website_news:2017071203

រដ្ឋាភិបាលជំរុញឲ្យបង្កើនកូតានាំពលករទៅកូរ៉េខណៈឡាវមានកិច្ចព្រមព្រៀងថ្មី

http://www.postkhmer.com/ Wed, 6 December 2017 បែន សុខហ៊ាន

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាកំពុងជំរុញឱ្យបង្កើនកូតានាំពលករទៅកូរ៉េខាងត្បូង ខណៈមានការបារម្ភពីការថយចុះកូតានេះដោយសារមានកិច្ចព្រមព្រៀងថ្មីមួយជាមួយឡាវ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ៦ ធ្នូនេះ បានថ្លែងថា លោកបានជួបជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េកាលពីថ្ងៃអង្គារ។ លោកបានប្រាប់កម្មកររោងចក្រថា៖«ពួកគេបានចាត់ទុកពលករកម្ពុជាថាមានស្តង់ដារ ការគោរពវិន័យនិងមានវិជ្ជាជីវៈខ្ពស់ ឯកឧត្តម អ៊ិត សំហេង ត្រូវពិភាក្សាជាមួយភាគីកូរ៉េ ដើម្បីបង្កើនកូតាសម្រាប់នាំពលករខ្មែរទៅនៅកូរ៉េ»។

លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បានថ្លែងកាលពីថ្ងៃអង្គារថា លោកបារម្ភថាកូតាអាចនឹងកាត់បន្ថយពេលកូរ៉េទើបចុះកិច្ចព្រមព្រៀងមួយជាមួយឡាវ ខណៈពេលនេះលោកថា មានពលរដ្ឋកម្ពុជាប្រមាណ៦០០០០នាក់កំពុងរស់នៅ និងធ្វើការនៅប្រទេសនេះ ហើយលោកសូមរក្សាកូតានៅចន្លោះពី៨០០០ទៅ៩០០០នាក់។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានថ្លែងថា មិនចាំបាច់បារម្ភទេដោយលោកបានបញ្ជាក់តាមរយៈសារមួយថា៖«[សាធារណរដ្ឋកូរ៉េ]តែងរក្សាទុកកូតាមួយសិតសម្រាប់ហេតុផលពិសេសនិងសំណូមពររបស់មិត្តភក្តិជិតស្និទ្ធ។ ដូច្នេះហើយដោយមានសំណូមពរជាពិសេសរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននោះចំនួនកូតាសរុបសម្រាប់ពលករកម្ពុជានៅឆ្នាំ២០១៨នឹងមិនត្រូវបានបដិសេធនោះទេប៉ុន្តែនឹងកើនឡើង»។ ស្ថានទូតកូរ៉េខាងត្បូងមិនអាចទាក់ទងបានទេ៕ NS/រាយការណ៍បន្ថែមដោយ Leonie Kijewski

website_news/2017071203.txt · Last modified: 2017/12/07 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki