website_news:2017080801

សមាជិកសភាក្នុងតំបន់អាស៊ានអំពាវនាវឲ្យរដ្ឋាភិបាលក្នុងតំបន់នេះការពារពលករចំណាកស្រុកនិងជនភៀសខ្លួន

http://www.v-o-a-news.html 07 សីហា 2017 សាយ មុន្នី

វ៉ាស៊ីនតោន៖ ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (ASEAN Parlianmentarians for Human Rights) បានជំរុញរដ្ឋាភិបាលក្នុងតំបន់អាស៊ាន ឲ្យធ្វើកិច្ចការច្រើនថែមទៀត ដើម្បីការពារពលករចំណាកស្រុកនិងជនភៀសខ្លួនក្នុងតំបន់។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រុមសមាជិកសភាអាស៊ាននេះ ដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃច័ន្ទនេះ។ ការអំពាវនាវនេះធ្វើឡើង ចំពេលដែលរដ្ឋមន្ត្រីការបរទេសអាស៊ាន កំពុងជួបប្រជុំគ្នានៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។

សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ដែរថា ពលរដ្ឋទាំងអស់នៅក្នុងសហគមន៍អាស៊ាន សមនឹងទទួលបានសិទ្ធិជាមូលដ្ឋាន និងការគោរពនូវសេចក្ដីថ្លៃថ្នូរនិងភាពជាមនុស្សរបស់ពួកគេ។ ការថ្លែងនេះកើតឡើង ក្រោយពីសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានបញ្ចប់បេសកកម្មស្វែងរកការពិតរយៈពេល៤ថ្ងៃរបស់ពួកគេនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីពិនិត្យមើលសិទ្ធិមនុស្ស ដោយផ្ដោតទៅលើបញ្ហាចំណាកស្រុក។

លោក សេង ម៉ារឌី សមាជិកព្រឹទ្ធសភារបស់ប្រទេសកម្ពុជា បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍នេះថា «រឿងរ៉ាវដែលពួកយើង បានឮពីជនភៀសខ្លួនផ្ទាល់នោះ គឺគួរឲ្យព្រួយបារម្ភមែនទែន។ ពលរដ្ឋទាំងនេះកំពុងរស់នៅដោយគ្មានឯកសារផ្លូវច្បាប់ឬសន្តិសុខឡើយ ហើយក្នុងករណីជាច្រើន ពួកគេមិនបានទទួលសេវាថែទាំសុខភាព ការអប់រំ ឬការរស់នៅឲ្យបានសមរម្យនោះទេ»។ លោកសមាជិកព្រឹទ្ធសភារបស់ប្រទេសកម្ពុជារូបនេះ បន្ថែមថា ក្នុងនាមលោកជាអតីតជនភៀសខ្លួនម្នាក់ដែរ លោកមានអារម្មណ៍ក្ដុកក្ដួល ដោយបានឃើញថាពលរដ្ឋទាំងនេះនៅតែខ្វះការការពារ។

គួរបញ្ជាក់ថា ពលរដ្ឋកម្ពុជាយ៉ាងតិច១លាននាក់ កំពុងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងក្នុងតំបន់អាស៊ាន ជាពិសេសនៅប្រទេសថៃ និងម៉ាឡេស៊ី ប៉ុន្តែពួកគេមួយចំនួនធំ នៅមិនទាន់ទទួលបានការការពារសមស្របនិងការគោរពសិទ្ធិជាមូលដ្ឋានក្នុងការរស់នៅរបស់ពួកគេឲ្យបានត្រឹមត្រូវនៅឡើយ៕

website_news/2017080801.txt · Last modified: 2017/09/07 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki