website_news:2017080903

បង្ហាញខ្លួន ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីនាំមនុស្សចេញក្រៅប្រទេសខុសច្បាប់

http://bayontv.com.kh/ 07/09/2017

កំពង់ធំ ៖ ជនសង្ស័យ៥នាក់ ពាក់ព័ន្ធនឹងករណី នាំមនុស្សចេញក្រៅប្រទេសខុសច្បាប់ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ និងស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ បង្ហាញខ្លួន កាលពីរសៀលម៉ោង២ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នៅស្នងការដ្ឋានខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ជនសង្ស័យ៥នាក់ មានឈ្មោះ ១-រឹម សិត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិ ក្រសាំង ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ,២– ឈ្មោះ ជា ឡុន ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិ ដង្ហិត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ,៣– ឈ្មោះរ័ត្ន សាវ៉ាន់ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិជាមួយគ្នា, ៤-ឈ្មោះឌិន ហំ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិប្រាសាទអណ្ដែត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ , ៥-ឈ្មោះ មឿន ម៉ៅ ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្ត សៀមរាប។ ឧត្ដមសេនីយ៍ ជីវ ផល្លី បានបន្ដទៀតថា កន្លងមក និងបច្ចុប្បន្ន ករណីចាញ់បោក មេខ្យល់នាំ មនុស្សទៅក្រៅប្រទេស មានច្រើនករណី ហើយជនរងគ្រោះក្នុងសកម្មភាពនេះ មានខ្លះបាត់ខ្លួន, បាត់ដំណឹង ខ្លះជាប់ពន្ធនាគារ នៅប្រទេសគេ និងខ្លះទៀតស្លាប់ជាដើម ហេតុនេះ លោក សុំអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះករណីនេះ បើចង់ចេញទៅធ្វើការនៅក្រៅប្រទេស សូមចេញទៅ ដោយមានលក្ខណៈ ស្របច្បាប់។ លោកឧត្ដមសេនីយ៍ទោ ជីវ ផល្លី បញ្ជាក់ទៀតថា ជនសង្ស័យទាំង៥នាក់នេះ នឹងបញ្ជូនទៅសាលាដំបូង ខេត្តកំពង់ធំ ក្នុងពេលបន្ទាប់ ដើម្បីបន្តនីតិវិធី៕

website_news/2017080903.txt · Last modified: 2017/09/08 11:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki