website_news:2017071101

អាមេរិកណាធ្លាប់ជាប់ទោសរំលោភផ្លូវភេទកុមារ ត្រូវបានកត់ត្រាក្នុងប៉ាស្ព័រ

http://www.postkhmer.com Tue, 7 November 2017 Daphne Chen

ភ្នំពេញ: ជនជាតិអាមេរិកដែលធ្លាប់ជាប់ទោសពីបទល្មើសផ្លូវភេទលើកុមារឥឡូវនេះនឹងត្រូវកំណត់អត្តសញ្ញាណនៅក្នុងទំព័រខាងក្រោយលិខិតឆ្លងដែន។ នេះបើយោងតាមក្រសួងការបរទេសអាមេរិកដែលបានប្រកាសកាលពីសប្តាហ៍មុនមកនេះ។ គោលនយោបាយនេះត្រូវបានតម្រូវក្រោមច្បាប់ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១៦ ដែលមានគោលបំណងការពារកុមារពីការរំលោភបំពានផ្លូវភេទ ឬកេងប្រវ័ញ្ចនៅក្នុងប្រទេសដទៃៗ។ ច្បាប់នេះត្រូវបានរិះគន់ដោយក្រុមតស៊ូមតិអាមេរិកមួយចំនួនដែលគាំទ្រអ្នកប្រព្រឹត្តបទល្មើសផ្លូវភេទដែលនិយាយថា ច្បាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទគឺមានលក្ខណៈទូលំទូលាយពេក។ ទោះយ៉ាងណាក្តីការកែប្រែនៃច្បាប់នេះត្រូវបានស្វាគមន៍ដោយមន្ត្រីរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា ដែលនិយាយថា ពួកគេមិនមានធនធានដើម្បីពិនិត្យប្រវត្តិរូបទៅលើជនបរទេសដែលព្យាយាមចូលមកក្នុងប្រទេស។

លោក សុខ វាសនា នាយកនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានថ្លែងថានាយកដ្ឋាននឹងធ្វើការបណ្តុះបណ្តាលមន្ត្រីអន្តោប្រវេសន៍ ដើម្បីពិនិត្យការកំណត់សម្គាល់នៅពេលពួកគេត្រូវបានជូនដំណឹងជាផ្លូវការអំពីការកែប្រែដោយរដ្ឋាភិបាលអាមេរិក។ លោក វាសនា បានថ្លែងបន្តថា៖ «[ច្បាប់នេះ] ជួយយើងកំណត់អត្តសញ្ញាណអ្នកប្រព្រឹត្តបទល្មើសផ្លូវភេទ ដោយសារភាគច្រើនបំផុតយើងមិនចង់ឲ្យពួកគេចូលក្នុងប្រទេសកម្ពុជានោះទេ»។ អ្នកកំណត់អត្តសញ្ញាណនឹងរារាំងមិនឲ្យមនុស្សមួយចំនួនចូលក្នុងប្រទេសដូចជា Robert Boehlein ដែលជាអ្នកប្រព្រឹត្តបទល្មើសផ្លូវភេទជនជាតិអាមេរិកដែលធ្លាប់ជាប់ទោស និងកំពុងប្រឈមមុខនឹងបទចោទប្រកាន់រំលោភសេពសន្ថវៈលើកុមារអាយុ ៥ ឆ្នាំក្នុងខេត្តបាត់ដំបងបន្ទាប់ពីចាកចេញពីសហរដ្ឋអាមេរិកដោយមិនជម្រាបដល់អាជ្ញាធរ។

ទោះយ៉ាងណាក្តីលោក Jim McCabe នាយកនៃអង្គភាពការពារកុមារបានថ្លែងថាសេចក្តីសម្រេចដាក់ឲ្យមានការសរសេរនៅទំព័រខាងក្រោយ «ហាក់បីដូចជារាងខ្សោយ» ដោយលើកឡើងនូវក្តីបារម្ភថាវាអាចនឹងត្រូវបិទបាំង ឬខកខានមិនបានសរសេរដោយមន្ត្រីអន្តោប្រវេសន៍។ លោក McCabe បានអំពាវនាវឲ្យអាមេរិកធ្វើតាមប្រទេសអូស្ត្រាលីដែលបានបោះឆ្នោតកាលពីខែមិថុនាដើម្បីដកហូតលិខិតឆ្លងដែនរបស់អ្នកប្រព្រឹត្តបទល្មើសផ្លូវភេទលើកុមារដែលធ្លាប់ជាប់ទោសនៅពេលមានសំណើពី «អាជ្ញាធរសមត្ថកិច្ច»។ ច្បាប់នេះត្រូវបានរំពឹងថានឹងចូលជាធរមាននៅខែធ្នូ (ខាងមុខនេះ)។ លោក McCabe បានថ្លែងបន្តថា៖ «វាជារឿងអកុសល»។ «ខ្ញុំគិតថាពួកគេ [អាមេរិក] បាត់បង់ឱកាសដើម្បីមានឥទ្ធិពលក្នុងការរារាំងពលរដ្ឋអាមេរិកមិនឲ្យធ្វើដំណើរទៅក្រៅប្រទេសបំពានការរំលោភបំពានទៅលើកុមារ»។

បើតាមការប្រកាសរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា អ្នកកំណត់អត្តសញ្ញាណនឹងសរសេរថា «អ្នកកាន់លិខិតឆ្លងដែននេះធ្លាប់ជាប់ទោសពីបទល្មើសផ្លូវភេទទៅលើកុមារ និងជាអ្នកប្រព្រឹត្តបទល្មើសផ្លូវភេទដែលស្ថិតនៅក្រោមច្បាប់អាមេរិក ២២ រដ្ឋផ្នែក ២១២ ខ (គ) (១)»។ ជនល្មើសផ្លូវភេទដែលធា្លប់ជាប់ទោសដែលដាក់ពាក្យសុំលិខិតឆ្លងដែនជាលើកទីមួយនឹងត្រូវបានចេញជាមួយនឹងការកំណត់អត្តសញ្ញាណ។ ចំពោះអ្នកដែលមានលិខិតឆ្លងដែនរួចហើយនឹងត្រូវដកលិខិតឆ្លងដែន ហើយនឹងត្រូវតម្រូវឲ្យដាក់ពាក្យសុំលិខិតឆ្លងដែនថ្មី៕ PS

website_news/2017071101.txt · Last modified: 2017/11/07 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki