website_news:2017080901

អភិបាលខេត្តព្រះវិហារ ប្រកាសឲ្យចាប់មនុស្ស២នាក់ នៅពីក្រោយការនាំពលករឆ្លងដែនខុសច្បាប់ ទៅកាប់ឈើក្នុងដីថៃ និងអ្នកយកឈ្មោះ ACU គំរាមសមត្ថកិច្ចតាមដងផ្លូវ

http://freshnewsasia.com/index.php/en/localnews/ ០៧-០៩-២០១៧

(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ប្រកាសចាប់ខ្លួនមនុស្ស២នាក់ ដែលម្នាក់នៅពីក្រោយការនាំពលករឆ្លងដែនខុសច្បាប់ ចូលអូសឈើគ្រញូងក្នុងទឹកដីថៃ នៅចំណុចច្រកអានសេះ ឃុំឈើទៀលគង ស្រុកជាំក្សាន្ត និងម្នាក់ទៀតយកឈ្មោះអង្គភាពប្រឆាំងពុករលួយ រកស៊ីបទល្មើសដឹកឈើតាមដងផ្លូវ ហើយគំរាមសមត្ថកិច្ច។

ថ្លែងប្រកាសបែបនេះរបស់លោកអភិបាលខេត្ត ធ្វើឡើងក្នុងឱកាស លោករួមជាមួយ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមប្រកាសការចូលកាន់តំណែង អភិបាលស្រុករវៀង នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។ លោក អ៊ុន ចាន់ដា បញ្ជាក់ថាថ្មីៗនេះ សកម្មភាពដឹកឈើគ្រញូង ហាក់មានការកើតឡើង ពិសេសចេញពីស្រុកជាំក្សាន្ត ដោយប្រជាពលរដ្ឋបានធ្វើចំណាកស្រុក មកពីតំបន់នានា មកដេកនៅនិង ហើយឆ្លងដែនចូលដីថៃ ធ្វើការប្រមូលឈើមកលក់ឲ្យឈ្មួញ ដែលចាំទទួលទិញនៅជើងភ្នំក្នុងដីខ្មែរ ដែលបានបង្រ្កាបលើកទី១ទ្រង់ទ្រាយធំ ដោយមិនហ៊ានប្រើកម្លាំងទេ ដោយឲ្យគាត់ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពឆ្លងដែន ព្រោះទិសដៅរបស់យើងមិនមែនពួកគាត់ទេ គឺឈ្មួញដែលនៅពីក្រោយខ្នងដូច្នេះយើងបន្តការអត់ធ្មត់តទៅទៀត។

ដោយឡែកនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ សកម្មភាពដដែលបានកើតឡើងម្តងទៀត ដោយពួគគាត់បានធ្វើការឡោមព័ទ្ធ សមត្ថកិច្ចគ្រោងរំដោះឈើគ្រញូង ដូចដែលគាត់ធ្លាប់ធ្វើរាល់ដង តែលើកនេះ គឺមិនអាចទេទិសដៅរបស់យើង គឺធ្វើឲ្យបានជោគជ័យ ដោយក្នុងនោះ លោកអភិបាលខេត្តបានប្រាប់ លោកឧត្តមសេនីយ៍ត្រី ចន្ទ័ សុភ័ក្ត្រា មេបញ្ជាការសឹករងខេត្ត ឲ្យបន្ថែមកម្លាំង១០០នាក់បន្ថែមទៀត ប្រដាប់ដោយអាវុធគ្រប់ដៃ ហើយបានប្រាប់ថា បងប្អូនដែលមិនមានការពាក់ព័ន្ធ សូមមេត្តាថយចេញ ដោយឃើញកម្លាំងច្រើន ប្រជាពលរដ្ឋក៏បានដកថយ ហើយធ្វើការងារនេះ ទទួលបានជោគជ័យ ដោយលោកសង្កត់ធ្ងន់ថា បើធ្វើលើកនេះ មិនទទួលបានជោគជ័យ លើកក្រោយមិនបាច់ធ្វើទេ តែទោះជាយ៉ាងណា លោកមិនឲ្យច្រកអានសេះ ក្លាយជាតំបន់អនាធិបតេយ្យទេ។

អភិបាលខេត្តសង្កត់ធ្ងន់ថា «មុខសញ្ញាដែលយើងត្រូវចាប់ខ្លួន២នាក់នេះ គឺជាមុខសញ្ញាដែលនៅក្រោយខ្នងប្រជាពលរដ្ឋ ឆ្លងដែនខុសច្បាប់ ដោយពួកគេ គឺជាអ្នកឧបត្ថម្ភសម្ភារៈសព្វបែបយ៉ាង រួមទាំងគ្រឿងញៀនផងដែរ ហើយពេលពលរដ្ឋជញ្ជូនឈើចុះមក គឺពួកនេះជាអ្នកចាំទទួលទិញ ហើយមុខសញ្ញាទាំង២នេះ គឺគេមានកម្លាំង ក្នុងម្នាក់ជាង១៥០នាក់ឯណោះ»។

លោកអភិបាលខេត្តបានបន្តថា ដោយឡែកនៅតាមដងផ្លូវ មានបុគ្គល់ម្នាក់រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ហើយបានប្រើប្រាស់ឈ្មោះ អង្គភាពប្រឆាំងអំពើពុករលួយ មកគំរាមសមត្ថកិច្ចនៅតាមដងផ្លូវ ដែលករណីនេះលោកបានរាយការណ៍ ទៅអង្គភាពប្រឆាំងអំពើពុករលួយរួចហើយ ដោយអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យអាជ្ញាធរ និងសមត្ថកិច្ចខេត្តព្រះវិហារ ត្រូវតែចាប់ខ្លួនឲ្យបាន ហើយបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលករណីនេះ លោកសូមឲ្យស្នងការនគរបាលខេត្ត អាវុធហត្ថខេត្ត ដែលមានប៉ុស្តិ៍ត្រួតពិនិត្យតាមដងផ្លូវ ត្រូវចាប់ជននេះឲ្យបាន៕

website_news/2017080901.txt · Last modified: 2017/09/08 11:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki