website_news:2017081201

MOU មួយដើម្បីបង្កើនការការពារដល់ពលករខ្មែរនៅម៉ាឡេស៊ី ត្រូវបានផ្អឹបទុកសិន

http://www.postkhmer.com/ 8 December 2017 យន់ ស៊ីនាត and Daphne Chen

ភ្នំពេញៈ យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់ម៉ាឡេស៊ីបានឲ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នាដើម្បីបង្កើនការការពារដល់ពលករខ្មែរបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី គឺត្រូវបានផ្អឹបទុកសិន បន្ទាប់ពីរដ្ឋមន្ត្រីធនធានមនុស្សរបស់ម៉ាឡេស៊ី បានអះអាងថា លោកមិនបានដឹងអំពីកិច្ចព្រមព្រៀងនេះទេ។ អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយក្រសួងការងារកម្ពុជានិងសមាគមទីភ្នាក់ងារពលករបរទេសនៅម៉ាឡេស៊ីកាលពីសប្ដាហ៍មុន ដោយមានរួមបញ្ចូលទាំងការសន្យាផ្តល់ជូនពលករបម្រើការងារតាមផ្ទះជនជាតិខ្មែរនូវទូរសព្ទស្មាតហ្វូននិងមានធានារ៉ាប់រងសុខភាព ជាដើម រួមទាំងចំណុចផ្សេងៗជាច្រើនទៀត។

យោងតាមសារព័ត៌មានម៉ាឡេស៊ី The Sun Daily បានឱ្យដឹងថាសមាគមនេះកំពុងដាក់កិច្ចព្រមព្រៀងនេះផ្អិបទុកមួយឡែកសិន បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងធនធានមនុស្សរបស់ម៉ាឡេស៊ីលោក Richard Riot Jaem បានថ្លែងថា លោកមិនបានដឹងអំពីកិច្ចព្រមព្រៀងនោះទេ គឺចាំរហូតទាល់តែទទួលបានភ្លើងខៀវផ្លូវការពីរដ្ឋាភិបាលសិន។ កាលពីម្សិលមិញលោក Jeffrey Foo ប្រធានសមាគមទីភ្នាក់ងារពលករបរទេសបម្រើការងារតាមផ្ទះនៅម៉ាឡេស៊ីមិនបានឆ្លើយតបទៅនឹងសំណើជាច្រើនលើកច្រើនសារដើម្បីសុំអត្ថាធិប្បាយទេ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាកាលពីសប្តាហ៍មុននៅទីក្រុងគូឡាឡាំពួរ ជាមួយរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេ ដោយលោកបានហៅថាវាជា «បញ្ហាផ្ទៃក្នុងរបស់ប្រទេសដទៃ»។

លោក Adrian Pereira នាយកប្រតិបត្តិអង្គការក្រុមសិទិ្ធការងារម៉ាឡេស៊ី North-South Initiative បានថ្លែងថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះបានធ្វើតិចតួចណាស់ដើម្បីការពារដល់ពលករទាំងនោះពីព្រោះពួកគេមិនត្រូវបានចងក្រងឲ្យស្របច្បាប់នោះទេ។ លោក Pereira បញ្ជាក់ថា៖« អ្វីដែលប្រទេសម៉ាឡេស៊ីគួរតែមានគឺច្បាប់ដ៏ទូលំទូលាយមួយសម្រាប់ពលករបម្រើការងារតាមផ្ទះដែលការពារដល់ពលករទាំងអស់នោះគឺមិនមែនគ្រាន់តែសម្រាប់ប្រទេសជាក់លាក់ណាមួយនោះទេ»។ អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។

លោក អន ប៊ុនហាក់ ប្រធានសមាគមជ្រើសរើសពលករកម្ពុជា Top Manpower Co. Ltd បានថ្លែងថាលោកនៅតែសង្ឃឹមថា រដ្ឋាភិបាលម៉ាឡេស៊ីនឹងគាំទ្រដល់កិច្ចព្រមព្រៀងនេះ។ លោក ប៊ុនហាក់ ដែលបានចូលរួមក្នុងពិធីចុះហត្ថលេខានេះផងដែរនោះបានបញ្ជាក់ថា ភ្នាក់ងាររបស់លោកគ្រោងនឹងចាប់ផ្ដើមបញ្ជូនពលករបម្រើការងារតាមផ្ទះទៅធ្វើការនៅម៉ាឡេស៊ីនៅខែមីនាឆ្នាំក្រោយ៕ NS

website_news/2017081201.txt · Last modified: 2017/12/08 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki