website_news:20170806001

លោកស្រី ម៉ែន សំអន អញ្ជើញចូលរួមខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ១មិថុនា និងខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា

http://www.freshnewsasia.com/index.php/en/localnews/ 2017-06-08

(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមកម្មវិធីខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការចូលរួមរបស់កុមារ ដើម្បីអភិវឌ្ឍសង្គម» និងខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា ក្រោម ប្រធានបទ «ការពារកុមារ ពីពលកម្មកុមារនៅក្នុងស្ថានភាពជម្លោះ និងគ្រោះមហន្តរាយ»។

លោកស្រីឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ជារៀងរាល់ឆ្នាំ បណ្តាប្រទេសជាច្រើនលើសកលលោក ក៏ដូចជាប្រទេសកម្ពុជា រួមគ្នាប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ និងដើម្បីរំលឹកនូវអំពើ ឃោឃៅរបស់ពួកហ្វាស៊ីសអ៊ីត្លែរ ដែលបានកាប់សម្លាប់ស្ដ្រី និងកុមារនៅភូមិលីឌីសែប្រទេសឆេក និងភូមិអូរ៉ាឌូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២។ លោកបានបន្តទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងលើកកម្ពស់ និងការពារសិទ្ធិជាមូលដ្ឋានទាំង៤របស់កុមារ គឺ៖ សិទ្ធិរស់រានមានជីវិត សិទ្ធិអភិវឌ្ឍ សិទ្ធិទទួលបាននូវការការពារ និងសិទ្ធិចូលរួម។

បច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន កម្ពុជាមានកំណើនសេដ្ឋកិច្ចកើនឡើង ប្រកបដោយស្ថិរភាពជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយពី ៣៩% នៅឆ្នាំ១៩៩៣ មកនៅត្រឹមប្រហែល១៤% នៅឆ្នាំ២០១៤។ ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូន ធារាសាស្រ្ត កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ សំណង់ និងថាមពល និងវិស័យផ្សេងៗទៀត មានការរីកចម្រើនយ៉ាងខ្លាំង ដែលបង្កើតឱកាសការងារ និងធ្វើឱ្យប្រទេសកម្ពុជាឆ្លងផុតពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ទាំងនេះបានបញ្ជាក់ថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងសុខុមាលភាពរបស់កុមារកម្ពុជា កាន់តែរីកចម្រើនលូតលាស់ជាលំដាប់។ លោកស្រីបានបញ្ជាក់ថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយ ផែនការសកម្មភាពជាតិពាក់ព័ន្ធនឹងកុមារ និងបានបង្កើតយន្តការជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីសម្របសម្រួលពិនិត្យ តាមដានវឌ្ឍនភាព និងបញ្ហាប្រឈម ស្តីពីស្ថានភាពកុមារនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

គោលនយោបាយជាតិសំខាន់ៗរួមមាន៖

១៖ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាបានផ្តោតលើការធានាការអភិវឌ្ឍ ផ្តល់ការងារសមស្រប សមភាព និងប្រសិទ្ធភាព ដោយទទួលស្គាល់កុមារជាឆ្អឹងខ្នងនៃមូលធនមនុស្សនិងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

២៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តសំខាន់ បានកំណត់ច្បាស់លាស់ពីលទ្ធផលរំពឹងទុក និងសូចនាករសម្រាប់កុមារ។

៣៖ យុទ្ធសាស្រ្តជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងងាយរងគ្រោះ (២០១១) បានចែងយ៉ាងច្បាស់ពី បញ្ញតិ្ត និងការគាំទ្រសម្រាប់កុមារ និងយុវជន ជាពិសេសកុមារ និងយុវជនដែលងាយរងគ្រោះដោយសារពលកម្មកុមារ ការជួញដូរកុមារ ការធ្វើចំណាកស្រុក កុមារដែលមានបញ្ហាពាក់ព័ន្ធនឹងច្បាប់ កុមារអានាថា កុមារជនជាតិដើមភាគតិច កុមារកំព្រា និងកុមារមានផ្ទុកមេរោគ-ជំងឺអេដស៍ ជាដើម។

៤៖ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ត្រូវបានអនុម័តនៅខែឧសភា ឆ្នាំ២០១០ ដើម្បីធានាថា គ្រប់ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព គ្មានចោរកម្ម និងអំពើប្លន់គ្រប់ប្រភេទ គ្មានការផលិត ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ គ្មានសកម្មភាពអបាយមុខ គ្មានការជួញដូរផ្លូវភេទលើស្រ្តីនិងកុមារ និងអំពើហិង្សា គ្មានល្បែងស៊ីសងខុសច្បាប់ គ្មានការប្រើប្រាស់អាវុធខុសច្បាប់ និងគ្មានសកម្មភាពខុសច្បាប់ផ្សេងៗ ទៀត។ ៥៖ ផែនការសកម្មភាព ឬផែនការយុទ្ធសាស្រ្តតាម វិស័យ ដូចជា អប់រំ សុខាភិបាល សង្គមកិច្ច ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាក់ទងនឹងកុមារដែលក្រសួងស្ថាប័នពាក់ព័ន្ធ បានរៀបចំ៕

website_news/20170806001.txt · Last modified: 2017/06/08 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki