website_news:2017070405

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ីអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរ5នាក់

https://kohsantepheapdaily.com.kh ៖ សហការី ថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១៦:៤៣

រាជធានីភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៥នាក់ឱ្យត្រឡប់មកមាតុភូមិវិញ ។ នេះបើយោងតាមការប្រកាសរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ នៅថ្ងៃទី៥ មេសា ។

ចំពោះពលការិនី ប.ដ.ន អាយុ២៦ឆ្នាំ មកពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ពលការិនី ច.ស អាយុ២៩ឆ្នាំ មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបានមេខ្យល់បោកបញ្ឆោតនាំធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនថៃទៅម៉ាឡេស៊ី ធ្វើការងារតាមផ្ទះកាលពីឆ្នាំ២០១៥ ។ ដោយការងារលំបាកពេក និងនិយោជកមិនព្រមបើកប្រាក់ខែឱ្យ ពលការិនីទាំងពីរបានទាក់ទងមកក្រុមគ្រួសារនៅកម្ពុជា ដើម្បីជួយពួកគេឱ្យបានត្រឡប់មកកម្ពុជាវិញ ។ បន្ទាប់ពីទទួលបានសំណូមពរពីក្រុមគ្រួសាររបស់ពលការិនីទាំងពីរ ស្ថានទូតបានអន្តរាគមន៍ ហើយនិយោជករបស់ពលការិនីទាំង២នាក់ បានយល់ព្រមនាំពលការិនីមកស្ថានទូត និងប្រគល់លិខិតឆ្លងដែន ប្រាក់ខែដែលនៅសល់ និងសំបុត្រយន្តហោះជូនដល់អ្នកទាំងពីរនៅថ្ងៃទី៣០ មីនា ។

ចំពោះពលករ ល.ឡ អាយុ២៤ឆ្នាំ មកពីស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ពលការិនី ឆ.យ អាយុ៣៧ឆ្នាំ មកពីស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងពលការិនី ភ.ភ អាយុ១៨ឆ្នាំ មកពីស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានមេខ្យល់ នាំធ្វើដំណើរតាមរថយន្តកាត់តាមព្រំដែនថៃទៅម៉ាឡេស៊ី ធ្វើការជាអ្នកលក់ដូរ កាលពីខែកក្កដា ឆ្នាំ២០១៦ ។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពួកគេបានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ។ ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ។ ពលករ-ពលការិនីទាំង៥នាក់ខាងលើ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី០៥ មេសា ៕

website_news/2017070405.txt · Last modified: 2017/04/07 11:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki