website_news:2017070806

ដើមខែសីហា រាជរដ្ឋាភិបាល បង្កើនក្រុមការងារបន្ថែម ក្នុងការចែកលិខិតឆ្លងដែន ដល់ពលករខ្មែរនៅថៃ

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, 07 សីហា ២០១៧ 11:27 ដោយ: អេង ប៊ូឆេង ID:013

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានអះអាងថា នៅដើមខែសីហា ឆ្នាំ២០១៧ រាជរដ្ឋាភិបាល បានរៀបចំយុទ្ធនាការបន្ថែមចំនួនមន្ត្រី និងក្រុមការងារ ដើម្បីជួយបង្កើនល្បឿន ក្នុងការចែកលិខិតឆ្លងដែន និងលិខិតធ្វើដំណើរ ដល់ពលករខ្មែរ ធ្វើការងារនៅក្នុងប្រទេសថៃ។ លោក ហ៊ុន ម៉ាណែត បានប្រសាសន៍ក្នុងពិធី ពិភាក្សាការងារ ជាមួយក្រុមការងាររបស់គណៈកម្មការ ផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ថា កិច្ចពិភាក្សាផ្តោតលើការវាយតម្លៃការងារ កន្លងមក និងរិះរកមធ្យោបាយនានា ដើម្បីបង្កើនល្បឿន ក្នុងការផ្តល់លិខិតឆ្លងដែន និងលិខិតធ្វើដំណើរ ជូនដល់ពលករខ្មែរនៅថៃ ។

លោកថា “ចាប់ពីដើមខែសីហានេះ រាជរដ្ឋាភិបាលបានរៀបចំ ជាយុទ្ធនាការថ្មីមួយ ដែលរួមមានវិធានការមួយចំនួនដូចជា បន្ថែមចំនួនមន្ត្រីក្រុមការងារ ដើម្បីជួយបង្កើនល្បឿន ក្នុងការបើកចែកលិខិតឆ្លងដែន និងលិខិតធ្វើដំណើរ”។ លោកបន្ថែមថា ការបង្កើនក្រុមការងារ តាមបណ្តាខេត្តមួយចំនួន ដែលមានពលករខ្មែរធ្វើការច្រើន និងសម្រួលនីតិវិធី ដើម្បីឲ្យពលករអាចស្នើសុំ និងទទួលលិខិតឆ្លងដែន និងលិខិតធ្វើដំណើរនៅខេត្តទាំងនោះ ដោយមិនចាំបាច់ធ្វើដំណើរ មកទីក្រុងបាងកក និងរៀបចំក្រុមការងារចុះចែកលិខិតឆ្លងដែន និងលិខិតធ្វើដំណើរដល់ពលករផ្ទាល់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានពលករខ្មែរធ្វើការ។ លោកអះអាងថា ក្នុងនោះក៏បានការរៀបចំក្រុមការងារថ្មី ដើម្បីទទួលពាក្យស្នើសុំ ធ្វើលិខិតធ្វើដំណើរថ្មី សម្រាប់ពលករ ដែលមិនធ្លាប់បានដាក់ពាក្យសុំពីមុនមក ដើម្បីកាត់បន្ថយការរង់ចាំរបស់ពលករ ក្នុងយន្តការថ្មីនេះ ហើយក្រុមការងារបានរៀបចំលក្ខណៈ ដើម្បីធ្វើលិខិតធ្វើដំណើរឲ្យចប់សព្វគ្រប់ និងប្រគល់ឲ្យពលករក្នុងថ្ងៃដដែល ដោយមិនចាំបាច់រង់ចាំដូចមុន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់វិធានការជាច្រើន និងជាបន្តបន្ទាប់ ដើម្បីជួយដល់ពលករខ្មែរ នៅថៃ ដូចជា ការបញ្ជូនមន្ត្រីទៅធ្វើលិខិតឆ្លងដែន និងលិខិតធ្វើដំណើរជូនពលករខ្មែរ នៅក្នុងប្រទេសថៃ ហើយរហូតមកដល់ពេល ក្រុមការងារបានប្រគល់លិខិតឆ្លងដែន និងលិខិតធ្វើដំណើរជាង ៧ម៉ឺនក្បាល ជូនដល់ពលករខ្មែរ៕

website_news/2017070806.txt · Last modified: 2017/09/07 16:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki