website_news:2017070710

នាយករដ្ឋមន្ត្រីថៃបញ្ឈប់ច្បាប់ការងារបន្ទាប់ពីការតវ៉ាប្រឆាំង

http://www.v-o-a-news.html 07 កក្កដា 2017

បាងកក ៖ពលកម្មរបស់ជនចំណាកស្រុកមានសារៈសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយមានកម្មកររហូតដល់២លាន៧សែននាក់មកពីប្រទេសជិតខាងគឺ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជាដែលកំពុងធ្វើការនៅក្នុងវិស័យនេសាទ សំណង់ កសិកម្ម និងវិស័យផ្សេងៗទៀត។ ក៏ប៉ុន្តែ ក្រឹត្យច្បាប់របស់រដ្ឋាភិបាលកាលពីថ្ងៃទី២៣ ខែមិថុនា បានធ្វើឡើងដោយគ្មានការពិគ្រោះជាសាធារណៈជាមួយពួកកម្មករ សហជីព ឬនិយោជកឡើយ។ក្រឹត្យនេះបានធ្វើឲ្យពួកកម្មករប្រញាប់ប្រញាល់វិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញហើយបានធ្វើឲ្យចំណតរថយន្តនិងចំណុចឆែកឆេរនៅតាមព្រំដែនពោរពេញទៅដោយមនុស្ស។ ក្រឹត្យច្បាប់នោះជាផ្នែកមួយនៃការខំប្រឹងប្រែងរបស់ថៃដើម្បីត្រួតពិនិត្យពលកម្មគ្មានការត្រួតពិនិត្យនៅក្នុងប្រទេសដែលចាប់ផ្តើមពិន័យយ៉ាងធ្ងន់ធ្ងររួមមានការ ដាក់ពន្ធនាគារ និងពិន័យកម្មករគ្មានក្រដាសស្នាមរហូតដល់២ពាន់៧រយដុល្លារ។ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករចំណាកស្រុកក្នុងមួយនាក់ៗប្រហែល២រយដុល្លារក្នុងមួយខែ។និយោជកក៏ជាទីដៅដែរ ដោយមានការផាកពិន័យជាង២ម៉ឺន៣ពាន់ដុល្លារសម្រាប់កម្មករខុសច្បាប់ម្នាក់ៗ បើគេរកឃើញនៅក្នុងបរិវេណកន្លែងធ្វើការងារនោះ។

លោក Sinapan Samydorai ជាអ្នកទទួលខុសត្រូវអង្គការក្រុមការងារកម្មករចំណាកស្រុកអាស៊ានដែលមានទីតាំងនៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា កម្មករចំណាកស្រុករាប់ម៉ឺននាក់បានរត់គេចខ្លួនទៅកាន់ប្រទេសរបស់ខ្លួនវិញ។ក្រុមសិទ្ធិការងារថៃនិយាយថា កម្មករចំណាកស្រុកជាង១សែននាក់បានចាកចេញពីប្រទេសថៃចាប់តាំងពីថ្ងៃទី២៣ ខែមិថុនាមក។ លោក Samydorai បានប្រាប់ VOA ថា៖ «ការយកចិត្តទុកដាក់ទាំងមូលមិនមែនអំពីការរារាំងទេ ក៏ប៉ុន្តែ គឺការពិន័យកម្មករដែលត្រូវគេជួលឲ្យធ្វើការដោយមិនមានក្រដាសស្នាមត្រឹមត្រូវ ឬអ្នកដែលមិនមានប័ណ្ណ និងលិខិតអនុញ្ញាតមកពីការិយាល័យទទួលបន្ទុកកិច្ច ការនោះ។ ការណ៍នេះបានធ្វើឲ្យពួកកម្មករក្នុងចំនួនយ៉ាងច្រើនប្រញាប់ប្រញាល់វិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាវិញ។ ហើយនេះជាស្ថានភាពភ័យស្លន់ស្លោមួយ‍»។

ទោះយ៉ាងណាក៏ដោយ លោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារបានប្រកាសពន្យារការប្រើប្រាស់ច្បាប់ការងារថ្មីនេះចំនួន៦ខែ។ លោក Panitan Wattanayagorn ជាទីប្រឹក្សាលោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីបាននិយាយថា កត្តាវិជ្ជមាននៃក្រឹត្យច្បាប់នោះរួមមានការពារកម្មករចំណាកស្រុកហើយនិងសិទ្ធិរបស់និយោជក ក៏ប៉ុន្តែ មានការពិន័យយ៉ាងខ្លាំងបំផុតចំពោះការរំលោភច្បាប់នោះ។ លោក Panitan បាននិយាយទៀតថា ការអនុវត្តច្បាប់នោះជាគន្លឹះដ៏សំខាន់ហើយទីភ្នាក់ងាររបស់រដ្ឋាភិបាលត្រូវបានអំពាវនាវឲ្យស្វែងរកដំណោះស្រាយក្នុងរយៈពេលអន្តរកាល៦ខែ។ លោក Panitan ប្រាប់ VOA ថា៖ «ការអនុវត្តក្រឹត្យច្បាប់នោះត្រូវតែមានការសម្របសម្រួលរវាងក្រសួងនានា រវាងក្រសួងការងារ ក្រសួងការបរទេសជាមួយ និងក្រសួងមហាផ្ទៃហើយទីបំផុតនៅក្នុងរយៈពេលអន្តរកាលនោះ នឹងមានផលប៉ះពាល់ទៅលើការអនុវត្តច្បាប់នោះ‍»។ ផ្នែកពាណិជ្ជកម្មមានការប៉ះពាល់យ៉ាងខ្លាំងដោយក្រឹត្យច្បាប់នេះនៅពេលដែលកម្មករបានរត់គេចខ្លួន ឬត្រូវក្រុមហ៊ុនបណ្តេញចេញពីការងារដោយការភ័យខ្លាចពីការកាត់ទោស។

ក្នុងប្រទេសកម្ពុជា ក្រុមមន្ត្រីបានបិទច្រកឆ្លងព្រំដែនជាង៤០ចូលក្នុងប្រទេសថៃ ដោយជជែកឲ្យហេតុផលថា ដើម្បីរារាំងជនជាតិកម្ពុជាមិនឲ្យចូលក្នុងប្រទេសថៃហើយដើម្បីឲ្យពួកគេជៀសវាងការប្រឈមការពិន័យ។កសិករថៃដែលយកកម្មករកម្ពុជានៅតាមព្រំដែនធ្វើការជាប្រចាំថ្ងៃ បានត្រូវបង្ខំចិត្តចាកចេញដោយគ្មានកម្មករក្រោយពីច្រកទ្វារព្រំដែនបានបិទ។ នៅព្រំដែនថៃនិងមីយ៉ាន់ម៉ាវិញ កន្លែងឆែកឆេរប៉ូលិស២បានត្រូវបិទនៅពេលមានការចោទប្រកាន់ថា ប៉ូលិសថៃ បានគំរាមកំហែងទារសំណូកពីកម្មករចំណាកស្រុក។

លោក Boonchai Chailert ប្រធានសមាគមការងារទេសចរណ៍ទីក្រុងឈៀងម៉ៃ បាននិយាយថា ច្បាប់ទាំងនោះបានបង្កើតបញ្ហាដល់ពាណិជ្ជកម្មតូចៗ រួមទាំងវិស័យទេសចរណ៍នៅក្នុងបណ្តាខេត្តភាគខាងជើង។ ការព្រួយកង្វល់ចម្បងរបស់លោករបស់លោកគឺកម្មករនឹងមិនវិលត្រឡប់មកវិញ។ លោក Boonthai និយាយថា៖ «ពួកគេបានចាកចេញហើយ ពួកគេវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឬទៅកាន់ប្រទេសកម្ពុជា ឬឡាវវិញដើម្បីអភិវឌ្ឍន៍ប្រទេសរបស់ពួកគេវិញ។ ពួកគេមានបទពិសោធន៍នៅក្នុងប្រទេសថៃ។ ពួកគេវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញហើយ។ ខ្ញុំគិតថា គោលនយោបាយរបស់រដ្ឋាភិបាលថៃជាកំហុសដ៏ធំបំផុត‍»។

ក៏ប៉ុន្តែ ក្រុមហ៊ុនឧស្សាហកម្មថៃធំៗដែលជួលកម្មករចំណាកស្រុកមានច្បាប់ត្រឹម ត្រូវរួចហើយ បាននិយាយថា ពួកគេគាំទ្រច្បាប់នេះ។ ថៃកំពុងធ្វើការជាមួយអង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិដើម្បីបង្កើតការចុះឈ្មោះត្រឹមត្រូវមួយសម្រាប់កម្មករចំណាកស្រុក ដោយធ្វើកិច្ចព្រមព្រៀងការងារជាមួយរដ្ឋាភិបាលកម្ពុជា មីយ៉ាន់ម៉ា និងឡាវ។

ក៏ប៉ុន្តែ លោក Nilim Baruah ជាអ្នកឯកទេសខាងការស្រាវជ្រាវរបស់អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិនិយាយថា ខណៈដែលផ្នែកនានានៃច្បាប់នេះបានទទួលការស្វាគមន៍ បញ្ហាគឺការខ្វះការពិគ្រោះ។លោក Baruah បាននិយាយថា៖ «បញ្ហាគឺថា មិនមានការពិគ្រោះច្បាប់ព្រាងចុងក្រោយ ជាមួយនិយោជក សហជីព អង្គការក្រៅរដ្ឋាភិបាល ឬសូម្បីជាមួយអង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ។ វានឹងមានភាពប្រសើរឡើង បើមានការពិគ្រោះ ការធ្វើសវនាការសាធារណៈដូចដែលពួកគេគ្រោងធ្វើនៅពេលឥឡូវនេះ‍»។លោកបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញនូវការពិន័យ និងរយៈពេលនៃការជាប់ពន្ធនាគារ និងការបន្ធូរបន្ថយការរឹតត្បិតលើការផ្លាស់ទីកន្លែងរបស់កម្មករចំណាកស្រុក។ ការធ្វើកំណែទម្រង់ពលកម្មថៃពាក់ព័ន្ធនឹងកម្មករអន្តោប្រវេសន៍កើតមានឡើងនៅពេលដែលប្រទេសថៃកាលពីពេលថ្មីៗនេះបានទទួលព័ត៌មានថា ខ្លួនស្ថិតនៅ លំដាប់ថ្នាក់លេខ២ ឬ Tier 2 នៅលើបញ្ជីជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក។

លោក Sirichai Distakul រដ្ឋមន្ត្រីក្រសួងការងារថៃ បាននិយាយថា ការពិន័យរបស់ច្បាប់ថ្មី ធ្វើស្របទៅតាមច្បាប់នានាដែលជាប់ទាក់ទិនទៅនឹងការជួញដូរមនុស្ស និងការប្រើកម្លាំងកុមារ។ ក៏ប៉ុន្តែ ពួកសកម្មជនសិទ្ធិការងារនិយាយថា ការព្រួយកង្វល់គឺច្បាប់នោះនៅតែបើកចំហរឲ្យពួកមន្ត្រីក្នុងមូលដ្ឋានប្រព្រឹត្តអំពើពុករលួយ៕

website_news/2017070710.txt · Last modified: 2017/07/07 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki