website_news:2017070704

ក្រសួងការបរទេស ជំរុញកាត់បន្ថយ ចំណាយធ្វើលិខិតឆ្លងដែនថ្មី សម្រាប់ពលករខ្មែរនៅម៉ាឡេស៊ី

http://www.daem-ampil-news.html សុក្រ, 07 កក្កដា ២០១៧ 10:38 ដោយ: មង្គល ID:013

ភ្នំពេញ៖បន្ទាប់ពីមានការចុះផ្សាយ របស់សារព័ត៌មានថា ពលករខ្មែរមួយចំនួន ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវធ្វើលិខិតឆ្លងដែនថ្មី ដោយចំណាយថវិកាយ៉ាងច្រើន នៅពេលលិខិតឆ្លងដែនចាស់ អស់សុពលភាព ហើយមិនអាចពន្យាតទៅទៀត បានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់វិធានការ៤ចំណុច ដើម្បីជំរុញការកាត់បន្ថយចំណាយ ធ្វើលិខិតឆ្លងដែនថ្មី។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងការបរទេស នៅថ្ងៃទី៧កក្កដានេះ បានឲ្យដឹងថា វិធានការទាំង៤ចំណុចនោះ រួមមាន ៖

១- ក្រសួងបានណែនាំឲ្យ ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ធ្វើការពិនិត្យអំពីករណីនេះ។ តាមរបាយការណ៍របស់ស្ថានទូត គឺពលករបានទាក់ទងផ្ទាល់ ក្នុងការធ្វើលិខិតឆ្លងដែនថ្មី ជាមួយក្រុមហ៊ុនឯកជនឈ្មោះ Mashita Jaya នៅម៉ាឡេស៊ី។

២- បច្ចុប្បន្ន ក្រសួងការបរទេស កំពុងពិភាក្សាគ្នា ជាមួយក្រសួងពាក់ព័ន្ធផ្សេងៗ សំដៅស្វែងរកវិធីសមស្រប ជួយកាត់បន្ថយការចំណាយរបស់ពលករ សម្រាប់ការធ្វើលិខិតឆ្លងដែនថ្មី ពិសេសគឺ ការចំណាយទៅលើអ្នករត់ការកណ្តាល។

៣- ជាមួយគ្នានេះ ក្រសួងការបរទេស សូមសំដែងការស្វាគមន៍យ៉ាងខ្លាំងក្លា ចំពោះសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០១៧ ដែលបានរំលឹកឡើងវិញ ពីការកំណត់ថ្លៃសេវា លិខិតឆ្លងដែនធម្មតា និងបានគូសបញ្ជាក់យ៉ាងច្បាស់ថា “ចំពោះពលករ ទៅបំពេញការងារស្របច្បាប់ នៅក្រៅប្រទេស តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការផ្តល់លិខិតធ្វើដំណើរ ត្រូវផ្តល់ដោយឥតគិតថ្លៃ ដោយអាករជាបន្ទុករបស់រដ្ឋ ”ដើម្បីជៀសវាងការឆ្លៀតឱកាស យកកម្រៃសេវាលើសការកំណត់ ពីសំណាក់ក្រុមហ៊ុន ជ្រើសរើសពលករ ឬមេខ្យល់ ឬអ្នករត់ការយកកម្រៃជើងសារ”។

៤- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា កន្លងមកនេះ ក្រសួងបានធ្វើ ការណែនាំដល់ស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅក្រៅប្រទេស អនុវត្តឲ្យបានត្រឹមត្រូវហ្មត់ចត់ ហើយនិងធ្វើការបិទផ្សាយ ជាសាធារណៈ នូវតម្លៃ និងរយៈពេល នៃការផ្តល់សេវានានា៕

website_news/2017070704.txt · Last modified: 2017/07/07 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki