website_news:20170706001

ស្ត្រីជាប់ចោទនាំក្មេងស្រីទៅរួមភេទជាមួយភ្ញៀវ ស្នើសុំឲ្យសាលាឧទ្ធរណ៍ដោះលែង

http://www.phnompenh-post-news.html Wed, 7 June 2017 គឹម សារុំ

ភ្នំពេញៈ ស្ត្រីជាប់ចោទម្នាក់កាលពីម្សិលមិញបានស្នើសុំសាលាឧទ្ធរណ៍ឲ្យដោះលែងខ្លួនវិញ បន្ទាប់ពីសាលាឧទ្ធរណ៍ផ្អាកជំនុំជម្រះជាង ១ ឆ្នាំដើម្បីស្រាវជ្រាវផ្ទៀងផ្ទាត់អាយុរបស់ក្មេងរងគ្រោះ ខណៈស្ត្រីរូបនេះត្រូវបានតុលាការខេត្តសៀមរាប ផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំពាក់ព័ន្ធនាំក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់ទៅឲ្យភ្ញៀវរួមភេទកាលពីឆ្នាំ ២០១៦។

លោកចៅក្រម ស៊ិន វិសាល ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានអង្គហេតុថាស្ត្រីជាប់ចោទឈ្មោះ ជីន ម៉ី អាយុ ៣២ ឆ្នាំ រស់នៅភូមិកសិកម្ម សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាបក្នុងអំឡុងខែកញ្ញាឆ្នាំ ២០១៦ បាននាំក្មេងស្រីម្នាក់ឈ្មោះ ស៊ឹម ដារ័ត្ន អាយុ ១៧ ឆ្នាំទៅឲ្យភ្ញៀវម្នាក់រួមភេទនៅសណ្ឋាគារមួយដោយយកថ្លៃ ៣០០ ដុល្លារហើយក្មេងរងគ្រោះបានឲ្យលុយនោះទៅស្ត្រីជាប់ចោទ ២០ ដុល្លារ។ ក្រោយមករឿងនេះត្រូវក្មេងស្រីរងគ្រោះប្តឹងឲ្យនគរបាលចាប់ខ្លួន។ លោកអានអង្គហេតុបន្តថាសំណុំរឿងនេះត្រូវសាលាដំបូងខេត្តសៀមរាបក្នុងអំឡុងឆ្នាំ ២០១៦ បើកសវនាការ និងប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីជាប់ចោទដាក់ពន្ធនាគារ ៧ ឆ្នាំ និងបង្គាប់ឲ្យសងប្រាក់ទៅក្មេងរងគ្រោះ ៨ លានរៀល។ ជនជាប់ចោទមិនសុខចិត្តនឹងសាលក្រមនេះបានប្តឹងទាស់មកសាលាឧទ្ធរណ៍ហើយត្រូវសាលាឧទ្ធរណ៍ស្រាវជ្រាវម្តងទៀត (ចាត់របៀប) ដើម្បីផ្ទៀងផ្ទាត់អាយុពិតរបស់ក្មេងរងគ្រោះ ហើយត្រូវចៅសង្កាត់ស្វាយដង្គំបញ្ជាក់ថាសំបុត្រកំណើតរបស់ក្មេងរងគ្រោះ កើតនៅថ្ងៃទី ១៤ មិថុនាឆ្នាំ ១៩៩៩។

ស្ត្រីជាប់ចោទបានឆ្លើយនៅក្នុងសវនាការកាលពីម្សិលមិញថា ខ្លួនមិនបាននាំក្មេងរងគ្រោះទៅដេកជាមួយភ្ញៀវដូចការចោទប្រកាន់ទេ ប៉ុន្តែក្មេងរងគ្រោះមកស្នាក់នៅជាមួយនាងហើយនាងគ្រាន់តែផ្តល់លេខទូរស័ព្ទភ្ញៀវឲ្យក្មេងរងគ្រោះប៉ុណ្ណោះ។ ចំពោះប្រាក់ដែលគាត់បានពីក្មេងនោះ ២០ ដុល្លារជាថ្លៃម្ហូបប៉ុណ្ណោះ។ «រឿងនេះខ្ញុំមិនបានប្រព្រឹត្តទេ ប៉ុន្តែខ្ញុំទទួលលុយនាង ២០ ដុល្លារមែន។ ខ្ញុំសុំតុលាការដោះលែងខ្ញុំឲ្យមានសេរីភាពវិញ»។ ព្រះរាជអាជ្ញា អ៊ឹម សុផាន តំណាងមហាអយ្យការបានសន្និដ្ឋានថា៖ «រឿងនេះធ្លាប់បានសួរដេញដោលម្តងហើយ ហើយក៏តុលាការពន្យារពេលចាត់របៀប ១ ឆ្នាំ ២ ខែផងដែរ។ ជនរងគ្រោះថាស្ត្រីជាប់ចោទជាអ្នករកម៉ូយឲ្យ។ ដូច្នេះសូមក្រុមប្រឹក្សាពិចារណាដោយផ្ទៀងផ្ទាត់ចម្លើយជនរងគ្រោះ និងចម្លើយជនជាប់ចោទ»។

លោក សុ ភា មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទសន្និដ្ឋានថា៖ «រឿងនេះជនរងគ្រោះមកនៅជាមួយកូនក្តីខ្ញុំ ហើយកូនក្តីខ្ញុំឲ្យលេខទូរស័ព្ទភ្ញៀវទៅនាង។ កូនក្តីខ្ញុំមិនបាននាំនាងទៅជួបភ្ញៀវទេ។ សូមតុលាការពិចារណាលើមាត្រា ៩៣ និងសូមដោះលែងកូនក្តីខ្ញុំវិញ»។ ក្រោយជំនុំជម្រះប្រមាណជាងកន្លះម៉ោងលោកចៅក្រម ស៊ិន វិសាល ថ្លែងថា សាលដីកានេះនឹងត្រូវប្រកាសនៅថ្ងៃទី ២៧ មិថុនា ខាងមុខ៕

website_news/20170706001.txt · Last modified: 2017/06/07 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki