website_news:2017091002

ពលករខ្មែរជាង៥០០នាក់ស្លាប់នៅដីថៃក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ

http://www.rfa.org/khmer/news/.html ដោយ អាស៊ីសេរី 2017-10-05

ពលករខ្មែរដែលធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅប្រទេសថៃ ត្រូវប្រថុយប្រថានគ្រោះថ្នាក់ ជារៀងរាល់ថ្ងៃ។ អ្នកខ្លះរងគ្រោះរហូតដល់បាត់បង់ជីវិតថែមទៀតផង។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មានសពកម្មករខ្មែររាប់រយនាក់ ត្រូវបានសមត្ថកិច្ចថៃបញ្ជូនមកខ្មែរវិញ។

មន្ត្រីក្រសួងមហាផ្ទៃ ប្រាប់អាស៊ីសេរី នៅថ្ងៃទី៥ ខែតុលានេះ ថាគិតមកត្រឹមថ្ងៃនេះ ពោលគឺក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មានសាកសពពលករខ្មែរ មិនតិចជាង ៥០០នាក់ទេ ដែលអាជ្ញាធរថៃ បានបញ្ជូនមកដល់កម្ពុជា។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់ថា ក្នុងចំណោមពលករខ្មែរទាំងជាង ៥០០នាក់នេះ អ្នកខ្លះស្លាប់ដោយសារការបាញ់បង្ក្រាបពីទាហានថៃ ដោយសារពួកគាត់ឆ្លងដែន ដោយខុសច្បាប់។ អ្នកខ្លះទៀតស្លាប់ដោយសារត្រូវគ្រាប់មីន នៅក្នុងព្រៃ។ អ្នកខ្លះទៀត ស្លាប់ដោយគ្រោះថ្នាក់ចរាចរ ពេលខំប្រឹងរត់គេច ពីការដេញដេញប៉ផាប់ចាប់ពភីង ពីសំណាក់សមត្ថកិច្ចថៃ។ អ្នកខ្លះទៀត បាត់បង់ជីវិតដោយគ្រោះថ្នាក់ក្នុងការងារ ដូចជាការធ្លាក់ពីលើអគារ ការប្រើប្រាស់ឧបករណ៍ខុសបច្ចេកទេស និងលង់ទឹកស្លាប់ ពេលទូកនេសាទបុកគ្នា និងការឈ្លោះទាស់ទែងគ្នា កាប់ចាក់គ្នារវាងពលករខ្មែរគ្នាឯង ឬជាមួយកម្មករថៃ ឬឈ្លោះគ្នាជាមួយកម្មករភូមាជាដើម៖ «ក្នុងចំណោមពលករចំណាកស្រុកទាំងអស់ មិនមែនសុទ្ធតែនាំលាភសំណាង មកស្រុកវិញនោះទេ អ្នកខ្លះស្លាប់»។

ដោយសារបញ្ហាជីវភាព តម្លៃពលកម្មទាបនៅកម្ពុជា បើប្រៀបធៀបទៅនឹងតម្លៃពលកម្មនៅប្រទេសថៃ និងភាពខ្វះការងារដែលមានប្រាក់កម្រៃសមរម្យ មានពលរដ្ឋខ្មែរ ជាងមួយលាននាក់ បានឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃទាំងស្របច្បាប់ និងខុសច្បាប់។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ពលករខ្មែរដែលធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅប្រទេសថៃ ទាំងខុសច្បាប់ និងស្របច្បាប់ មានចំនួន ១លាន ៥ម៉ឺននាក់ ក្នុងចំណោមពលករទាំងនោះ មានពលករជាង ៧០ម៉ឺននាក់ ជាពលករស្របច្បាប់ ខណៈដែលជាង ៣០ម៉ឺននាក់ទៀតជាពលករខុសច្បាប់។

ស្របពេលដែលក្រសួងការងារ ទើបតែប្រកាសកំណត់យកប្រាក់ខែអប្បបរមា ១៧០ ដុល្លារ សម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដែរ និងស្បែកជើង ប្រាក់ប៉ុណ្ណេះនៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបទៅនឹងការចំណាយ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ចំពោះគ្រូបង្រៀនវិញ ពួកគាត់កំពុងទាមទារឲ្យដំឡើងប្រាក់ខែពួកគាត់ ឲ្យបានយ៉ាងតិច ៥០០ ដុល្លារ ទើបអាចដោះស្រាយជីវភាពប្រចាំថ្ងៃបាន៕

website_news/2017091002.txt · Last modified: 2017/10/09 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki