website_news:2017080806

ពលរដ្ឋខ្មែរ៤នាក់ក្នុងចំណោម១៤នាក់ចូលកាប់ឈើគ្រញូងត្រូវអាជ្ញាធរថៃចាប់ខ្លួន

http://www.rasmei-kampuchea-news.html August 8, 2017

(ប្រទេសថៃ)៖ពលរដ្ឋខ្មែរចំនួន៤នាក់ក្នុងចំណោម១៤នាក់ដែលពួកគេកំពុងធ្វើសកម្មភាពស្ពាយនិងជញ្ជូនកំណាត់ឈើគ្រញូងចេញពីព្រៃ ដើម្បីលក់ឲ្យក្រុមឈ្មួញដែលឈរចាំទទួលទិញនៅឯទឹកដីកម្ពុជានោះត្រូវបានក្រុមតម្រួតថៃនិងកម្លាំងជំនាញថៃស្ទាក់ចាប់ ។

តាមការចាក់ផ្សាយពីបណ្តាញទូរទស្សន៍ថៃប៉ុស្តិ៍លេខ៨បាននិយាយថា កាលពីរសៀលថ្ងៃទី៦ខែសីហាឆ្នាំ២០១៧ គឺមានសេចក្តីរាយការពីព្រះសង្ឃដែលគង់នៅវត្តខៅសាលាក្នុងភូមិសាស្ត្រឃុំចារ៉ាក់ស្រុកបួថេតខេត្តសុរិន្ទបានឲ្យដឹងថាមានការលបលួចកាប់ឈើគ្រញូងនៅក្នុងព្រៃ ដែលទីតាំងនោះគឺជាតំបន់ដីអភិរក្សរបស់វត្តជាយូរមកហើយ ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងយោធាស្រុក កម្លាំងតម្រួត និងកម្លាំងរដ្ឋបាលព្រៃឈើក្នុងខេត្តសុរិន្ទបានចេញប្រតិបត្តិការទៅកាន់ចំណុចខាងលើទើបបានប្រទះឃើញមានមនុស្សប្រមាណជាង១០នាក់ កំពុងធ្វើសកម្មភាពស្ពាយ និងជញ្ជូនឈើចេញពីក្នុងព្រៃ ទើបធ្វើការឡោមព័ទ្ធដើម្បីចាប់ខ្លួន ។

នៅក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងបានចាប់ខ្លួនជនជាតិខ្មែរចំនួន៤នាក់។ ដោយឡែកមនុស្សចំនួន១០នាក់ទៀតបានរត់គេចខ្លួនបាត់អស់នៅក្នុងព្រៃនោះ ហើយកម្លាំងសមត្ថកិច្ចថៃក៏បាននាំពួកគេទៅធ្វើការសាកសួរទៅតាមជំនាញព្រមទាំងបានដកហូតឈើគ្រញូងសរុបចំនួន៥៣ដុំដោយពួកគាត់មានទាំងរណាដៃ និងពូថៅ ផងដែរ ។ នៅចំពោះមុខសមត្ថកិច្ច ជនទាំង៤នាក់ ដែលជាជនជាតិខ្មែរបានសារភាពថា ការដែលចូលមកកាប់ឈើគ្រញូងនេះគឺដោយសារតែមានមេខ្យល់នៅចាំទទួលទិញនៅឯក្នុងទឹកដីខ្មែរដោយឈើគ្រញូងស្រស់ទាំងនេះមិនគិតពីស្រាយ ឬខ្លឹមនោះទេ គឺបានតម្លៃ ១ គីឡូក្រាម ១១០ បាត ។

នៅក្នុងខណៈនោះដែរ ភាគីថៃ បានអោយពួកគេទាំងនេះធ្វើសកម្មភាពស្ពាយឈើ ដោយមានការលំបាកជាទីបំផុត ព្រោះទី១ធ្ងន់ និងទី២ត្រូវការចំណាយពេលវេលាសម្រាប់ដើរចេញពីទឹកដីថៃមកកម្ពុជាដើម្បីលក់អោយទៅឈ្មួញដែលគេអង្គុយយ៉ាងស្រួលរង់ចាំទិញរបស់ដែលចេញពីព្រៃ។បច្ចុប្បន្នទាំងវត្ថុតាងនិងពលករខ្មែរទាំងនោះត្រូវបានភាគីថៃកំពុងសាកសួរបន្តដើម្បីស្វែងរកមេខ្លោងធំដែលនៅពីក្រោយ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ៕S/ដោយសហការី

website_news/2017080806.txt · Last modified: 2017/09/07 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki