website_news:20170806004

សង្គមស៊ីវិលបារម្ភលំបាកធ្វើការពេលប្រធានក្រុមហ៊ុននាំពលករនិងមន្ត្រីក្រសួងជាសាច់ញាតិនឹងគ្នា

http://www.rfa.org/khmer/news/human-rights/ ដោយ សុ ជីវី 2017-06-08

អង្គការសង្គមស៊ីវិលធ្វើការងារការពារសិទ្ធិពលករចំណាកស្រុកបារម្ភថា អាចនឹងមានបញ្ហាទំនាស់ផលប្រយោជន៍នៅពេលដែលសាច់ញាតិមន្ត្រីរាជការនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាម្ចាស់ក្រុមហ៊ុនដែលនាំពលករទៅធ្វើការងារនៅក្រៅប្រទេស។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែឧសភា បានផ្សព្វផ្សាយបញ្ជីក្រុមហ៊ុនឯកជនដែលមានចំនួនជិត ១០០ក្រុមហ៊ុន ទទួលបានការអនុញ្ញាតពីក្រសួងការងារ ក្នុងការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញជាសាធារណៈនូវបញ្ជីឈ្មោះ ភ្នាក់ងារជ្រើសរើសឯកជនដែលទទួលសិទ្ធិពីក្រសួងក្នុងការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេស ដែលក្រសួងអះអាងថា ដើម្បីការពារផលប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរដែលមានបំណងទៅធ្វើការនៅបរទេសដោយស្របច្បាប់ ឬធ្វើចំណាកស្រុកដោយសុវត្ថិភាព។

ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា ការបង្ហាញបញ្ជីនេះមានប្រយោជន៍តិចតួចបំផុតសម្រាប់ពលរដ្ឋដែលមានបំណងទៅរកការងារធ្វើក្រៅប្រទេស នៅពេលដែលព័ត៌មានទាំងនោះពិបាកនឹងបញ្ជូនទៅដល់ពលរដ្ឋ។ លើសពីនេះពួកគេបានលើកឡើងពីក្ដីបារម្ភនៅពេលដែលពួកគេរកឃើញថា មានម្ចាស់ក្រុមហ៊ុនមួយចំនួនជាប់សាច់ញាតិនឹងមន្ត្រីមួយចំនួននៅក្រសួងការងារ ដោយរួមមានទាំងមន្ត្រីជាន់ខ្ពស់ខ្លះផង។

មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឌីថេ ហូយ៉ា មានប្រសាសន៍ថា នៅក្នុងកាលៈទេសៈដែលកម្ពុជា ពុំមានការអនុវត្តច្បាប់មួយរឹងមាំនៅឡើយ ករណីមានសាច់ញាតិមន្ត្រីជាន់ខ្ពស់នៃក្រសួងសាមីធ្វើជាម្ចាស់ក្រុមហ៊ុនឯកជនដែលបានសិទ្ធិបញ្ជូនពលករគឺជាក្ដីបារម្ភថា អាចនឹងមានបញ្ហាប្រទាំងប្រទើសក្នុងការអនុវត្តច្បាប់លើក្រុមហ៊ុនទាំងនោះ។ លោក ហូយ៉ា បន្តថា ពេលនេះអង្គការរបស់លោកកំពុងផ្ដល់ជំនួយផ្នែកច្បាប់ដល់ពលករចំណាកស្រុក ដែលទទួលរងការរំលោភបំពានសិទ្ធិការងារនៅក្នុងប្រទេសជប៉ុន ក្នុងបណ្ដឹងជាមួយក្រុមហ៊ុនមួយដែលស្និទ្ធនឹងមន្ត្រីមានអំណាចម្នាក់។ លោកថា ករណីបែបនេះគឺពិបាកនឹងរកយុត្តិធម៌អោយពលកររងគ្រោះ៖ «ជាក់ស្ដែងករណីកន្លងទៅនេះ គឺមានក្រុមហ៊ុនដែលមានសាច់ញាតិក្នុងជួរមន្ត្រីរដ្ឋាភិបាលតែគាត់បានធ្វើបាបពលករដូចគាត់បញ្ជូនទៅថៃ ជាដើម ហើយគាត់យកលុយគេ គាត់បោកប្រាស់ តែនៅពេលដែលយើងដាក់ពាក្យបណ្ដឹងគឺវាអត់មានប្រសិទ្ធភាព ដោយសារតែវាប៉ះពាល់ដល់អ្នកនេះ សាច់ញាតិរបស់អ្នកនោះអ៊ីចឹងទៅ»។

ក្នុងបញ្ជីរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញកាលពីថ្ងៃទី២៩ ខែឧសភា បានបង្ហាញថា មានក្រុមហ៊ុនឯកជនចំនួន ៧៧ ដែលក្រសួងការងារ អនុញ្ញាតអោយជ្រើសរើសបណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ ក្នុងបញ្ជីនោះដាក់បង្ហាញតែក្រុមហ៊ុនដែលអាចជ្រើសរើសពលករទៅធ្វើការនៅប្រទេសចំនួន៣ រួមមាន ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសជប៉ុន។

ប្រតិបត្តិព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ថា គេដឹងថា មានក្រុមហ៊ុនចំនួន២ ដែលប្រធានក្រុមហ៊ុនជាប់សាច់ញាតិនឹងមន្ត្រីជាន់ខ្ពស់ ក្នុងនោះមានក្រុមហ៊ុនឈ្មោះ សុខ លាភមេត្រី ដែលមានម្ចាស់ក្រុមហ៊ុនជាកូនស្រីរបស់អគ្គនាយកការងារនៃក្រសួងការងារ លោក សេង សក្កដា និងក្រុមហ៊ុន អ៊ឹង ឫទ្ធី គ្រុប ដែលម្ចាស់ក្រុមហ៊ុនជាប់សាច់ញាតិនឹងលោក សុខ ផល ជាប្រធាននាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។ ស្របគ្នានេះក្រុមអង្គការសង្គមស៊ីវិលក៏អះអាងថា គេមានព័ត៌មានពីក្រុមហ៊ុនមួយចំនួនទៀតដែរ ដែលមានម្ចាស់ជាប់សាច់ញាតិនឹងមន្ត្រីនៅក្នុងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

មន្ត្រីនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក សែម ចៅសុខ មានប្រសាសន៍ថា ចំណុចនេះឆ្លុះបញ្ចាំងថា អាចនឹងមានការលំបាកក្នុងការអនុវត្តច្បាប់ទៅលើក្រុមហ៊ុនដែលម្ចាស់ក្រុមហ៊ុនស្និទ្ធនឹងមន្ត្រីនៃក្រសួងសាមី ឬមន្ត្រីអ្នកអនុវត្តច្បាប់៖ «បើកាលណាបើ ក្រុមហ៊ុនវិនិយោគវាពាក់ព័ន្ធនឹងទំនាស់ផលប្រយោជន៍។ ឧទាហរណ៍ថា ប្រសិនបើក្រុមហ៊ុនហ្នុង គាត់មិនគោរពសិទ្ធិពលករ កេងប្រវ័ញ្ច រំលោភបំពានពលករ ប៉ុន្តែការរំលោភបំពាននោះវាហុចប្រយោជន៍ទៅដល់ពួកគាត់នោះ ការអនុវត្តច្បាប់នឹងមិនអាចធ្វើទៅបានទេ បើវាទាក់ទងទៅនឹងសាច់ញាតិរបស់មន្ត្រីដែលមានតួនាទីក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹង»។

អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃទី៧ ខែមិថុនា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។

នៅក្នុងបញ្ជីដែលផ្សព្វផ្សាយដដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជន អោយប្រុងប្រយ័ត្នចំពោះជនខិលខូច ជនឆ្លៀតឱកាស ជាពិសេសក្រុមហ៊ុន ឬអង្គការមួយចំនួនដែលមិនមានឈ្មោះក្នុងបញ្ជីផ្លូវការរបស់ក្រសួង។ ប្រសិនបើមានបញ្ហាដូចខាងដើមកើតឡើងសាធារណជនអាចជូនដំណឹងដល់នាយកដ្ឋានមុខរបរ និងហត្ថកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្រុមអង្គការសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាលអោយយកចិត្តទុកដាក់ចំពោះបញ្ហាមួយចំនួនទៀត ដែលអាចកើតឡើងនៅពេលពលរដ្ឋទៅរកការងារធ្វើពីក្រុមហ៊ុនស្របច្បាប់ទាំងនោះ។ ស្របគ្នានេះ រដ្ឋាភិបាលត្រូវធានាថា ក្រុមហ៊ុនទាំងនោះបានផ្ដល់ព័ត៌មានពិតដល់ពលរដ្ឋ ត្រូវមានការបណ្ដុះបណ្ដាលត្រឹមត្រូវ គ្រប់គ្រាន់នៅមុនពេលបញ្ជូន និងក្រុមហ៊ុនត្រូវមានតំណាងដែលយកចិត្តទុកដាក់ដល់ពលករនៅក្នុងប្រទេសទទួល។ ម្យ៉ាងទៀតរដ្ឋាភិបាលត្រូវធានាផ្ដល់ព័ត៌មានគ្រប់គ្រាន់ដល់ពលរដ្ឋពីនីតិវិធីនានា ក្នុងការតវ៉ា និងដាក់បណ្ដឹងប្រឆាំងក្រុមហ៊ុននៅពេលមានបញ្ហារំលោភបំពាន ឬការកេងប្រវ័ញ្ចកើតឡើង៕

website_news/20170806004.txt · Last modified: 2017/06/08 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki