website_news:2017070402

ថៃអនុញ្ញាតឲ្យពលករទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

http://www.rfa.org/khmer/news/social ដោយ តាំង សារ៉ាដា 2017-04-06

រដ្ឋាភិបាលថៃ នឹងអនុញ្ញាតឲ្យពលករខ្មែរស្របច្បាប់ និងពលករពីប្រទេសជិតខាងផ្សេងទៀត ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរៀងៗខ្លួនដោយមិនយកថ្លៃប័ណ្ណចេញចូល។

កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការងារថៃ លោក ស៊ីរីឆៃ ឌីស្តាគុល (Sirichai Distakul) ចុះផ្សាយកាលពីថ្ងៃពុធ ទី៥ មេសា ថា ប្រទេសថៃ ក៏នឹងប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់ខ្លួនដូចជាប្រទេសដែលជាសមាជិកអាស៊ានដទៃទៀតដែរ ហេតុដូច្នេះហើយ រដ្ឋាភិបាលបានសម្រេចចិត្តអនុញ្ញាតឲ្យពលករចំណាកស្រុកដែលមកធ្វើការក្នុងប្រទេសថៃ ដូចជាកម្ពុជា ភូមា និងឡាវ អាចទៅលេងស្រុកកំណើតរបស់ពួកគេក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយមិនត្រូវឲ្យបង់ថ្លៃលើការចេញចូលប្រទេសថៃ ចាប់ពីថ្ងៃទី៥ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែមេសា។ លោកបន្តថា បើមិនដូច្នោះទេ នោះពួកគេនឹងបាត់បង់ប័ណ្ណការងាររបស់ពួកគេ។

កាលពីឆ្នាំមុន យ៉ាងហោចណាស់មានពលរដ្ឋខ្មែរប្រមាណ ៨ពាន់នាក់ បានតម្រង់ជួរគ្នាសុំសិទ្ធិចូលធ្វើការក្នុងប្រទេសថៃ វិញ ដោយសារពួកគេទៅស្រុកកំណើតហួសកាលកំណត់។

ចំណែកប្រធានច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក វិច អូន មានប្រសាសន៍កាលពីថ្ងៃទី៤ មេសា ថា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា សមត្ថកិច្ចថៃ ចាប់បញ្ជូនពលករខ្មែរខុសច្បាប់តាមច្រកព្រំដែនប៉ោយប៉ែត ទាំងអស់ជិត ២ពាន់នាក់ (១.៩៤៥នាក់)។ លោកបន្ថែមថា ចំនួននេះខុសពីពេលមុនៗ ដែលសមត្ថកិច្ចថៃ ចាប់បញ្ជូនពលករតាមច្រកមួយនេះប្រមាណជាង ១០០នាក់ក្នុងមួយថ្ងៃ៕

website_news/2017070402.txt · Last modified: 2017/04/07 11:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki