website_news:2017080907

ថៃប្រាប់កម្ពុជាឲ្យរកភាពស្របច្បាប់ជូនពលរដ្ឋខ្លួន មុននឹងឲ្យចូលធ្វើការនៅថៃ

http://vodhotnews.com/ ដោយ ហ៊ុន សិរីវឌ្ឍន៍ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង 9:25 PM

នាយករដ្ឋមន្ត្រីថៃ បានប្រាប់កម្ពុជាឲ្យរៀបចំពលរដ្ឋខ្លួនឲ្យមានភាពស្របច្បាប់មុននឹងអនុញ្ញាតចូលទៅធ្វើការនៅលើទូកនេសាទថៃ ខណៈដែលកម្ពុជាថាខ្លួនបានខិតខំជាច្រើនលើករណីនេះ ដើម្បីបញ្ជៀសនូវការកេងប្រវ័ញ្ញកម្លាំងពលកម្ម។ ការលើកឡើងនេះ នៅខណៈពេលដែលនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ឋ ចាន់អូឆា ធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី៧កញ្ញានេះ។ បន្ទាប់ពីកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃលើកទី៣ ក្នុងសន្និសីទការសែតមួយនៅទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថាកម្ពុជានិងថៃបានពិភាក្សាលើបញ្ហាជួញដូរមនុស្ស ដោយថាលោកចង់ឲ្យពលរដ្ឋកម្ពុជាទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ ដើម្បីជៀសវាងនូវការកេងប្រវ័ញនូវកម្លាំងពលកម្ម។ លោកថា៖ «យើងចង់ឲ្យពលករយើងទាំងអស់ទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ជៀសវាងការទៅដោយខុសច្បាប់ ជៀសវាងការកេងប្រវ័ញ»។

បន្ថែមលើការលើកឡើងរបស់លោក ហ៊ុន សែន លោក ប្រាយុទ្ឋ ចាន់អូឆា មានប្រសាសន៍ថា លោកចង់ឲ្យកម្ពុជាបែងចែកពលករដែលធ្វើការនៅលើទឹក និងលើគោក និងស្វែងរកភាពស្របច្បាប់ជូនពួកគាត់ឲ្យត្រឹមត្រូវមុននឹងឲ្យពួកគេទៅធ្វើការនៅថៃ។ លោកថា៖ «ចំពោះវិស័យខាងផ្នែកគ្រឿងញៀន និងការវិស័យពលករដែលទៅធ្វើការនៅក្នុងទូកលើសមុទ្រនោះភាគីថៃបានស្នើឲ្យមានការបំបែកពលករទាំងនោះក្នុងការទៅធ្វើការនៅប្រទេសថៃឲ្យបានស្របច្បាប់»។ ក្នុងកិច្ចប្រជុំនៅព្រឹកនេះ ភាគីកម្ពុជា-ថៃក៏បានសន្យាថានឹងពង្រីកទំហំពាណិជ្ជកម្មឲ្យកើនឡើងប្រមាណ ១ ៥០០០លានដុល្លារនៅឆ្នាំបន្ទាប់ ក្នុងនោះក៏យល់ព្រមបើកច្រកព្រំដែនបន្ថែមទៀតផងដែរ លើសពីនេះ ប្រទេសថៃយល់ព្រម ទទួលទិញផលិតផលកសិកម្មពីកម្ពុជាក្នុងពេលដែលស្ថានភាពទីផ្សារកសិផលកម្ពុជាជួបការលំបាក។ ក្នុងការទប់ស្កាត់គ្រឿងញៀន កម្ពុជា-ថៃបានឯកភាពសហការគ្នាទប់ស្កាត់ និងរៀបចំឲ្យមានមណ្ឌលស្តារនីតិសម្បទារនៅខេត្តព្រះសីហនុ។ ក្នុងការប្រតិបត្តិតាមព្រំដែនកម្ពុជា-ថៃ បានសន្យានឹងធ្វើការសង្គ្រោះពិសេសនៅពេលមានគ្រោះធម្មជាតិនៅតាមព្រំដែនផងដែរ។

គួររំលឹកផងដែរថា រដ្ឋាភិបាលថៃកាលពីខែកក្កដាកន្លងទៅដើម្បីបញ្ជៀសការបណ្តេញចេញពីប្រទេសខ្លួនថៃបានសម្រេច ទុកពេល១៥ថ្ងៃឲ្យពលករខ្មែរ និងរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាពលករចំណាកស្រុកខុសច្បាប់នេះឲ្យបានរួចរាល់។ បើតាមរបាយការណ៍របស់ក្រសួងការងារឆ្នាំ២០១៦ ពលករចំណាកស្រុកកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃ មានចំនួនជាង១លាននាក់៕

website_news/2017080907.txt · Last modified: 2017/09/08 11:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki