website_news:20170906002

បម្រាមបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅម៉ាឡេស៊ីត្រូវបានដកចេញ៦ខែមុន

http://www.cambodiadaily-khmer-news.html ហ្សមប៊រ ភីធឺរ៍ និង ផាន់ ស៊ូមី ថ្ងៃទី 8 ខែមិថុនា ឆ្នាំ2017

រដ្ឋាភិបាលបានដកចេញបម្រាមឆ្នាំ២០១១ លើការបញ្ជូនស្ត្រីជំនួយការមេផ្ទះទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីខែមករា នេះបើយោងតាមសារាចរដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាកាលពីចុងឆ្នាំមុន ដោយផ្ទុយនឹងការបដិសេធរាប់ខែមកនេះរបស់រដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រីបានដាក់ចេញបម្រាមនេះ ស្របពេលមានសេចក្តីរាយការណ៍កាន់តែច្រើនឡើងៗថា ស្ត្រីជំនួយការមេផ្ទះត្រូវបានរំលោភបំពានទាំងផ្នែករាងកាយ និងហិរញ្ញវត្ថុដោយទីភ្នាក់ងារជ្រើសរើសពលករក្នុងស្រុកដែលបញ្ជូនពួកគេទៅក្រៅប្រទេស និងម្ចាស់ផ្ទះដែលពួកគេធ្វើការឲ្យ។ កម្ពុជា និងម៉ាឡេស៊ីបានព្រមព្រៀងជាគោលការណ៍ដកចេញបម្រាមនេះកាលពីចុងឆ្នាំ២០១៥ ប៉ុន្តែថា ប្រទេសទាំងពីរត្រូវការធ្វើផែនការថ្មីឲ្យបានលម្អិតអមដោយវិធានការម៉ឺងម៉ាត់ដើម្បីរក្សាសុវត្ថិភាពជូនស្ត្រីទាំងនោះ។

ទោះបីជាប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ក្នុងឆ្នាំនេះថា ទីបំផុតបម្រាមនេះត្រូវបានដកចេញក៏ដោយ តែលោក ហេងសួគ៌ អ្នកនាំពាក្យក្រសួងការងារបានលើកឡើងដដែលៗថា បម្រាមនេះនៅមិនទាន់ដកចេញនៅឡើយទេ។ ទើបតែខែមុនប៉ុណ្ណោះ លោកបានលើកឡើងថា “យើងជិតឈានដល់ដំណើរចុងក្រោយដើម្បីបើកទីផ្សារនេះឡើងវិញហើយ”។

ទោះជាយ៉ាងណា យោងតាមសារាចរចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពី ថ្ងៃទី ២៩ ខែ ធ្នូ និងទទួលបានកាលពីម្សិលមិញដោយកាសែត ខេមបូឌា ដេលី នោះបានឲ្យដឹងថា ទីផ្សារនេះបានបើកឡើងវិញជាផ្លូវការតាំងពីដើមឆ្នាំមកម្ល៉េះ។ សារាចរស្តីពីការបើកឲ្យដំណើរការជ្រើស រើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី មានខ្លឹមសារដូច្នេះថា “រាជរដ្ឋាភិបាលសូមជូនដំណឹងដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងទីភ្នាក់ងារជ្រើសរើសពលករឯកជនឲ្យបានជ្រាបថា ការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទាំងពីរភេទរួមទាំងពលករទូទៅ និងពលករការងារផ្ទះទៅធ្វើការនៅប្រទេសម៉ាឡេស៊ីត្រូវបានរាជរដ្ឋាភិបាលបើកឲ្យដំណើរការចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ២០១៧ តទៅ”។

លោក ហេង សួគ៌ មិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយទេកាលពីម្សិលមិញ។ទាំងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក សេង សក្កដា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារនៅក្រសួងនេះសុទ្ធតែមិនអាចទាក់ទងបាន។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា លោកអត់ដឹងអំពីសារាចរចុះកាលបរិច្ឆេទថ្ងៃទី ២៩ ខែ ធ្នូ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ហើយបានបង្វែរសំណួរទាំងអស់ទាក់ទិននឹងបម្រាមនេះ ទៅលោក ហេង សួគ៌ ។

ក្រសួងការងារនៅមិនទាន់ចេញសេចក្តីលម្អិតណាមួយ អំពីផែនការថ្មីនេះដែលខ្លួនកំពុងធ្វើការជាមួយប្រទេសម៉ាឡេស៊ីដើម្បីរក្សាសុវត្ថិភាពជូនស្ត្រីជំនួយការមេផ្ទះកម្ពុជានៅឡើយទេ។ អង្គការសិទ្ធិមនុស្សនៅកម្ពុជាសុទ្ធតែមិនជឿថា រដ្ឋាភិបាលមានសមត្ថភាពធ្វើកំណែទម្រង់លើវិស័យនេះឡើយ ដោយសារ ទីភ្នាក់ងារជ្រើសរើសពលករមួយចំនួនមានទំនាក់ទំនងគ្រួសារជាមួយមន្ត្រីជាន់ខ្ពស់។

លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់) បានលើកឡើងថា ការដែលរដ្ឋាភិបាលមិនបានផ្សព្វផ្សាយសារាចររបស់លោកនាយករដ្ឋមន្ត្រីជាសាធារណៈ គឺជាសញ្ញាមួយផ្សេងទៀតបង្ហាញអំពីកង្វះតម្លាភាពទាក់ទិននឹងការដកចេញបម្រាមនេះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថា កម្ពុជាមិនទាន់ត្រៀមខ្លួនសម្រាប់បញ្ហានេះនៅឡើយទេ ព្រោះខ្ញុំមិនទាន់បានឃើញរដ្ឋាភិបាលខិតខំធ្វើការដើម្បីធ្វើឲ្យការការពារពលកររបស់ខ្លួនមានភាពប្រសើរឡើងឡើយ”។

លោក Joseph Arnhold អ្នកនាំពាក្យអង្គការ សម្ព័ន្ធចាប់ដៃ ជាអង្គការមិនមែនរដ្ឋាភិបាលដែលប្រយុទ្ធប្រឆាំងការជួញដូរមនុស្សបានលើកឡើងថា អង្គការរបស់លោកមានការព្រួយបារម្ភអំពីកិច្ចខិតខំប្រឹងប្រែងក្នុងពេលថ្មីៗរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចុះកិច្ចព្រមព្រៀងថ្មីស្តីពីពលករចំណាកស្រុកជាមួយប្រទេសមួយចំនួន រួមទាំងម៉ាឡេស៊ីផង។ លោកបានថ្លែងថា ” ការបញ្ជូនពលករទៅបរទេសនៅថ្ងៃអនាគតនេះ អាចជួបបញ្ហាដូចកន្លងមកដែរ ព្រោះកន្លងមកកម្ពុជាមិនទាន់មានកំណត់ត្រាល្អខ្លាំងលើការការពារពលករខ្មែ រពេលពួកគេស្វែងរកការងារនៅបរទេសទេ ហើយក៏មិនទាន់មានការកែលម្អច្រើនពីរដ្ឋាភិបាលលើការការពារសិទ្ធិរបស់ពលករខ្មែរនៅម៉ាឡេស៊ីដែរ”។ លោកបានបានបន្ថែមថា “យើងចង់ឃើញរដ្ឋាភិបាលដោះស្រាយកង្វល់ទាំងនេះ ហើយធានាថាមានការការពារសុវត្ថិភាពត្រឹមត្រូវ និងមានការអនុវត្តតាមកិច្ចព្រមព្រៀង”។

លោក ពិន វីរៈ នាយកប្រតិបត្តិសមាគមទីភ្នាក់ងារជ្រើសរើសកម្មករកម្ពុជាបានលើកឡើងថា លោកទទួលបានសារាចរនេះហើយ ប៉ុន្តែ មិនទាន់ទទួលបានផែនការថ្មីនៅឡើយទេ។ លោកបានលើកឡើងទៀតថា សមាជិកនៃសមាគមនេះនៅមិនទាន់បានបញ្ជូនស្ត្រីជំនួយការមេផ្ទះណាម្នាក់ទៅប្រទេសម៉ាឡេស៊ីទេចាប់តាំងពីខែមករាមក ហើយថា ពួកគេកំពុងព្រាងលិខិតដើម្បីស្នើសុំសេចក្តីលម្អិតពីក្រសួងអំពីនីតិវិធីថ្មីនេះ។ ទើបតែសប្តាហ៍មុនប៉ុណ្ណោះ ដែលក្រសួងការងារបានចេញបញ្ជីដែលធ្វើបច្ចុប្បន្នភាពរួចស្តីអំពីទីភ្នាក់ងារជ្រើសរើសពលករចំនួន៧៧ដែលទទួលបានអាជ្ញាប័ណ្ណបញ្ជូនពលករខ្មែរទៅកាន់ប្រទេសចំនួន៣រួមទាំងប្រទេសម៉ាឡេស៊ីផង។

នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃអង្គារលោក សុខ ចាន់ភក្តី ម្ចាស់ទីភ្នាក់ងារជ្រើសរើសពលករ Philimore Cambodia បានលើកឡើងថា ថ្មីៗនេះ ក្រសួងបានជូនដំណឹងដល់ទីភ្នាក់ងារដែលចាប់អារម្មណ៍ឲ្យដាក់ពាក្យសុំរបស់ខ្លួន។ លោកបានលើកឡើងទៀតថា ទីភ្នាក់ងាររបស់លោកកំពុងស្ថិតក្នុងដំណើរការធ្វើដូច្នេះហើយ។ លោក សុខ ចាន់ភក្តី បានលើកឡើងបន្តទៀតថា ក្រសួងការបរទេស និងក្រសួងមហាផ្ទៃក៏ពាក់ព័ន្ធដែរ។ ក្រសួងការបរទេសជាអ្នកជូនដំណឹងអំពីការបរិច្ឆេទដែលពលករចាកចេញពីកម្ពុជា រីឯក្រសួងមហាផ្ទៃជាអ្នកចេញលិខិតឆ្លងដែនឲ្យពួកគេ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងបានទេ ហើយមិនបានឆ្លើយតបនឹងសំណើសុំការធ្វើអត្ថាធិប្បាយឡើយ។

ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា លោកអត់ដឹងទេថា តើមានពលករខ្មែរណាម្នាក់បានចាកចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីធ្វើការជាជំនួយការមេផ្ទះចាប់តាំងពីខែមករាមកឬក៏អត់នោះ ព្រោះក្រសួងមិនបានតាមដានពីមូលហេតុដែលប្រជាពលរដ្ឋដាក់ពាក្យសុំលិខិតឆ្លងដែនឡើយ។

ទោះបីជាមានបម្រាមនេះក៏ដោយ តែនៅតែមានស្ត្រីក្នុងចំនួនដែលគេមិនដឹងច្បាស់បានបន្តធ្វើដំណើទៅប្រទេសម៉ាឡេស៊ីដើម្បីធ្វើការងារជាជំនួយការមេផ្ទះ ដោយជារឿយៗបានត្រឡប់មកវិញជាមួយនឹងរឿងរ៉ាវរងការរំលោភបំពាន។ កាលពីចុងខែ ធ្នូ រង្វង់ពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកចេញបម្រាមនោះ រដ្ឋាភិបាលបានបញ្ជូនស្ត្រីជំនួយការមេផ្ទះកម្ពុជាម្នាក់ដែលនិយាយថា នាងត្រូវថៅកែរំលោភ ពីប្រទេសម៉ាឡេស៊ីមកវិញ។ នៅដើមឆ្នាំនោះ ស្ត្រីពីរនាក់ដែលក្នុងពេលថ្មីបានត្រឡប់ពីធ្វើការងារជាជំនួយការមេផ្ទះនៅក្នុងប្រទេស ម៉ាឡេស៊ី បានលើកឡើងថា ពួកគាត់បានឃើញស្ត្រីផ្សេងៗមួយចំនួនរងការវាយដំជាប្រចាំពីសំណាក់សន្តិសុខនៅមណ្ឌលឃុំឃាំងដែលស្ត្រីទាំងនេះត្រូវបានបញ្ជូនទៅបន្ទាប់ពីគេចពីថៅកែរបស់ខ្លួន។ ស្ត្រីទាំង ២ នាក់នេះបានលើកឡើងទៀតថា មានស្ត្រីខ្លះបានស្លាប់ ប៉ុន្តែរដ្ឋាភិបាលម៉ាឡេស៊ីបានលើកឡើងបន្ទាប់ពីធ្វើការសើុបអង្កេតថា ខ្លួនរកឃើញថា មានស្ត្រីតែម្នាក់ប៉ុណ្ណោះបានបាត់បង់ជីវិត ហើយបាននិយាយថា ការបាត់បង់ជីវិតនេះគឺ ដោយសារតែជំងឺដែលគេមិនបញ្ជាក់ឲ្យដឹង៕ ស៊ុយឈាង

website_news/20170906002.txt · Last modified: 2017/06/09 11:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki