website_news:2017070904

ត្រូវបានជួយសង្គ្រោះពី Saudi Arabia មិនបន្ទោសមន្ត្រីដែលបញ្ជូននាងទៅ

http://www.phnompenh-post-news.html Thu, 7 September 2017 Daphne Chen and គង់ មេត្ដា

ភ្នំពេញៈ ស្ត្រីបម្រើការងារតាមផ្ទះជនជាតិកម្ពុជាម្នាក់ដែលត្រូវបានជួយសង្គ្រោះពីប្រទេស Saudi Arabia កាលពីខែមុនបន្ទាប់ពីចំណាយពេល ១២ ឆ្នាំធ្វើការដោយមិនមានប្រាក់ឈ្នួលបានថ្លែងថានាងមិនបន្ទោសមន្ត្រីរដ្ឋាភិបាល ដែលបញ្ជូននាងទៅនោះទេ បើទោះបីមានការអះអាងថាស្ត្រីបម្រើការងារតាមផ្ទះទីពីរម្នាក់ទៀតស្ថិតនៅក្នុងស្ថានភាពដូចគ្នាក៏ដោយ។

កញ្ញា សូស រ៉ូទ័រ អាយុ ២៨ ឆ្នាំមកពីខេត្តកំពង់ធំដែលត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេស Saudi Arabia កាលពីឆ្នាំ ២០០៥ ដែលកាលណោះជាយុវតីម្នាក់ថ្លែងថានាងមានអារម្មណ៍ «សោកស្តាយ» ចំពោះមេដឹកនាំសហគមន៍អ៊ិស្លាមល្បីឈ្មោះលោក អាម៉ាត់ យ៉ះយ៉ា ដែលត្រូវបានបណ្តេញចេញពីតំណែងនៅក្រសួងសង្គមកិច្ចកាលពីសប្តាហ៍មុន។ កញ្ញា រ៉ូទ័រ ថ្លែងថា៖ «វាមិនមែនជាកំហុសរបស់គាត់ទេ ខ្ញុំជាអ្នកដែលសុំការងារគាត់»។ «ប្រសិនបើខ្ញុំជារដ្ឋាភិបាល ខ្ញុំនឹងមិនដកគាត់ចេញពីតំណែងទេ។ គាត់ជាមនុស្សចិត្តល្អ»។

មន្ត្រីរដ្ឋាភិបាលបានថ្លែងថា ទីភ្នាក់ងារជ្រើសរើសពលកររបស់លោក យ៉ះយ៉ា ដែលឥឡូវនេះបិទទ្វារបានប្រតិបត្តិការខុសច្បាប់ក្នុងការបញ្ជូន កញ្ញា រ៉ូទ័រ ទៅប្រទេស Saudi Arabia ដោយមិនទាន់មានការចុះអនុស្សរណៈនៃការយោគយល់គ្នា។

កាលពីម្សិលមិញរដ្ឋលេខាធិការក្រសួងការងារលោក អូស្មាន់ ហាសាន់ បានបង្ហោះរូបភាពស្ត្រីបម្រើការងារតាមផ្ទះជនជាតិកម្ពុជាទីពីរម្នាក់ទៀតដែលត្រូវបានជួញដូរទៅប្រទេស Saudi Arabia ហើយបានថ្លែងថាលោកកំពុងធ្វើការងារបញ្ជូននាងត្រឡប់មកកម្ពុជាវិញ។ លោក ហាសាន់ មិនបានឆ្លើយតបនឹងការទូរស័ព្ទជាច្រើនដងដើម្បីសុំអធិប្បាយកាលពីម្សិលមិញទេ។

លោក យ៉ះយ៉ា បានបញ្ជាក់នៅក្នុងសារកាលពីម្សិលមិញថាស្ត្រីបម្រើការងារតាមផ្ទះទីពីរគឺឈ្មោះ អេង ពៅ បានធ្វើដំណើរទៅប្រទេស Saudi Arabia កាលពីខែសីហាឆ្នាំ ២០០៥ គឺនៅក្នុងខែជាមួយគ្នានឹង កញ្ញា រ៉ូទ័រ។ លោកបានបដិសេធធ្វើអត្ថាធិប្បាយបន្ថែម។

បើតាម រ៉ូទ័រ នាងបានរស់នៅផ្ទះរបស់លោក យ៉ះយ៉ា រយៈពេលមួយសប្តាហ៍ ដើម្បីរៀនភាសាអារ៉ាប់មុនពេលធ្វើដំណើរទៅប្រទេស Saudi Arabia ជាមួយនឹងស្ត្រីខ្មែរប្រមាណ ១៩ នាក់ផ្សេងទៀត៕ PS

website_news/2017070904.txt · Last modified: 2017/09/07 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki