website_news:2017070401

ពលករខ្មែរក្នុងប្រទេសថៃសម្រុកចេញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុង១ថ្ងៃពី៥០០នាក់ទៅ៧០០នាក់ មកស្រុកកំណើត ថ្ងៃបុណ្យចូលឆ្នាំថ្មី

http://police.gov.kh/blog 11:26 pm 5 មេសា 2017 40

បាត់ដំបង ៖ ពលករខ្មែរដែលបានធ្វើការងារនៅក្នុងប្រទេសថៃ ត្រូវគេមើលឃើញថា ចាប់តាំងពីថ្ងៃទី១មេសា រហូតដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧ បាននាំគ្នាសម្រុកធ្វើដំណើរចេញ ពីប្រទេសថៃ តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្ត បាត់ដំបង ក្នុងមួយថ្ងៃយ៉ាងហោចណាស់ចាប់ពី៥០០នាក់ទៅ ៧០០នាក់ ដើម្បីមកស្រុកកំណើត ក្នុងឱកាសនៃថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរនៅសល់តែមិនដល់ថ្ងៃ១០ទៀត ប៉ណ្ណោះ។ ការចាកចេញយ៉ាងគំហុកពីសំណាក់ពលករ ខ្មែរមកស្រុកកំណើតក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដែរបាននាំឱ្យនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង រងការកកស្ទះចរាចរណ៍ជាបន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះក៏មាន ការលិចឮព័ត៌មានមួយចំនួនពីពលករឱ្យដឹងថា ពួកគាត់ចាក ចេញនោះបានត្រូវបង់ប្រាក់ឱ្យសមត្ថកិច្ចមួយចំនួននៅមាត់ច្រកទ្វារព្រំដែនពីចន្លោះ៣០០បាតទៅ៥០០បាតផងដែរ ។

ទន្ទឹមដែលអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល កាលពីថ្មីនេះ ៗ ក្នុងឱកាសដំណើរការចុះពង្រឹងកិច្ចការងារនិងសាកសួរ សុខទុក្ខដល់អង្គភាពអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិព្រំខេត្តប៉ៃលិន និងច្រកអន្តរជាតិដូងស្រុកកំរៀង បានធ្វើការណែនាំ ដល់នគរបាលអន្តោប្រវេសន៍ទាំងអស់បានហាមដាច់ខាតមិនឱ្យប៉ះពាល់ប្រាក់កាក់របស់ប្រជាពលករនោះឡើយ និងថែម ជម្រុញឱ្យនគរបាលអន្តោប្រវេសន៍ត្រូវមានកាយវិការទន់ភ្លន់ រាក់ទាក់ជាមួយបងប្អូនពលករខ្មែរថែមទៀត ។

ពាក់ព័ន្ធនិងការចោទប្រកាន់របស់ពលករខ្មែរថា មាន សមត្ថកិច្ចនៅមាត់ច្រកយកប្រាក់នោះ លោក ហម សំខាន់ ប្រធានគណៈកម្មការច្រកទ្វារព្រំដែនអន្តរជាតិដូងស្រុកកំរៀង បំភ្លឺឱ្យដឹងថា ពាក់ព័ន្ធបញ្ហានេះ លោកសូមធ្វើការច្រានចោល និងបដិសេដ្ឋថា គ្មានសមត្ថកិច្ចកម្ពុជា នៅមាត់ច្រកទារប្រាក់ ពីពលករខ្មែរនោះឡើយ។ ការទារប្រាក់នោះគឺខាងភាគីថៃ ដែលជាអ្នកយកឯណោះទេ គឺនៅពេលដែលភាគីថៃគេតម្រូវ ឱ្យពលករខ្មែរត្រូវបង់សេវាមួយចំនួន ពាក់ព័ន្ធនិងឯកសារ ឆ្លងដែនចេញចូលនៅក្នុងប្រទេសថៃនោះ ។ លោកបញ្ជាក់ឱ្យដឹងទៀតថា ពលករខ្មែរដែលចាកចេញ ពីប្រទេសថៃមុនថ្ងៃទី៥ មេសា ឆ្នាំ២០១៧ ភាគីថៃគេទាមទារ ប្រាក់ថ្លៃបំពេញឯកសារឆ្លងដែនមួយចំនួន។ប៉ុន្តែសម្រាប់ចាប់ពីថ្ងៃទី៥ មេសា នេះតែម្តង រហូតដល់ថ្ងៃចូលឆ្នាំខ្មែរ គឺភាគី ថៃគេបញ្ឈប់ទារប្រាក់នោះហើយ។មានន័យថាពលករខ្មែរបានចាកចេញដោយសម្រួលតែម្តង ៕

website_news/2017070401.txt · Last modified: 2017/08/24 15:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki