website_news:2017090501

ត្រឹមតែរយៈពេល1ខែសោះជាង1ម៉ឺននាក់

http://www/kohsantepheapdaily.html ៖ ពេជ្រ សុវណ្ណារ៉ា ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០១៧ ម៉ោង ១៦:០៦

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ពីតំបន់ជាយដែនកម្ពុជា-ថៃបានឲ្យដឹងថា យ៉ាងហោចណាស់មានចំនួនពលករខ្មែរចំណាកស្រុក ប្រុស-ស្រី ចាស់-ក្មេងលួចឆ្លងដែនទៅក្នុងទឹកដីថៃដោយខុសច្បាប់ហើយត្រូវអាជ្ញាធរមានសមត្ថកិច្ចភាគីថៃចាប់បញ្ជូនប្រគល់មកឲ្យកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល១ខែមានចំនួនជាង១ម៉ឺននាក់ផងដែរ ។

តាមប្រភពព័ត៌មានពីមន្ត្រីប្រចាំការឈរជើងចាំទទួលពលករខ្មែរចំណាកស្រុកលួចឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរនៃភាគីថៃចាប់បញ្ជូនប្រគល់មកឲ្យកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅចំណុចផ្សារមង្គល ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា នៅក្នុងរយៈពេល១ខែចាប់គិតពីថ្ងៃទី១រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នេះ សរុបមានចំនួន១៤.៤០៨នាក់ ក្នុងនោះមានស្រីចំនួន២.២១៧នាក់ និងកុមារចំនួន១.២២២នាក់ផងដែរ ចំណែករថយន្តទ្រុងដឹកជញ្ជូនរបស់សមត្ថកិច្ចថៃមានចំនួន៣០៥ជើង ។

តាមប្រភពបានបញ្ជាក់យ៉ាងច្បាស់ថា លុះរដូវបុណ្យប្រពៃណីជាតិបានបញ្ចប់រួចរាល់ហើយនោះគេសង្កេតឃើញពលករខ្មែរចំណាកស្រុកទាំងនោះបាននាំគ្នាសម្រុកមកកាន់តំបន់ជាយដែនកម្ពុជា-ថៃក្នុងគោលបំណងឆ្លងដែនទៅក្នុងទឹកដីថៃវិញទាំងស្របច្បាប់ និងមិនស្របច្បាប់ ដើម្បីស្វែងរកការងារធ្វើចិញ្ចឹមជីវភាពគ្រួសារ ៕

website_news/2017090501.txt · Last modified: 2017/08/24 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki