website_news:2017080808

ពលករខ្មែរធ្វើការមិនស្របច្បាប់នៅថៃ ត្រូវមកបង្ហាញខ្លួននៅការិយាល័យស្រង់ទិន្នន័យពលករបរទេសចាប់ពីថ្ងៃនេះទៅ

http://km.rfi.fr/cambodia/khmer 08/08/2017

ពលករខ្មែរជាច្រើននាក់ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃដោយមិនមានច្បាប់ត្រឹមត្រូវ ពួកគេកំពុងទៅបង្ហាញខ្លួននៅតាមការិយាល័យស្រង់ទិន្នន័យពលករបរទេស ដើម្បីទទួលឯកសារស្របតាមនិតិវិធី ចាប់ពីថ្ងៃទី៨ សីហានេះតទៅ។ ដំណើរការនេះធ្វើឡើងបន្ទាប់ពី និយោជកថៃបានចុះឈ្មោះឲ្យពលករខ្មែរប្រមាណជាង២សែននាក់ ស្របតាមគោលការណ៍របស់ក្រសួងការងារថៃ។ រីឯក្រុមការងាររបស់កម្ពុជានៅថៃ ក៏បានរៀបចំយុទ្ធនាការពន្លឿនការផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរផងដែរ។

តាមគោលការណ៍អនុវត្ត៣ដំណាក់កាលរបស់ក្រសួងការងារថៃ ដើម្បីចេញលិខិតបញ្ជាក់ពីសិទ្ធិធ្វើការនិងស្នាក់នៅស្របច្បាប់ ពេលនេះគឺជាដំណាក់កាលទី២ ដែល ពលករខ្មែរទាំងអស់ត្រូវមកបង្ហាញខ្លូននៅតាមការិយាល័យស្រង់ទិន្នន័យពលករបរទេស ចាប់ពីថ្ងៃទី៨ សីហា ដល់ថ្ងៃទី៩ កញ្ញា។ ចំណែកឯ ដំណាល់កាលទី១ នៃការទទួលបានសិទ្ធិស្នាក់នៅ និងធ្វើការស្របច្បាប់របស់ពលករបរទេសក្នុងប្រទេសថៃ ត្រូវបានបញ្ចប់នៅថ្ងៃទី៧ សីហា ម្សិលមិញ និងមានថៅកែថៃប្រមាណជិត ២សែននាក់ បានមកចុះឈ្មោះឲ្យកម្មកររបស់ខ្លួន។ នៅក្នុងនោះមានពលករខ្មែរមិនស្របច្បាប់ជាង ២សែននាក់ នៃចំនួនពលករបរទេសមិនស្របច្បាប់ទាំងអស់ជិត ៧សែននាក់។

ក្រៅពីមានការជ្រោមជ្រែងពីមន្ត្រីភាគីថៃហើយ នៅថ្ងៃទី៦ សីហា លោក ហ៊ុន ម៉ាណែត អនុប្រធានគណកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា បានបើកកិច្ចពិភាក្សាមួយ នៅឯទីក្រុងបាងកក ជាមួយក្រុមការងាររបស់គណកម្មការ។ កិច្ចពិភាក្សានេះបានធ្វើឡើង ក្នុងគោលបំណង បង្កើនល្បឿន និង គុណភាពការងារ ក្នុងការផ្តល់ លិខិតឆ្លងដែន និងលិខិតធ្វើដំណើរដល់ពលករខ្មែរ ព្រមទាំងជួយដោះស្រាយបញ្ហាដែលពួកគេបានជួបប្រទះ។ ជាលទ្ធផលនៃជំនួបនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់យុទ្ធនាការថ្មីៗ រួមមាន បន្ថែមចំនួនក្រុមការងារនៅតាមបណ្តាខេត្ត ផ្តល់លិខិតស្របច្បាប់ឲ្យពលករដោយផ្ទាល់នៅតាមរោងចក្រធំៗ និង ទទួលពាក្យសុំធ្វើលិខិតធ្វើដំណើរ ពីអ្នកដែលមិនធ្លាប់បានដាក់ពាក្យសុំ។

ជុំវិញបញ្ហាប្រគល់លិខិតឆ្លងដែន និងលិខិតធ្វើដំណើរនេះដែរ មកដល់បច្ចុប្បន្ន ក្រុមការងារកម្ពុជាបានផ្តល់លិខិតទាំងនេះ ជាង៧ម៉ឺនក្បាលទៅដល់ប្រជាពលករខ្មែររួចហើយ។ នេះបើយោងតាមសារលើបណ្តាញហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត៕ អត្ថបទដោយ៖ ប៊ុន សៅសុភនាថ និង ទី កញ្ញា

website_news/2017080808.txt · Last modified: 2017/09/07 15:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki