា ជាដាច់ខាត។ ហ៊ុន សែន បានធ្វើការប្រឆាំងនឹងរបបប៉ុលពត ទប់ស្កាត់ការវិលត្រឡប់នៃរបបប៉ុល ពត ស្វែងរកសន្តិភាព និងការអភិវឌ្ឍ។ យើងបានអនុវត្តច្បាប់ ដើម្បីទប់ស្កាត់និងបញ្ចៀសនូវសង្រ្គាម។

-យើងក៏ត្រូវទិញទំនិញពីបង់ក្លាដែស ហើយបង់ក្លាដែសក៏ទិញទំនិញពីកម្ពុជាដែរ។ ត្រូវបង្កើនប្រាក់ចំណូលរបស់កម្មករ។

-សម្តេចតេជោ បានផ្តាំទៅក្រុមយុវជនកម្ពុជាត្រូវកសាងខ្លួនឲ្យល្អ កុំសេពគ្រឿងញៀន ល្បែងស៊ីសង។ សម្តេចបញ្ចប់កិច្ចសំណេះសំណាល នៅម៉ោង៩និង៥៩នាទី៕

website_news/2017061201.txt · Last modified: 2017/12/06 13:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki