website_news:2017081202

ពលករខ្មែរម្នាក់បាត់ ខ្លួនជាង1ម៉ោងត្រូវគេរកឃើញនៅកណ្ដាលសមុទ្រ

http://www.pheaktraprak.com December 8, 2017

ករណីបាត់ខ្លួនពលករខ្មែរធ្វើការនៅលើទូកនេសាទត្រីមួយគ្រឿងធ្វើឲ្យមានការផ្អើលឆោឡោដល់មន្ត្រីតម្រួតថៃនិងភ្នាក់ងារសង្គ្រោះក្នុងត្រាតប្រទេសថៃ។ ករណីនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី07 ខែធ្នូ ឆ្នាំ2017 បន្ទាប់ពីបុរសពលករខ្មែរម្នាក់ឈ្មោះលឿត ភេទប្រុសអាយុ 27ឆ្នាំ សញ្ជាតិខ្មែរ ជាកម្មករធ្វើការនៅលើទូកនេសាទត្រី ស្ថិតនៅក្នុងភូមិឡែមអួន ឃុំខ្លងយ៉ៃ ស្រុកឡែមងុប ខេត្តត្រាត ប្រទេសថៃ។

យោងតាមប្រភពពីបណ្ដាញសារព័ត៌មានថៃបានចុះផ្សាយឲ្យដឹងថា ករណីបាត់ខ្លួនពលករខ្មែរខាងលើបានកើតឡើងបន្ទាប់ពីពលកររូបនោះបានឡូតពីលើទូកចូលទឹកសមុទ្ររួចបាត់ខ្លួនឈឹង ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មិត្តភក្តិរួមការងារព្រមទាំងថៅកែទូក រហូតដល់សុំកម្លាំងភ្នាក់ងារសង្គ្រោះប្រចាំខេត្តត្រាតឲ្យជួយអន្តរាគមន៍មុជទឹកតាមស្វែងរករូបពលករខ្មែរខាងលើ ប្រតិបត្តិការមុជទឹកស្វែងរកបានប្រព្រឹត្តទៅអស់រយៈពេលជាង1ម៉ោងតែនៅរកមិនឃើញធ្វើអោយមិត្តភក្តិរួមការងារអស់សង្ឃឹម។

នៅវេលាបន្តមានទូកនេសាទត្រីមួយគ្រឿងដែលកំពុងធ្វើដំណើរចូលចតនៅកំពង់ផែបរិវេណនោះបានរាយការណ៍មកថាបានប្រឃើញពលករខ្មែរម្នាក់នៅកណ្តាលសមុទ្រមានចំងាយពីកន្លែងបាត់ខ្លួនប្រមាណជាង7គីឡូម៉ែត្រ ហើយត្រូវបានគេជួយសង្គ្រោះស្រង់មកគោកដោយសុវត្ថិភាព។ ពលករខ្មែររូបនោះត្រូវបានគេបញ្ជូនទៅធ្វើការសាកសួរនៅអធិការតម្រួតស្រុកឡែមងុប ដើម្បីសាកសួរពីមូលហេតុដែលឡោតពីលើទូក តាមការបកស្រាយរបស់ពលករខ្មែររូបនោះបានប្រាប់អោយដឹងថាដោយសារតែរូបគេនឹកផ្ទះខ្លាំងពេក រហូតដល់ទ្រាំលែងបានទើបសម្រេចចិត្តឡោតចូលក្នុងទឹកសមុទ្រដើម្បីហែលទឹកវិលត្រឡប់ទៅស្រុកកំណើតវិញ។

website_news/2017081202.txt · Last modified: 2017/12/08 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki