website_news:2017070901

វគ្គបណ្តុះបណ្តាលនគរបាលជាតិ ស្តីពីនីតិវិធីនៃការស៊ើបអង្កេតបទល្មើសប្រឆាំងកាជួញដូរមនុស្ស

http://police.gov.kh/blog/ 4:25 pm 6 កញ្ញា 2017

សៀមរាប ៖ វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការស៊ើបអង្កេតបទល្មើសប្រឆាំងការជួញដូរមនុស្ស ត្រូវបានរៀបចំឡើងនៅស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹម សុវណ្ណាពុធ ឧត្តមសិក្សាកំរិត១នៃសាលាបណ្ឌិត្យសភានគរបាលជាតិ ជាគ្រូបង្កោល ឯកឧត្តម ឧត្តមសេនីយ៍ទោ សេន សត្យា ឧត្តមសិក្សាកំរិត១ នៃសាលាបណ្ឌិត្យសភានគរបាលជាតិ ជាគ្រូបង្គោល ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម ភាព អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូមនុស្ស និងការពារអនីតិជន សហការជាមួយលោក កែ ហុកស្រ៊ុន តំណាងអង្គការ(IGM) ។

អញ្ចើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាឱកាសនោះ មានអស់លោក លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្ត្រីជំនាញប្រឆាំងការជួញដូរមនុស្ស មកពីបណ្តាខេត្តចំនួនបី មានខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តសៀមរាប និងវរៈការពារព្រំដែនសរុបចំនួន៥០នាក់ផងដែរ ។

គោលបំណងក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ គឺសំដៅបង្កើនសមត្ថភាព និងចំណេះដឹងជូនដល់មន្ត្រីនគរបាលជាតិ ដែលជាអ្នកអនុវត្តច្បាប់ឲ្យបានកាន់តែយល់ច្បាស់ ក្នុងការអនុវត្តនីតិវិធីនៃការស៊ើបអង្កេតស្រាវជ្រាវបទល្មើសដែលពាក់ព័ន្ធទៅនឹងការកេងប្រវ័ញ្ច និងការគំរៀមគំហែងបំពារបំពានពលកម្ម ការជួញដូរផ្លូវភេទលើកុមារតាមគ្រប់រូបភាព និងធ្វើការស្រាវជ្រាវស៊ើបអង្កេត និងការពារកន្លែងកើតហេតុឲ្យបានល្អ ឈានទៅវែកមុខជនប្រព្រឹត្តល្មើស និងធ្វើការបង្ក្រាបបានទាន់ពេលវេលា យកមកផ្តន្ទាទោសសចំពោះមុខច្បាប់ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹម សុវណ្ណាពុធ ក៏បានផ្តាំផ្ញើសូមឲ្យសិក្ខាកាមក្នុងវគ្គទាំងអស់ត្រូវខិតខំសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្តឲ្យបានចំគោលការណ៍ និងទិសដៅ និងដើម្បីរួមគ្នាបង្ការទប់ស្កាត់នូវរាល់ល្បិចកលពពួកឧក្រិដ្ឋជនឆ្លងដែន ឈានទៅបង្ក្រាបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ៕

website_news/2017070901.txt · Last modified: 2017/09/07 11:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki