website_news:2017070713

ចំនួននៃការជួញដូរមនុស្សនៅមិនទាន់ដឹងនៅឡើយក្នុងសមរភូមិដែននេសាទរបស់ឥណ្ឌូណេស៊ី

https://khmer.voanews.com 06 កក្កដា 2017

ហ្សាការតា៖ ការផ្តោតយកចិត្តទុកដាក់របស់ប្រទេសឥណ្ឌូណេស៊ី បានឈានទៅដល់ការរក្សាសន្តិសុខដែននេសាទរបស់ខ្លួនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joko “Jokowi” Widodo គឺក្នុងន័យដើម្បីពង្រីកស្មារតីជាតិនិយមដែលមានស្ទើរគ្រប់វិស័យឧស្សាហកម្មទាំងអស់ រាប់ចាប់តាំងពីការរុករកប្រេង រហូតដល់ការចម្រាញ់ប្រេងដូង ក្នុងប្រទេសដែនដីកោះមួយនេះ។ ប៉ុន្តែសមរភូមិដែននេសាទនេះ មិនមែនពាក់ព័ន្ធតែលើបញ្ហាធនធានធម្មជាតិប៉ុណ្ណោះទេ។ វាក៏ជាប់ពាក់ព័ន្ធនឹងបញ្ហាធនធានមនុស្សដែរ ជាក់ស្តែងការជួញដូរ និងរំលោភបំពានកម្លាំងពលកម្មរបស់កម្មករនេសាទមកពីប្រទេសឥណ្ឌូណេស៊ី និងប្រទេសជិតខាង។ ដោយហេតុតែការត្រួតពិនិត្យលើឧស្សាហកម្មនេសាទនៅតំបន់អាស៊ីអាគ្នេយ៍ នៅមានភាពធូររលុងនៅឡើយ នោះចំនួនជាក់ស្តែងនៃជនរងគ្រោះមិនទាន់ត្រូវបានកំណត់ឲ្យច្បាស់លាស់នៅឡើយទេ។ ក៏ប៉ុន្តែ មានសញ្ញាបង្ហាញថា ចំនួនជនរងគ្រោះមានច្រើន។

តាមរយៈការស៊ើបអង្កេតមួយក្នុងឆ្នាំ២០១៦ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Associated Press បានរកឃើញថា មានកម្មករនេសាទចំនួន ៤.០០០ នាក់ មកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងថៃ ដែលត្រូវបានគេជួញដូរទៅកោះ Maluku ប្រទេសឥណ្ឌូណេស៊ី។ បើតាមការអង្កេតមួយផ្សេងទៀត ដែលធ្វើឡើងចាប់តាំងពីឆ្នាំ២០១៦ដែរនោះ ដោយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ឬហៅកាត់ថា IOM បានសរសេរថា មានជនរងគ្រោះនៃការជួញដូរមនុស្សជាង១.១០០ នាក់ ក្នុងប្រទេសឥណ្ឌូណេស៊ី។

លោក Paul Dillon អ្នកគ្រប់គ្រងគម្រោងនៃអង្គការ IOM បាននិយាយថា៖ «កម្មករនេសាទស្ថិតក្រោមស្ថានភាពដែលអាចឲ្យយើងនឹកឃើញដល់ស្ថានភាពក្នុងអតីតកាលនៅសតវត្សរ៍ទី១១ ជាជាងសតវត្សរ៍ទី២១។ កម្មករទាំងនោះ ត្រូវរងការវាយដំនឹងទំពក់ និងកន្ទុយបបែល រងការបង្អត់អាហារ និងការបង្អត់ដំណេក ហើយជិត៨០ភាគរយនៃកម្មករដែលបានផ្តល់សម្ភាសន៍ បាននិយាយថា ពួកគេធ្វើការជាង១៦ម៉ោង ក្នុងមួយថ្ងៃ‍»។

ការបង្រ្កាបដោយកំរោល

លោក Dillon បាននិយាយថា៖ «នាវាដែលមានករណីជួញដូរមនុស្ស ក៏ជាប់ពាក់ព័ន្ធនឹងករណីនេសាទខុសច្បាប់ ករណីនេសាទដែលមិនបានជូនដំណឹង និងគ្មានការអនុញ្ញាត។ នាវាជាច្រើននៅរាយប៉ាយលើផ្ទៃសមុទ្រ និងធ្វើឲ្យទិន្នផលត្រីប្រែប្រួលដែលធ្វើឲ្យក្រុមហ៊ុនស្របច្បាប់នានា ប្រកបរបរលែងបាន និងធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចតំបន់ឆ្នេរ ដែលបានផ្តល់ផលចំណេញរាប់សិបលានដុល្លារដល់ប្រជាជនឥណ្ឌូណេស៊ីសាមញ្ញ‍»។

ក្រសួងនេសាទរបស់ឥណ្ឌូណេស៊ីបានប៉ាន់ប្រមាណថា ទឹកប្រាក់នៃការនេសាទខុសច្បាប់ មានចំនួនជាង៣០ទ្រីលាន Rupiah (ស្មើនឹងប្រមាណ ៣,១ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ខណៈពេលដែលសម្ព័ន្ធប្រជាជនសម្រាប់ការនេសាទដោយយុត្តិធម៌ ឬហៅកាត់ថា KIARA បានបញ្ជាក់ថា ចំនួនទឹកប្រាក់នៃការនេសាទខុសច្បាប់នេះ មានច្រើនជាងនេះទៅទៀត គឺរហូតដល់៥០ទ្រីលាន Rupiah ឬ៥,២ ពាន់លានដុល្លារ ដោយមិនទាន់រាប់បញ្ចូលការខាតបង់ចំណូលពន្ធ ឬការបំផ្លាញបរិស្ថានផង។ ក្នុងឆ្នាំ២០១៦ ក្រសួងនេសាទបានប្រកាសអំពីការធ្វើសវនកម្មសិទ្ធិមនុស្សពាក់ព័ន្ធនឹងការជួញដូរមនុស្សក្នុងដែនសមុទ្រ ប៉ុន្តែលទ្ធផលមិនទាន់ត្រូវបានគេផ្សព្វផ្សាយនៅឡើយ។ ក្នុងរបាយការណ៍នេះ រដ្ឋមន្រ្តីក្រសួងនេសាទលោកស្រី Susi Pudjiastuti បានប៉ាន់ប្រមាណថា មានបុគ្គលិកនាវិកឥណ្ឌូណេស៊ីប្រមាណ ២៥០.០០០នាក់ បម្រើការនៅលើនាវាបរទេសដែលប្រតិបត្តិការទូទាំងប្រទេស ដែលមិនទាន់ទទួលបានការការពារនៅឡើយ។

បញ្ហារាលដាលក្នុងតំបន់

របាយការណ៍របស់ក្រសួងនេសាទនិងអង្គការ IOM ក៏បានរៀបរាប់លម្អិតអំពីវប្បធម៌នៃ«ការជ្រើសរើសការងារបែបឆបោក ដែលមានការរំលោភបំពាន និងមិនផ្តល់ប្រាក់ខែ និងអំពើឃាតកម្មនានាក្នុងឧស្សាហកម្មនេសាទ។វាមិនមែនជាការងាយស្រួលក្នុងការកំណត់បញ្ហានៅតាមកម្រិតថ្នាក់ជាតិឡើយ។ តាមការស៊ើបអង្កេតរបស់ទីភ្នាក់ងារសារព័ត៌មាន Associated Press កម្មករចំណាកស្រុកភាគច្រើន គឺមកពីប្រទេសមីយ៉ាន់ម៉ា ហើយត្រូវបានគេដឹងថា ត្រូវបានគេដាក់ក្នុងទ្រុង និងធ្វើទារុណកម្ម។

ក្នុងឆ្នាំ២០១៥ ជនជាតិថៃ៥នាក់ និងឥណ្ឌូណេស៊ី៣នាក់ ត្រូវបានកាត់ទោសក្នុងករណីជួញដូរមនុស្សក្នុងវិស័យឧស្សាកម្មអាហារសមុទ្រ។ បុរសជនជាតិមីយ៉ាន់ម៉ាម្នាក់ ដែលបានរួចខ្លួនត្រឡប់មកដីគោកវិញ បានរៀបរាប់សាច់រឿងរបស់លោកអំពីអំពើទាសភាពដែលបានកើតឡើងក្នុងរយៈពេលមួយទសវត្សរ៍នៅលើទូកនេសាទថៃ។

លោក Dillon បាននិយាយថា យើងនៅតែមិនទាន់ដឹងពីចំនួនមនុស្សដែលត្រូវបានគេជួញដូរ និងកំពុងលុងខ្លួនក្នុងឧស្សាហកម្មនេសាទនេះនៅឡើយទេ។ ក្រុមការងារពិសេសរបស់រដ្ឋាភិបាលលោក Jokowi ប្រឆាំងការនេសាទខុសច្បាប់ ដែលមានសមាភាពក្រុមប៉ូលិសជើងទឹក ក្រុមល្បាតសមុទ្រ និងកងទ័ពជើងទឹក ទំនងដូចជាបានទប់ស្កាត់ជនល្មើសថ្មីៗមួយចំនួនដែរ ប៉ុន្តែក្រុមការងារពិសេសនេះបាននិយាយដោយត្រង់ៗប្រាប់ VOA កាលពីសប្តាហ៍មុនថា ធនធានក្នុងការធ្វើការងាររបស់ពួកគេនៅមានកម្រិតនៅឡើយ។

លោក Mas Achmad Santosa បានប្រាប់ VOA ថា រហូតមកដល់ពេលនេះ ក្រុមការងារពិសេសបានធ្វើការស៊ើបអង្កេតរកឃើញនាវាចំនួន ១៨៦គ្រឿង មានពាក់ព័ន្ធនឹងករណីការជួញដូរមនុស្ស។ ក្រុមការងារពិសេសនេះ ក៏បានសហការជាមួយអង្គការ IOM ប្រចាំនៅប្រទេសឥណ្ឌូណេស៊ី និងក្រសួងធនធានមនុស្ស ដើម្បីបញ្ជូនជនរងគ្រោះនៃការជួញដូរមនុស្សចំនួន ១.៣៤២នាក់ ត្រឡប់ទៅប្រទេសកំណើតរបស់គេវិញរៀងៗខ្លួន ដូចជាប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា និងថៃ។

ការបង្ការទប់ស្កាត់ និងការស្តារសម្បទា

លោក Santosa បាននិយាយថា យោងតាមច្បាប់ការងាររបស់ឥណ្ឌូណេស៊ី «កង្វះខាតទាំងច្បាប់ជាតិ និងអន្តរជាតិក្នុងការការពារកម្មករឥណ្ឌូណេស៊ីដែលធ្វើការឲ្យនាវានេសាទបរទេស បានធ្វើឲ្យជនរងគ្រោះងាយនឹងរងការកេងប្រវ័ញ្ច និងការរំលោភបំពាន‍»។ លោកបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីមានច្បាប់ដើម្បីតាមដានសកម្មភាពកម្មករចំណាកស្រុកចាប់តាំងពីឆ្នាំ២០០៤មកម៉្លេះ ប៉ុន្តែច្បាប់នោះ (ច្បាប់លេខ ៣៩) ផ្តោតលើតែ«កម្មករធ្វើការនៅលើដីគោក‍» ដែលធ្វើឲ្យសិទ្ធិកម្មករធ្វើការនៅលើសមុទ្រ មិនទាន់មានលក្ខណៈច្បាស់លាស់នៅឡើយ។លោកបានបន្ថែមថា៖ «មន្រ្តីនៅតាមកំពង់ផែភាគច្រើន មិនបានដឹងពីទម្រង់នៃការរំលោភបំពានសិទ្ធិមនុស្សដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ ជាពិសេសការជួញដូរ‍»។

ទោះជាយ៉ាងណាក៏ដោយ ក៏មានការផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការជួយជនរងគ្រោះនៃការជួញដូរមនុស្សត្រឡប់ទៅប្រទេសកំណើតវិញដែរ ជាក់ស្តែងតាមរយៈច្បាប់ប្រឆាំងការជួញដូរឆ្នាំ២០០៧ របស់ប្រទេសឥណ្ឌូណេស៊ី គឺបានផ្តល់សិទ្ធិឲ្យពួកគេទទួលបានសុខុមាលភាព ការគាំទ្រផ្នែកចិត្តសាស្រ្ត និងការប្រឹក្សាយោបល់ ជម្រកបណ្តោះអាសន្ន និងជំនួយផ្នែកច្បាប់ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០១៦របស់វិទ្យាស្ថាន NEXUS។ ប៉ុន្តែជនរងគ្រោះដែលត្រឡប់ទៅប្រទេសកំណើតវិញ មិនបានទទួលសេវាសង្គមទូទៅគ្រប់គ្រាន់ឡើយ ជាក់ស្តែងជនរងគ្រោះដែលមានស្ថានភាពមិនស្ថិតចំក្នុងក្រុមជនរងគ្រោះនៃការជួញដូរមនុស្ស នេះបើយោងតាមរបាយការណ៍ដដែលនេះ។

រូបភាពដ៏ធំស្ថិតពីក្រោយសកម្មភាពនៃការនេសាទបែបមិនចីរភាព និងខុសច្បាប់បែបនេះ គឺបណ្តាលមកពីតម្រូវការនៃអាហារសមុទ្រទូទាំងសាកលលោកដែលចេះតែកើនឡើង។ ក្នុងករណីនេះ លោក Dillon បាននិយាយថា៖ «មានតែតម្រូវការអាហារសមុទ្ររបស់អតិថិជនមិនប្រែប្រួល ការបញ្ឈប់ការលក់អាហារសមុទ្រដែលនេសាទដោយទាសករនៅក្នុងផ្សារទំនើប និងភោជនីយដ្ឋានទេ ទើបអាចធ្វើឲ្យភាគីពាក់ព័ន្ធទាំងនោះទទួលខុសត្រូវ ហើយបកក្បាលកប៉ាល់របស់ពួកគេត្រឡប់មកវិញ‍»៕

website_news/2017070713.txt · Last modified: 2017/07/07 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki