website_news:2017081101

ស្ថានទូតខ្មែរនៅម៉ាឡេស៊ី និងវៀតណាមជួយសង្គ្រោះពលករ.-ពលការិនីខ្មែរ៦នាក់

https://kohsantepheapdaily.com.kh ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង១០:០៤ ស.សុខុម អ៊ាង ម៉េងឡេង

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស លោកជុំ សុន្ទរី បានបញ្ជាក់ឱ្យដឹងតាមសារអេឡិចត្រូនិចកាលពីថ្ងៃទី៧ វិច្ឆិកា ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៤នាក់ និងប្រទេសវៀតណាម២នាក់។

ពលការិនី សឿន ម៉ារឌី អាយុ២៩ឆ្នាំ មកពីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និង (២) ពលការិនី សាំង ស៊ន អាយុ៣៨ឆ្នាំ មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃទៅធ្វើការជាអ្នកបោសសំអាតនៅម៉ាឡេស៊ី កាលពីខែមីនា ឆ្នាំ២០១៧ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ ដោយចង់ត្រឡប់មកកម្ពុជាវិញ ពលការិនីទាំងពីរនាក់ បានស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។ អ្នកទាំងពីរ បានទទួលប្រាក់ខែគ្រប់ចំនួនពីនិយោជក។ ពលការិនី ណាង ឆូយ អាយុ២៧ឆ្នាំ មកពីស្រុកតំបែរ ខេត្តកំពង់ចាម បានទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីខែកញ្ញា ឆ្នាំ២០១៦។ ដោយសារពលការិនីចង់ត្រឡប់មកកម្ពុជាវិញ ភ្នាក់ងារក្រុមហ៊ុន បាននាំនាងទៅស្ថានទូតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ព្រមទាំងប្រគល់លិខិតឆ្លងដែន និងប្រាក់ខែដែលនៅខ្វះ ជូនពលការិនី។

ពលករ គង់ សុខុន អាយុ៣៥ឆ្នាំ មកពីស្រុកបាណន់ ខេត្តបាត់ដំបង បានទៅរកការងារធ្វើនៅម៉ាឡេស៊ី កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈមេខ្យល់។ ក្រោយដឹងថាចាញ់បោកមេខ្យល់ គាត់បានលួចរត់ចេញពីផ្ទះមេខ្យល់ និងទៅលាក់ខ្លួននៅផ្ទះមិត្តភក្តិនៅរដ្ឋ Selangor។ ស្ថានទូតបានទទួលយកពលករ គង់ សុខុន មកស្នាក់នៅក្នុងស្ថានទូតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ និងបានចេញលិខិតធ្វើដំណើរ និងឧបត្ថម្ភថ្លៃបង់ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយអង្គការអន្តរជាតិទេសន្តប្រវេសន៍(IOM) បានឧបត្ថម្ភសំបុត្រយន្តហោះជូនពលករ តាមសំណូមពររបស់ស្ថានទូត។

ពលការិនី៣នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៩និង៥០នាទីព្រឹក តាមជើងយន្តហោះ MH754។ ចំណែកពលករ គង់ សុខុន បានមកដល់នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង០៩និង៥០នាទីព្រឹក តាមជើងយន្តហោះ AK754។ លោកបានលើកឡើងថា៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានសហការជាមួយនគរបាល ខេត្តឡាក់សឺន ជួយសង្គ្រោះនារីខ្មែរ២នាក់ ឈ្មោះ ព.ឡ.ល អាយុ២១ឆ្នាំ និងឈ្មោះ ល.ច អាយុ២៧ឆ្នាំ មកពីស្រុកឆ្លូង ខេត្តក្រចេះ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំយកទៅរៀបការនៅប្រទេសចិន។ នារីទាំងពីរនាក់ បានចេញដំណើរពីកម្ពុជានៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ទៅដល់ខេត្តឡាក់សឺន នៅថ្ងៃទី២៩ ខែតុលា ដោយមេខ្យល់រង់ចាំទទួលនៅចំណតរថយន្ត ហើយបម្រុងនាំឆ្លងដែនទៅប្រទេសចិន ប៉ុន្តែត្រូវបាននគរបាលខេត្តឡាក់សឺន ឃាត់ខ្លួនសួរនាំ។ ស្ថានទូតបានទទួលនារីទាំងពីរនាក់មកស្នាក់នៅបណ្តោះអាសន្ន ដើម្បីរៀបចំសំណុំបែបបទបញ្ជូនមកកម្ពុជាវិញ ហើយពួកគេបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៤និង១០នាទី។

website_news/2017081101.txt · Last modified: 2017/11/08 12:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki