website_news:2017090801

ជនបរទេស ៩ នាក់ដាក់ពាក្យសុំកូនកើតពីការពពោះជំនួស

http://www.phnompenh-post-news.html Wed, 9 August 2017 គង់ មេត្ដា

ភ្នំពេញៈ សាលាដំបូងរាជធានីបានទទួលពាក្យសុំកូនដែលកើតដោយសារការជួលស្ត្រីខ្មែរឲ្យពពោះជំនួសចំនួន ៩ ករណីពីឪពុកម្តាយជាជនបរទេសដើម្បីសុំយកកូនចេញទៅចិញ្ចឹមបីបាច់នៅប្រទេសរបស់ពួកគេ។

លោក សួស វិទ្យារ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីបានឲ្យដឹងកាលពីម្សិលមិញថាគិតចាប់តាំងពីខែមករា ឆ្នាំ ២០១៧ រហូតមកដល់ខែកក្កដា សាលាដំបូងរាជធានីបានទទួលពាក្យឯកសារសរុបចំនួន ៩ ករណី ហើយពាក្យសុំនេះនឹងផ្ញើទៅចៅក្រមជាអ្នកសម្រេច «ថាតើត្រូវដោះស្រាយរបៀបម៉េច?»។

ក្រសួងមហាផ្ទៃដែលមានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ចេញនីតិវិធីតម្រូវឲ្យអនុវត្តបានត្រឹមតែខែមករាឆ្នាំ ២០១៨ តែប៉ុណ្ណោះដែលនេះគឺជាការសម្រួលឲ្យឪពុកជាជនបរទេសអាចនាំទារកចេញទៅចិញ្ចឹមនៅប្រទេសរបស់ខ្លួនចៀសវាងការនាំចេញក្នុងគោលដៅខុសច្បាប់។ តាមគោលការណ៍នេះគឺ «ដើម្បីដោះស្រាយបាតុភាពនៃការពពោះជំនួស» ក្នុងថ្ងៃដែលចេញសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលចេញខែមីនាលើករណីពពោះជំនួសរហូតដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៨ ដែលបែបបទនេះបានតម្រូវឲ្យជនបរទេសជាឪពុកដាក់ពាក្យស្នើសុំតាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជា ដែលឯកសារទាំងនោះមានពាក្យស្នើសុំលិខិតបញ្ជាក់លំនៅឋានរបាយការណ៍សង្ខេបគ្រួសារលិខិតថ្កោលទោស លិខិតបញ្ជាក់ស្ថានភាពហិរញ្ញវត្ថុ កិច្ចសន្យាអ្នកស្នើសុំស្តីពីការវិវឌ្ឍរបស់កុមារក្រោមការទទួលខុសត្រូវរបស់ខ្លួនរហូតដល់អាយុ ១៨ ឆ្នាំ។

បើតាមក្រសួងមហាផ្ទៃអាជីវកម្មស៊ីឈ្នួលពពោះជំនួសគឺជាសកម្មភាពខុសច្បាប់ ប៉ុន្តែការអនុវត្តនេះនៅតែស្ថិតក្នុងចន្លោះប្រហោងនៃច្បាប់ ខណៈកម្ពុជាមិនទាន់មានច្បាប់ស្តីពីការស៊ីឈ្នួលពពោះជំនួសនៅឡើយ៕

website_news/2017090801.txt · Last modified: 2017/09/06 13:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki