website_news:2017070701

កម្ពុជានឹងបើកយុទ្ធនាការ១០០ថ្ងៃ ផ្តល់លិខិតឆ្លងដែន ជូនពលករខ្មែរ នៅថៃជាង១៦ម៉ឺននាក់ និងធ្វើលិខិតថ្មី ជូនអ្នកមិនទាន់មាន

http://www.daem-ampil-news.html សុក្រ, 07 កក្កដា ២០១៧ 07:47 ដោយ: ហង្សទេព ID:019

ភ្នំពេញ៖ បន្ទាប់ពីនិវត្តមកពីបំពេញការងារ ក្រោយជួបជជែកពិភាក្សាការងារ ជាមួយសមភាគីថៃ រឿងពលករខ្មែរ ដែលកំពុងបម្រើការងារ នៅក្នុងប្រទេសថៃ នៅល្ងាចថ្ងៃទី៦ ខែកក្កដានេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានថា “កម្ពុជានឹងបើកយុទ្ធនាការ១០០ថ្ងៃ ដើម្បីផ្តល់លិខិតឆ្លងដែន ដែលនៅសេសសល់ ជូនពលករចំនួន១៦ម៉ឺននាក់ ដែលកំពុងធ្វើការងារនៅថៃ ព្រមទាំងធ្វើលិខិតឆ្លងដែនថ្មី ជូនពលករ ដែលមិនទាន់មានលិខិតឆ្លងដែន ក្នុងតម្លៃ៦៨ដុល្លារអាមេរិក ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ” ។

លោករដ្ឋមន្រ្តីបានឱ្យដឹងថា ការពិភាក្សាជាមួយសមភាគីថៃ ទទួលបានលទ្ធផលជាច្រើន សម្រាប់ជាប្រយោជន៍ជូនទៅ ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ជាពិសេស ពលករដែលកំពុង ធ្វើការងារខុសច្បាប់។ រដ្ឋាភិបាលថៃ បានសម្រេចព្យួរការអនុវត្តន៍ច្បាប់ថ្មី របស់ខ្លួនរហូតដល់ដាច់ឆ្នាំ២០១៧ ដែលជាការផ្តល់ឱកាស ឲ្យពលករខុសច្បាប់ នៅក្នុងប្រទេសថៃ មិនមែនតែពលករកម្ពុជានោះទេ ទៅបំពេញបែបបទ និងលិខិតស្នាម ឱ្យបានត្រឹមត្រូវនិងស្របច្បាប់។ លោករដ្ឋមន្រ្តីបញ្ជាក់ថា អាជ្ញាធរថៃបានផ្តល់ការអនុគ្រោះ ធំមួយទៀតសម្រាប់ពលករខ្មែរ ដោយប្រើរយៈពេល១៥ថ្ងៃ ក្នុងចន្លោះពីថ្ងៃទី២៤ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា ដើម្បីបើកមជ្ឈមណ្ឌល ទទួលធ្វើឯកសារបណ្តោះអាសន្ន ជូនឲ្យពលករខ្មែរ រៀបចំបែបបទ ដើម្បីធ្វើឲ្យស្របច្បាប់។ មជ្ឈមណ្ឌលនេះ មានទីតាំងចំនួន១០ នៅក្នុងទីក្រុងបាងកក និងនៅតាមបណ្តាខេត្តធំៗ ជាពិសេសធ្វើជូនពលករខ្មែរ ផ្នែកនេសាទឱ្យបានមុនគេ ។ លោក អ៊ិត សំហេង បានបន្តថា បច្ចុប្បន្ននេះមានពលករខ្មែរ ដែលកំពុងបម្រើការងារ នៅក្នុងប្រទេសថៃ មានចំនួន១លាន៥ម៉ឺននាក់ ក្នុងនោះមានពលករ ៧៥ម៉ឺននាក់ មានភាពស្របច្បាប់ និង៣០ម៉ឺននាក់ផ្សេងទៀត មិនទាន់ស្របច្បាប់។ ដើម្បីជួយឲ្យពលករ ទាំងអស់ស្របច្បាប់ ក្រសួងការងារ បានដាក់ចេញនូវយុទ្ធនាការ ១០០ថ្ងៃ ក្នុងការចែកលិខិតឆ្លងដែល នៅសេសសល់ជាង១៦ម៉ឺនប័ណ្ណ និងធ្វើលិខិតឆ្លងដែនថ្មីជូនអ្នកមិនទាន់ស្របច្បាប់ ។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងស្ថាប័នពាក់ព័ន្ធ បានធ្វើលិខិតឆ្លងដែន ជូនពលករខ្មែរ ដល់ប្រទេសថៃ ដើម្បីឲ្យពួកគេ ក្លាយជាពលករស្របច្បាប់។ កាលនោះបានចំនួន ២៣ម៉ឺននាក់ ហើយប្រគល់បានតែ ៧ម៉ឺននាក់ប៉ុណ្ណោះ ចំណែក១៦ម៉ឺននាក់ផ្សេងទៀត មិនទាន់បានប្រគល់ជូន។ ដើម្បីឱ្យការងារសម្រេចបាន ក្រសួងដាក់ចេញយុទ្ធនាការ ១០០ថ្ងៃ ផ្តល់លិខិតឆ្លងដែន ជូនពលករដែលមិនទាន់ទទួលបណ្ណ និងបង្កើតក្រុមការងារ ចល័តចំនួន៤ក្រុម ចុះទៅដល់ រោងចក្រចំនួន៥០ ដើម្បីជួបជាមួយនិយោជក និងពលកររៀបចំ ចែកប័ណ្ណជូនដោយផ្ទាល់ និងធ្វើលិខិតឆ្លងដែនថ្មីជូន ហើយលើកនេះ គឺធ្វើតែមួយថ្ងៃ ឱ្យរួចរាល់តែម្តង ក្នុងតម្លៃ ២,៣៥០បាត គឺអាចស្មើនឹង ៦៨ដុល្លារអាមេរិក គ្រោងធ្វើឲ្យបាន ៥០០នាក់ ក្នុងមួយថ្ងៃ ។

លោករដ្ឋមន្រ្តីបញ្ជាក់ទៀតថា ក្នុងពេលយុទ្ធនាការនេះ កម្ពុជាស្នើឲ្យភាគីថៃ ចូលរួមជាមួយផងដែរ ព្រោះថានៅពេលកម្ពុជា ផ្ដល់លិខិតឆ្លងដែន ជូនពលកររួចរាល់ ពេលនោះអាចមានឱកាស ឲ្យភាគីផ្ដល់នូវទិដ្ឋាការស្នាក់នៅ ជូនភ្លាមៗតែម្ដង ហើយការងារបន្ដទៀត វានឹងធ្វើទៅតាមនីតិវិធី អាជ្ញាធររបស់ថៃ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ បានចេញច្បាប់ថ្មីមួយ ដោយធ្វើការរឹតបន្តឹងខ្លាំង ទៅលើពលករបរទេស មានការដាក់ទោសធ្ងន់ធ្ងរ ដល់ពលករបរទេស និងថៅកែ ដែលទៅធ្វើការងារ នៅប្រទេសថៃខុសច្បាប់ ឬ ទទួលយកពលករ បរទេសធ្វើការ ដោយមិនមានច្បាប់អនុញ្ញាត។ យ៉ាងណាច្បាប់នេះ ត្រូវពន្យាពេលអនុវត្តន៍ រហូតដល់ទៅ៦ខែ ដើម្បីទុកឱកាស ឲ្យពលករបរទេស ទៅបំពេញឯកសារ និងធ្វើប័ណ្ណ ឱ្យបានត្រឹមត្រូវគ្រប់គ្នាៗ៕

website_news/2017070701.txt · Last modified: 2017/07/07 13:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki