website_news:2017090810

រដ្ឋមន្រ្តី អ៉ិត សំហេង៖ គម្រោងអភិវឌ្ឍនានាដែលកម្ពុជាអនុវត្តជាមួយស៊ុយអែត បានអនុគ្រោះដល់លក្ខខណ្ឌពាណិជ្ជកម្ម សិទ្ធិពលករ និងបង្កើនការនាំចេញ

http://freshnewsasia.com/index.php/en/ 2017-08-08

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា រាល់គម្រោងអភិវឌ្ឍលក្ខខណ្ឌការងារនានា ដូចជា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC), គំនិតផ្តួចផ្តើមសាកល (Global Deal Initiative) ដែលកម្ពុជាបាននិងកំពុងអនុវត្តជាមួយប្រទេសស៊ុយអែត គឺពិតជាបានអនុគ្រោះដល់លក្ខខណ្ឌពាណិជ្ជកម្ម សិទ្ធិមនុស្ស និងបង្កើនការនាំចេញទៀតផង។ លោករដ្ឋមន្រ្តីថ្លែងបែបនេះ ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីយ៉ា សឺហ្គ្រេន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា ស្តីពីបច្ចុប្បន្នភាពការងារនៃគំនិតផ្តួចផ្តើមសាកល នៅទីស្តីការក្រសួងការងារ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។ លោករដ្ឋមន្រ្តីបានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាមានគម្រោង និងកិច្ចសហប្រតិបត្តិការជាច្រើន ដូចជាគម្រោង BFC, GIZ, រួមទាំងគម្រោង Global Deal Initiative ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមក ដែលជំរុញឱ្យមានលក្ខខណ្ឌការងារល្អនិងការពិភាក្សាសង្គមព្រមទាំងអនុគ្រោះដល់លក្ខខណ្ឌពាណិជ្ជកម្ម សិទ្ធិពលករ និងបង្កើនការនាំចេញ»។

លោកបន្តថា កម្ពុជាត្រូវបានវាយតម្លៃលក្ខខណ្ឌការងារក្រោមគម្រោងរបស់ស៊ុយអែត នៅតាមរោចក្ររបស់ខ្លួនប្រមាណ៥០រោងចក្រ ដែលសុទ្ធតែជារោងចក្រដែលផលិតម៉ាកល្បីៗ នៅក្នុងទីផ្សារអន្តរជាតិ។ លោកបានគាំទ្រយ៉ាងពេញទំហឹងចំពោះការវាយតម្លៃនេះ ដែលវាមានភាពស្របគ្នាទៅនឹងគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិអភិវឌ្ឍវិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈ ឆ្នា២០១៧-២០២៥ ហើយថ្មីៗនេះ រាជរដ្ឋាភិបាលទើបតែអនុម័តអនុក្រឹត ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីសាធារណៈ និងអតីតយុទ្ធជន ដែលគោលនយោបាយទាំងនេះ សុទ្ធសឹងតែជាការលើកកម្ពស់ និងអភិវឌ្ឍលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យកាន់តែប្រសើរឡើង។

លោកស្រី ម៉ារីយ៉ា បានលើកឡើងថា ការរក្សានិរន្តរភាពនៃគម្រោងពិតជាមានសារសំខាន់ ហើយគួរពិនិត្យមើលកិច្ចការងារលើគ្រប់កម្រិត ពិសេសការពង្រឹងភាពជាម្ចាស់នៃគម្រោង Global Deal ដែលគួរតែមានការគាំទ្រ និងចូលរួមពីភាគីដែលពាក់ព័ន្ធ ដូចជា ផ្នែកឯកជន សហជីព និងវិស័យផ្សេងៗទៀត។ លោកស្រីបានអញ្ជើញលោក អ៉ិត សំហេង ចូលរួមនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ នៅទីក្រុងញូវយ៉ក ព្រមទាំងកិច្ចសន្ទនាសិទ្ធិមនុស្សលើប្រធានបទ ស្តីពីសិទ្ធិកម្មករ និងគម្រោង Global Deal នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅប្រទេសកម្ពុជាផងដែរ។ លោកស្រីបានបញ្ជាក់ថា ស្ថានទូតត្រៀមបង្កើតឱ្យមានលេខាធិការដ្ឋានក្នុងស្រុក ទទួលបន្ទុក Global Deal ដែលមានតួនាទីសម្របសម្រួលកិច្ចការងាររបស់គម្រោង ហើយលោកស្រីក៏បានស្នើលោករដ្ឋមន្រ្តី ធ្វើជាទីប្រឹក្សាកិត្តយសសម្រាប់ក្រុមប្រឹក្សាអន្តរជាតិ លើវិស័យការងារផងដែរ៕

website_news/2017090810.txt · Last modified: 2017/09/06 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki