website_news:2017070702

សេចក្តីប្រកាសព័ត៌មាន ស្តីពីវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ស្ថានការណ៍បច្ចុប្បន្ន របស់ពលករកម្ពុជា

http://www.daem-ampil-news.html ព្រហស្បតិ៍, 06 កក្កដា ២០១៧ 18:45 ដោយ: ស៊ាន កុសល ID:030

ភ្នំពេញ៖ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះស្ថានការណ៍ច្របូកច្របល់ នាពេលបច្ចុប្បន្ន ដែលប៉ះពាល់ដល់ពលករកម្ពុជា នៅប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងប្រកាន់យកនូវវិធានការ ដូចខាងក្រោម៖

១. យោងតាមការណែនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ ដោយអំពាវនាវឲ្យពលករកម្ពុជាស្ថិតក្នុងភាពស្ងប់ស្ងាត់ ក្នុងពេលដែលក្រសួងពាក់ព័ន្ធនានារបស់កម្ពុជា កំពុងធ្វើការពិភាក្សាជាមួយអាជ្ញាធរថៃ ដើម្បីរកដំណោះស្រាយអនុញ្ញាតឲ្យពលករកម្ពុជាដែលមិនមានលិខិតស្នាមគ្រប់គ្រាន់បន្តស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។រាល់កិច្ចប្រឹងប្រែងទាំងនេះបាននាំមកនូវលទ្ធផលបឋមដ៏គួរឲ្យលើកទឹកចិត្ត ដោយរដ្ឋាភិបាលថៃបានប្រកាសពន្យាពេលអនុវត្តរាជក្រឹត្យប្រតិបត្តិរបស់ខ្លួន ក្នុងរយៈពេល១៨០ ថ្ងៃ។

២. ក្នុងការអនុវត្តវិធានការនានាដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកក និងស្ថានអគ្គកុងស៊ុលកម្ពុជានៅស្រះកែវ ឲ្យធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញ និងជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់បណ្តាខេត្រកម្ពុជាដែលជាប់ព្រំដែនជាមួយប្រទេសថៃ ។

៣. ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងដឹកនាំគណៈប្រតិភូ ដែលរួមមានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ធ្វើការចរចាជាមួយអាជ្ញាធរថៃ ជាមួយក្តីសង្ឃឹមស្វែងរកដំណោះស្រាយអនុគ្រោះសម្រាប់ពលកររបស់យើង។

៤. លើសពីនេះទៀត ក្រសួងសូមជម្រាបដល់មតិសាធារណៈថា ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការចរចាជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីស្វែងរកដំណោះស្រាយសមស្របចំពោះស្ថានការណ៏នេះ៕

website_news/2017070702.txt · Last modified: 2017/07/07 13:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki