website_news:2017070805

លោក ហ៊ុន ម៉ាណែត ប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារ របស់គណៈកម្មការ ផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា នៅថៃ

http://www.c-e-n-news.html (ថ្ងៃទី 7 សីហា 2017, ម៉ោង 10:46:AM) | ដោយ: មុនីរាជ

ភ្នំពេញ: លោកហ៊ុន ម៉ាណែត បានប្រជុំពិភាក្សាការងារ ជាមួយក្រុមការងារ របស់គណៈកម្មការ ផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។ កិច្ចពិភាក្សា គឺផ្តោតទៅលើការវាយតម្លៃ ការងារកន្លងមក និងរិះរកមធ្យោបាយនានា ដើម្បីបង្កើនល្បឿន ក្នុងការផ្តល់លិខិតឆ្លងដែន និងលិខិតធ្វើដំណើរ ជូនដល់បងប្អូនពលករខ្មែរ នៅប្រទេសថៃ។

លោកហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណ ដល់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ក្នុងការផ្តល់លិខិតឆ្លងដែន និងលិខិតធ្វើដំណើរ ដល់ពលករខ្មែរយើង នៅទីនោះ ក៏ដូចជាជួយដោះស្រាយ បញ្ហាជាច្រើន ជូនដល់ពលករខ្មែរយើង ដែលជួបប្រទះនឹងបញ្ហានានា ក្នុងពេលកន្លងមក ទោះបីជាចំនួនមន្ត្រីក្រុមការងារ នៅមានកំណត់នៅឡើយ បើធៀបជាមួយនឹង ទំហំការងារ។

សូមបញ្ជាក់ដែរថា កន្លងទៅ រាជរដ្ឋាភិបាល បានចាត់វិធានការ ជាច្រើន និងជាបន្តបន្ទាប់ ដើម្បីជួយដល់បងប្អូន ពលករខ្មែរយើង នៅប្រទេសថៃ ដូចជាការបញ្ជូនមន្ត្រី ទៅធ្វើលិខិតឆ្លងដែន និងលិខិតធ្វើដំណើរ ជូនពលករខ្មែរយើង នៅក្នុងប្រទេសថៃ ការបញ្ជូនក្រុមការងារ ដើម្បីបើកលិខិតឆ្លងដែន ជូនពលករខ្មែរយើង នៅទីក្រុងបាងកក និងតាមបណ្តាខេត្ត មួយចំនួន ដែលជាលទ្ធផល ក្រុមការងារ បានប្រគល់លិខិតឆ្លងដែន និងលិខិតធ្វើដំណើរជាង ៧ ម៉ឺនក្បាល ជូនដល់បងប្អូនពលករខ្មែរ ក្នុងរយៈពេល កន្លងមកនេះ។ ទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល បានដាក់ចេញនូវ វិធានការបន្ថែម ជាបន្តបន្ទាប់ទៀត ដើម្បីជួយអោយការផ្តល់ ភាពស្របច្បាប់ជូន បងប្អូនពលករខ្មែរ កាន់តែប្រព្រឹត្តិទៅ ដោយរលូន និងប្រសិទ្ធភាព។

ជាក់ស្តែង ចាប់ពីដើមខែសីហានេះ រាជរដ្ឋាភិបាល បានរៀបចំជាយុទ្ធនាការថ្មីមួយ ដែលរួមមានវិធានការ មួយចំនួនដូចជា៖

១) បន្ថែមចំនួនមន្ត្រីក្រុមការងារ ដើម្បីជួយបង្កើនល្បឿន ក្នុងការបើកចែក លិខិតឆ្លងដែន និងលិខិតធ្វើដំណើរ។

២) បង្កើនក្រុមការងារ តាមបណ្តាខេត្តមួយចំនួន ដែលមានពលករខ្មែរ ធ្វើការច្រើន និងសម្រួលនិតិវិធី ដើម្បីអោយបងប្អូនពលករ អាចស្នើសុំ និងទទួលលិខិតឆ្លងដែន និងលិខិតធ្វើដំណើរ នៅខេត្តទាំងនោះ ដោយមិនចាំបាច់ធ្វើដំណើរ មកទីក្រុងបាងកក។

៣) រៀបចំក្រុមការងារ ចុះចែកលិខិតឆ្លងដែន និងលិខិតធ្វើដំណើរ ដល់ពលករផ្ទាល់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានពលករខ្មែរ ធ្វើការច្រើន។

៤) រៀបចំក្រុមការងារថ្មី ដើម្បីទទួលពាក្យស្នើសុំ ធ្វើលិខិតធ្វើដំណើរថ្មី សម្រាប់ពលករ ដែលមិនធ្លាប់បាន ដាក់ពាក្យសុំពីមុនមក។

ដើម្បីកាត់បន្ថយ ការរង់ចាំរបស់ បងប្អូនពលករ ក្នុងយន្តការថ្មីនេះ ក្រុមការងារ បានរៀបចំលក្ខណៈ ដើម្បីធ្វើលិខិតធ្វើដំណើរ អោយបានចប់សព្វគ្រប់ និងប្រគល់ជូន បងប្អូនពលករយើង ក្នុងថ្ងៃដដែលតែម្តង ដោយមិនចាំបាច់រង់ចាំ ដូចលើកមុន។ ក្រៅពីនោះ គណៈកម្មការ ផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានស្នើសុំអោយភាគីថៃ ជួយសម្រួល ដល់ការផ្តល់ Stay Permit និង Work Permit ដល់បងប្អូនពលករខ្មែរ ដែលបានទទួលលិខិតឆ្លងដែន និងលិខិតធ្វើដំណើរ អោយបានឆាប់រហ័ស ផងដែរ ៕N/S

website_news/2017070805.txt · Last modified: 2017/09/07 16:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki