website_news:2017080501

ក្រុមហ៊ុន (អាសាន អេភី) នាំពលករទៅក្រៅប្រទេសអត់អាជ្ញាប័ណ្ណត្រូវឃាត់ខ្លួន៤នាក់

http://www/kohsantepheapdaily ដោយ ៖ យន់ ស៊ីថា ថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ២៣:០៧ រាជធានីភ្នំពេញ ៖ កម្លាំងមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍កាកាប បានធ្វើការចាប់ខ្លួន បុរសស្ត្រីចំនួន៤នាក់ ដែលមានការសង្ស័យថា ធ្វើនំអត់ម្សៅបើកក្រុមហ៊ុន នាំពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ថៃ និងម៉ាឡេស៊ី ដោយខុសច្បាប់ គ្មានអាជ្ញាប័ណ្ណ ពីក្រសួងការងារ និងស្ថាប័ន ពាក់ព័ន្ធត្រឹមត្រូវត្រូវ ហើយក្រោយពេលឃាត់ខ្លួនបាន កម្លាំងចម្រុះខាងលើបាននាំទៅសាកសួរ និងចាត់ការតាមច្បាប់។ ប្រតិបត្តិការនោះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ដែលទីតាំងខាងលើនោះមានយីហោ “អាសាន អេភី” ស្ថិត នៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ មន្ត្រីនគរបាលបានឲ្យដឹងថា ក្រៅពីស្លាកយីហោខាងលើដែលដាក់តាំងនៅមុខស្នាក់របស់ខ្លួន ក្រុមហ៊ុនមួយនេះនៅបានបង្កើតឈ្មោះ២ផ្សេងទៀតគឺ ទី១-លីមីតធីត ខូអិលធីឌី និងទី២-GIB(ជីអាយប៊ី)។

ពួកគេបានដំណើរការជ្រើសរើសពលករជារៀងរាល់ថ្ងៃយ៉ាងសកម្ម ហើយមេខ្យល់បានដើរប្រមូលមនុស្សពីតាមបណ្ដាខេត្តឆ្ងាយពីរាជធានីភ្នំពេញឲ្យមកដាក់ពាក្យដើម្បីងាយស្រួលបោកប្រាស់បាន។ ជាក់ស្ដែងប្រជាពលរដ្ឋដែលបានកំពុងចាញ់បោកនាពេលនេះគឺ ជាអ្នកដែលមកពីភូមិព្រៃខែ្មរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពួកគាត់ត្រូវបានមេខ្យល់ឃោសនាថា ក្រុមហ៊ុនខាងលើមានការបណ្ដុះបណ្ដាលនូវជំនាញជាច្រើន ព្រមទាំងប្រាប់ថា មានការងារជាច្រើនសម្បូរបែបជូនដល់បងប្អូនពលករធ្វើនៅក្រៅប្រទេស ក្នុងនោះមាន ប្រទេសជប៉ុន ថៃ និងម៉ាឡេស៊ី ជាដើម និងបានប្រាក់ខែខ្ពស់ថែមទៀតផង និងបានតម្រូវឲ្យពលករម្នាក់ៗបង់ប្រាក់ចំនួន២០០ដុល្លារ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានការអះអាងបែបនេះបានធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋមានការជឿទុកចិត្តគ្រប់ៗគ្នាព្រោះពួកគាត់សុទ្ធតែត្រូវការរកការងារធ្វើ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយពួកគាត់មិនបានដឹងថាជាក្រុមហ៊ុនបោកប្រាស អត់មានច្បាប់ គ្មានអាជ្ញាប័ណ្ណនោះឡើយ។ ពួកគាត់បាននាំគ្នាទៅចុះឈ្មោះភ្លូកទឹកភ្លូកដី ហើយខណៈដែលកម្លាំងចម្រុះចុះទៅដល់ បានទប់បានចំនួន២៥នាក់ ក្នុងនោះមានប្រុសចំនួន២០នាក់់និងស្រីចំនួន៥នាក់ និងមានច្រើននាក់ទៀតបានចុះឈ្មោះ និងបង់ប្រាក់រួចហើយ។

ដោយឡែកមេខ្យល់ ម្ចាស់ទីតាំង និងអ្នកបង្កើតកលល្បិចក្នុងការបោកប្រជាពលរដ្ឋនោះ មានចំនួន៤នាក់ដែលត្រូវចាប់ខ្លួន ក្នុងនោះត្រូវបានគេស្គាល់ម្នាក់ឈ្មោះ យាយ ហៀង អាយុ៦៦ឆ្នាំ ដែលគាត់អះអាងថាជាសាច់ញាតិរបស់ប្រធានក្រុមហ៊ុនមួយនេះ ហើយក៏ជាមេខ្យល់ដ៏សកម្មផងដែរ។ ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះដោយចាញ់ បោកក្រុមហ៊ុនខាងលើបានឲ្យដឹងថា ក្រុមហ៊ុនមួយនេះរកស៊ីតែបែបធ្វើនំអត់ម្សៅបែបនេះឯង កាលពីមុនបានបោះទីតាំងនៅជិតស្ពានដែក ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ដែលកាលណោះ បានបញ្ចុះបញ្ចូលប្រជាពលរដ្ឋថានឹងនាំទៅធ្វើការនៅ ប្រទេសជប៉ុនដែរ ហើយបានឲ្យបំពេញបែបបទដោយដំបូងបង់ប្រាក់ចំនួន៥០ដុល្លារជាមុនសិន នៅពេលដែលរៀបចំឯកសារសព្វគ្រប់នឹងតម្រូវឲ្យបង់បន្ថែម ចំនួន១៥០ដុល្លារទៀត ដែលនេះមិនទាន់គិតពីចំណាយផ្សេងៗទៀតនៅឡើយទេ។ លុះក្រោយពេលបង់ប្រាក់រួចរាល់ច្រើនគ្នា ស្រាប់តែពួកគេបានបិទទ្វារដាក់សាប៊ូគូថរត់ចោលអស់ និងបានមកបង្កើតក្រុមហ៊ុននៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យវិញ ដើម្បីបោកប្រជាពលរដ្ឋបន្តទៀត ដូច្នេះទាំងសមត្ថកិច្ច និងតុលាការគួរតែចាត់ការមនុស្សខិលខូចទាំងនោះតាមច្បាប់កុំមានការលើកលែងឲ្យសោះ៕

website_news/2017080501.txt · Last modified: 2017/05/07 10:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki