website_news:2017090804

ថៃទុកពេលមួយខែដល់ពលករកម្ពុជាដែលធ្វើការខុសច្បាប់ដើម្បីបំពេញបែបបទឱ្យស្របច្បាប់វិញ

http://www.rasmei-kampuchea-news.html August 9, 2017

(ភ្នំពេញ)៖ក្រសួងការងាររបស់ប្រទេសថៃបានធ្វើការអំពាវនាវជាថ្មីដោយទុករយៈពេល១ខែដល់ពលករកម្ពុជាដែលកំពុងបំពេញការងារខុសច្បាប់នៅប្រទេសរបស់ខ្លួនដើម្បីបំពេញបែបបទឱ្យត្រូវច្បាប់ពីក្រសួងការងារថៃ ចាប់ពីថ្ងៃទី៨ខែសីហាដល់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៧ខាងមុខ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងធ្វើការងារនៅប្រទេសថៃបានបញ្ជាក់ឱ្យដឹងថាតាមការស្រង់ទិន្នន័យចំនួនពលរដ្ឋបរទេស ដែលកំពុងធ្វើការនៅ ក្នុងប្រទេសថៃបច្ចុប្បន្នមានសរុប៦៩៤.៦២៩នាក់ ក្នុងនោះពលករកម្ពុជា មានចំនួន២០៣.៧៣២នាក់ ដែលទាបជាងការប៉ាន់ប្រមាណពីភាគីថៃកាលពីខែកញ្ញាឆ្នាំ២០១៦ កន្លងទៅ ដែលមានរហូតទៅដល់ជាង៣០ម៉ឺននាក់។ ក្រៅពីប្រទេសកម្ពុជាក៏មានពលករមីយ៉ាន់ម៉ាចំនួន៤០២.៥៤២នាក់ និងឡាវចំនួន៨៨.៣៦៥នាក់ ជារួមតួលេខនេះ តិចជាងការរំពឹង ទុករបស់ ក្រសួងការងារថៃ។

សេចក្តីប្រកាសខាងលើបញ្ជាក់បន្ថែមថា ដើម្បីឱ្យមានភាពស្របច្បាប់ដល់ពលករកម្ពុជាដែលកន្លងមកមិនទាន់បានបង្ហាញខ្លួនក្នុងការបំពេញបែបបទឱ្យស្របច្បាប់ នោះក្រសួងការងារថៃ បានអំពាវនាវដល់ពលករកម្ពុជាត្រូវ ទៅបង្ហាញខ្លួន ចាប់ពីថ្ងៃទី៨ខែសីហា ដល់ថ្ងៃទី៩ខែកញ្ញា នៅការិយាល័យ ទាំង៩៧កន្លែងនៅទូទាំងប្រទេសថៃ។ក្រៅពីនេះសេចក្តីប្រកាសខាងលើក៏បានបញ្ចាក់ដែរថាក្នុងចន្លោះថ្ងៃទី២៤ កក្កដា រហូតដល់ថ្ងៃ៧ សីហាឆ្នាំ២០១៧ កន្លងមកក្រសួងការងារថៃ បានទទួល លិខិតស្វ័យប្រកាសពីនិយោជក(ថៅកែ)ថៃពីពលករខុសច្បាប់សរុប ១៩៥.៦២៧ និយោជកផងដែរ។

គួរបញ្ជាក់ថាបើតាមលោករដ្ឋមន្ត្រីក្រសួងការងារបានឱ្យដឹងកន្លងមកថាក្នុងការធ្វើជំរឿនចុងក្រោយរបស់ប្រទេសថៃគេរកឃើញថាពលករកម្ពុជាទាំងស្របច្បាប់និងមិនស្របច្បាប់ដែលកំពុងបំពេញការងារនៅប្រទេសថៃបច្ចុប្បន្នសរុបមានចំនួន១.០៥០.០០០នាក់ហើយក្នុងចំណោមនេះពលករកម្ពុជាដែលធ្វើការងារស្របច្បាប់មានចំនួន៧៥ម៉ឺននាក់ហើយនិងមិនស្របច្បាប់ជាង៣សែននាក់។ក្នុងចំណោមនេះដែរកម្មករនេសាទកម្ពុជាដែលកំពុងធ្វើការងារនៅប្រទេសថៃមានចំនួន៤៧.០០០នាក់ដោយក្នុងនេះក្រសួងនឹងរៀបចំឱ្យពួកគេមានលិខិតឆ្លងដែនមុនគេពីព្រោះថាក្រសួងការងារប្រទេសថៃក៏បានសំណួមពរក្នុងរឿងនេះដែរ។ក្រសួងនឹងចាប់ផ្តើមធ្វើដំបូងពីខេត្តរ៉ាក់យ៉ងនិងស៊ុងក្លានៅប្រទេសថៃមុនគេ។

ដោយឡែក លោកហេងសួរអ្នកនាំពាក្យក្រសួងការងារបានឱ្យដឹងដែរថានាកន្លងមករាជរដ្ឋាភិបាលបានចេញលិខិតឱ្យពលករទៅធ្វើការស្របច្បាប់នៅក្រៅប្រទេសមានពីរប្រភេទគឺទីមួយលិខិតធ្វើដំណើរមានតម្លៃត្រឹម៤ដុល្លារទេនិងទី២លិខិតឆ្លងដែនមានតម្លៃ១០៤ដុល្លារ។លិខិតទាំងពីរនេះមានសុពលភាពដូចគ្នា។ការធ្វើលិខិតធ្វើដំណើរជូនដល់ពលករនេះដែរដោយសារចង់ជួយសម្រួលដល់ពលករចំណាយតិចហើយវាអាចប្រើដូចគ្នានឹងលិខិតឆ្លងដែនដែរ៕ដោយៈដេប៉ូ/sn

website_news/2017090804.txt · Last modified: 2017/09/06 13:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki