website_news:2017070409

ស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី និងចិន អន្តរាគមន៍ ជួយពលរដ្ឋខ្មែរ៦នាក់

http://dap-news.com/kh សុក្រ, 07 មេសា ២០១៧ 12:26 ដោយ: នឿត សុភ័ក្រ្ត ID:049

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានអន្តរាគមន៍សង្រ្គោះប្រជាពលរដ្ឋខ្មែរ៦នាក់ ដែលចាញ់បោកមេខ្យល់ និងធ្វើការលំបាកខ្លាំង ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនៅថ្ងៃទី៧មេសានេះ បានឲ្យដឹងថាស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយ បញ្ហានិងរៀបចំមាតុភូមិនិវត្តន៍ របស់ពលករ-ពលការិនីខ្មែរចំនួន៥នាក់ ដូចខាងក្រោម៖ (១) ពលករឡ.រ អាយុ២៩ឆ្នាំ និង(២) ពលការិនី ក.ស.រ អាយុ២២ឆ្នាំ ដែលជាប្តីប្រពន្ធនឹងគ្នា មកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមត្រូវបានមេខ្យល់ នាំធ្វើដំណើរតាមរថយន្ត កាត់តាមប្រទេសថៃទៅកាន់ម៉ាឡេស៊ី ធ្វើការនៅតាមរោងចក្រ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដោយចង់ត្រឡប់មកកម្ពុជាវិញ អ្នកទាំងពីរបានស្នើសុំកិច្ច អន្តរាគមន៍ពីស្ថានទូតនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។ ស្ថានទូតបានសម្របសម្រួលជាមួយ ការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគជូនអ្នកទាំងពីរ ហើយពួកគេបាន មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536 ។

(៣) ពលករ ផ.ស.ភ អាយុ៣១ឆ្នាំ មកពីស្រុកបវេល ខេត្តបាត់ដំបង (៤) ពលករ ទ.រ.ថ អាយុ២៥ឆ្នាំ មកពីស្រុកបាទី ខេត្តតាកែវ (៥) ពលករ អ.ច.រ អាយុ២៨ឆ្នាំ មកពីស្រុកសណ្តាន់ ខេត្តកំពង់ធំ ពលករទាំង៣នាក់ ត្រូវបានមេខ្យល់នាំទៅធ្វើការលើទូកនេសាទថៃ កាលពីឆ្នាំ២០០៣។ ដោយធ្វើការលំបាកខ្លាំង បរិភោភមិនគ្រប់គ្រាន់ ហើយត្រូវបានថៅកែធ្វើបាបថែមទៀតនោះ អ្នកទាំង៣បាន ភៀសខ្លួនចេញពីទូក រួចទៅរស់នៅនិងធ្វើការបន្តនៅរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី។ ដោយរស់នៅខុសច្បាប់ ហើយបារម្ភខ្លាចអាជ្ញាធរ ម៉ាឡេស៊ីចាប់ខ្លួនផងនោះ ពលករទាំង៣នាក់ បានទាក់ទងទៅក្រុមគ្រួសារ ដើម្បីជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

ក្រោយពីមានសំណើអន្តរាគមន៍ ពីក្រុមគ្រួសាររបស់ពលករស្ថានទូត បានទាក់ទងជួបពលករទាំង៣នាក់ និងបានចេញលិខិតធ្វើដំណើរជូនពួកគេ ព្រមទាំងបានសម្របសម្រួល ជាច្រើនលើកច្រើនសារ ជាមួយការិយាល័យ អន្តោប្រវេសន៍ម៉ាឡេស៊ីនៅរដ្ឋ Sarawak។ ពលករទាំង៣នាក់ខាងលើ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ១៧:៣៥ នាទី តាមជើងយន្តហោះ MH 2715 ។

សេចក្ដីប្រកាសដដែលបន្ថែមថា ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានអន្តរាគមជួយស្រ្តីខ្មែរម្នាក់ឈ្មោះ ព.ស.ម អាយុ២៤ឆ្នាំ មកពីស្រុកស្អាង ខេត្តកណ្តាល ដែលរងគ្រោះដោយការជួញដូរ។ នាងត្រូវបាន មេខ្យល់បោកបញ្ឆោតនាំ ធ្វើដំណើរកាត់តាម ប្រទេសវៀតណាម ចូលទៅប្រទេសចិនដោយខុសច្បាប់ហើយបានរៀបការ ជាមួយបុរសជនជាតិចិន នៅខេត្តហូណាន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦។ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នាងបានស្នើសុំស្ថានអគ្គកុងស៊ុល ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ស្រ្តីរងគ្រោះបានមកដល់អាកាស យានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៥:៣០នាទីរសៀល តាមជើងយន្តហោះK6669 ៕

website_news/2017070409.txt · Last modified: 2017/04/07 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki